ភ្នំពេញ ៖ បុរសជាអតីតតៃកុងឡាននិងអង្គរក្សអភិបាលខណ្ឌ មួយរូប ធ្លាប់កើតមានជម្លោះពាក្យសម្តី ជាមួយនឹង ឪពុកម្តាយក្មេក រហូតដល់ប៉ុនប៉ងសម្លាប់ឪពុកម្តាយក្មេកទៀតផង លុះចុងក្រោយ ស្រាប់តែបែកគំនិតធ្វើ សកម្មភាព ចាប់រំលោភប្អូនថ្លៃក្រមុំរបស់ខ្លួន ប៉ុន្តែមិនបានសម្រេច ទីបំផុតត្រូវនារីរងគ្រោះប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីបងថ្លៃចាប់រំលោភប្អូនស្រីក្រមុំនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលប៉ុនប៉ងចាប់រំលោភប្អូនថ្លៃស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះនួន ភារៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត និងជាអង្គរក្សអភិបាលខណ្ឌ មួយរូប មានលំនៅក្នុងខណ្ឌពោធិ៍សែនជ័យ។ យ៉ាងណា បន្ទាប់ពីមានរឿងហេតុបែបនេះកើតហេតុ លោកអភិបាលខណ្ឌរូបនោះ បានចេញលិខិតបដិសេធថា ជនសង្ស័យរូបនោះ មិនមែនជាអ្នកបើកបររថយន្តរបស់លោកទៀតទេ ព្រោះត្រូវបានបញ្ឈប់ជាយូរមកហើយ។ ចំណែកនារីរងគ្រោះ មានអាយុ ១៩ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី១ និងត្រូវជាប្អូនថ្លៃរបស់ជនសង្ស័យ មានលំនៅ ផ្ទះកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យ និងប្រពន្ធ បាននាំគ្នាទៅលេងផ្ទះឪពុកម្តាយក្មេក ខណៈពេលដែលឪពុកម្តាយក្មេក បាននាំគ្នាធ្វើដំណើរទៅតាមខេត្តអស់ទៅហើយ។ លុះក្រោយមក នៅយប់ថ្ងៃដដែល នោះជនសង្ស័យជាបងថ្លៃ បានជួបជុំគ្នាផឹកស៊ីនៅផ្ទះ លុះក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏បានចូលទៅដេកជាមួយប្រពន្ធរបស់ខ្លួន នៅជាន់ក្រោម។ ដោយឡែក ប្អូនថ្លៃស្រី (នារីរងគ្រោះ) ព្រមទាំងក្មួយម្នាក់ទៀត បាននាំគ្នាឡើងទៅសម្រាកនៅបន្ទប់របស់ខ្លួន ឯជាន់ឡៅតឿ។
ប្រភពដដែល បន្តថា ខណៈពេលដែលប្អូនថ្លៃស្រីកំពុងតែដេកលក់ ស្រាប់តែជនសង្ស័យ បានលួចគាស់ទ្វារបន្ទប់ ចូលទៅចាប់រំលោភសេពសន្ថវៈប្អូនថ្លៃស្រីរបស់ខ្លួន ទាំងកំរោលតែម្តង ប៉ុន្តែពុំបានសម្រេច។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខណៈដែលនាងកំពុងដេកលក់នៅក្នុងបន្ទប់ជាមួយក្មួយស្រី ស្រាប់តែលេចមុខជនសង្ស័យជាបងថ្លៃ កាន់កាំបិតប៉័ងតោផង កាំបិតចុងស្រួចផង និងស្លៀកតែខោខ្លី គ្មានពាក់អាវ បានចូលមកចាប់រំលោភសេពសន្ថវៈលើរូបនាងទាំងកំរោល ធ្វើឱ្យនាងភ្ញាក់ដឹងខ្លួន ភ័យឆោឡោ ក៏ខំប្រឹងរើបម្រះ និងបានស្រែកហៅឱ្យគេជួយ រំពេចនោះ ក្មួយស្រីរបស់នាង ដែលបានដេកនៅបន្ទប់ក្បែរនោះ ក៏បានចូលមកបើកភ្លើងមើល ទើបធ្វើឱ្យជនសង្ស័យភ័យខ្លួន រត់ទៅពួនក្នុងបន្ទប់បាត់។

នារីរងគ្រោះ បន្តថា ដោយមានការភ័យខ្លាចបងថ្លៃសម្លាប់រូបនាងនិងក្មួយស្រី ទើបពួកនាងបានដឹកដៃគ្នាចេញមកក្រៅ ហើយក៏បានប្រាប់បងប្អូន និងបាននាំគ្នាបិទទ្វារផ្ទះ ទៅប្តឹងនគរបាលមូលដ្ឋាន ចុះទៅជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យជាបងថ្លៃ បានទាំងយប់។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួចហើយ សមត្ថកិច្ចបានឆែកឆេររកឃើញកាំបិតប៉័ងតោ នៅក្រោមគ្រែផងដែរ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កន្លងមក ជនសង្ស័យខាងលើ ធ្លាប់ប៉ុនប៉ងសម្លាប់ឪពុកម្តាយក្មេក ម្តងមកហើយ កាលពីចុងឆ្នាំ២០២១ និងធ្លាប់វាយបង្ករបួសស្នាម កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយសងជំងឺចិត្តគេអស់ ៩ពាន់ដុល្លារ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។
ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕
