Thursday, June 26, 2025
Homeព័ត៌មានជាតិស្នេហាតាមហ្វេសប៊ុក ណាត់ជួបមុខអូន ចាប់រំលោភរួច ឲ្យមិត្ត៣នាក់រំលោភបូក

ស្នេហាតាមហ្វេសប៊ុក ណាត់ជួបមុខអូន ចាប់រំលោភរួច ឲ្យមិត្ត៣នាក់រំលោភបូក

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានទាក់ទងស្គាល់យុវជនម្នាក់ តាមហ្វេសប៊ុក លុះឆាតសាសងគ្នាចុះឡើង ក៏កើតជាសេចក្តីស្នេហា ទទួលយកគ្នាជាសង្សារ ទាំងដែលមិនធ្លាប់ជួបមុខគ្នាសោះ។ លុះក្រោយមក ប្រុសស្នេហ៍កំហូច បានណាត់ក្មេងស្រីជាសង្សារ ទៅជួបនៅមុខ បន្ទប់ជួលរបស់ខ្លួន បន្ទាប់មកក៏អូសដៃចូលបន្ទប់ ចាប់រំលោភរហូតដល់បានសម្រេច។ បន្ទាប់ពីរំលោភសង្សាររួច ជនសង្ស័យនេះ ថែមទាំងចិត្តល្អ បើកដៃឱ្យមិត្តភក្តិរបស់ខ្លួន ៣នាក់ទៀត ចាប់រំលោភបូកលើក្មេងស្រីរងគ្រោះ បានសម្រេចម្តងម្នាក់ៗទៀត សរុបបួននាក់។ ទីបំផុតក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ បាន៣នាក់ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីរំលោភបូក ប្រុស៤ ស្រី១នេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្នុងចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតនៅទល់មុខស្ថានីយទឹកស្អាត ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ លុះមកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រោយពីក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង សមត្ថកិច្ចបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ខណៈដែលម្នាក់ទៀត កំពុងរត់គេចខ្លួន។

ជនសង្ស័យទាំង៤នាក់ រួមមាន ៖ ទី១-ឈ្មោះហឿម សុជា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករទឹកកក ត្រូវជាសង្សាររបស់ក្មេងស្រីរងគ្រោះ (ចាប់ខ្លួន)។ ទី២-ឈ្មោះហួត ភិល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអ្នកបើកឡានដឹកទឹកកក (ចាប់ខ្លួន)។ ទី៣-ឈ្មោះជុំ សាធា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរអ្នកបើកបរឡានដឹកទឹកកក (ចាប់ខ្លួន) និងទី៤-ឈ្មោះម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករទឹកកក (កំពុងគេចខ្លួន)។ ជនសង្ស័យទាំង៤នាក់ ខាងលើ ធ្វើការ និងស្នាក់នៅជាមួយគ្នា ក្នុងបន្ទប់ជួល ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ រ.ស.វ អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យទាំង៤នាក់ខាងលើ ថាបានចាប់រំលោភបូកលើរូបនាង រហូតដល់បានសម្រេចម្តងម្នាក់ៗ នៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ។

លោកអធិការ បន្តថា តាមសម្តីរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាបថា ដំបូងឡើយ នាងបានស្គាល់មិត្តប្រុសម្នាក់ ឈ្មោះហឿម សុជា តាមហ្វេសប៊ុក។ លុះក្រោយមក ពួកគេបានឆាតទាក់ទងគ្នា រហូតដល់កើតជាសេចក្តីស្នេហា យកគ្នាធ្វើជាសង្សារ ប៉ុន្តែមិនធ្លាប់បានជួបមុខគ្នាផ្ទាល់នៅឡើយ។ បន្ទាប់មក នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យ ឈ្មោះហឿម សុជា បានណាត់ឱ្យនាងទៅជួបនៅបន្ទប់ជួលរបស់គេ ទាំងយប់ លុះពេលនាងទៅដល់ ជួបមុខគ្នា ស្រាប់តែជនសង្ស័យជាសង្សាររបស់នាង បានចាប់អូសដៃនាងចូលទៅក្នុងបន្ទប់ បិទទ្វារ ហើយចាប់សម្រាតខោអាវនាងចេញអស់ បន្ទាប់មក ក៏រំលោភសេពសន្ថវ:លើនាង រហូតដល់បានសម្រេចតែម្តង។

ក្មេងស្រីរងគ្រោះ បន្តថា លុះក្រោយពេលចាប់រំលោភនាងរួចហើយ ជនសង្ស័យឈ្មោះហឿម សុជា បានដើរចេញពីបន្ទប់ ដោយបើកដៃឱ្យមិត្តភក្តិប្រុសរបស់គេ ចំនួន៣នាក់ទៀត ចូលមកចាប់រំលោភនាងម្តងម្នាក់ រហូតបានសម្រេចទាំង៣នាក់ទៀត ទើបដឹកនាងត្រឡប់មកផ្ទះវិញ។ លុះព្រឹកឡើង នាងក៏បានប្រាប់រឿងរ៉ាវឱ្យឪពុកម្តាយបានដឹង និងទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតដល់ចាប់ខ្លួនក្រុមជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់តែម្តង។

លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរអំបិល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យ ៣នាក់ ក្នុងចំណោម ៤នាក់ ដែលធ្វើសកម្មភាព រំលោភសេពសន្ថវៈ (រំលោភបូក) លើក្មេងស្រីរងគ្រោះ រួចបាននាំខ្លួនក្រុមជនសង្ស័យ ទៅធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពដូចៗគ្នាថា ពួកគេពិតជាបានចាប់រំលោភបូកលើក្មេងស្រីរងគ្រោះ រហូតបានសម្រេចគ្រប់គ្នា (៤នាក់) ប្រាកដមែន ហើយពេលនេះ បក្ខពួករបស់គេម្នាក់ទៀត ឈ្មោះម៉ៅ កំពុងរត់គេចខ្លួន។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដើម្បីចាត់ការតាមច្បាប់។ ចំណែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់ ឱ្យខាងតែបាន៕

RELATED ARTICLES