ភ្នំពេញ ៖ យុវជនទុំ រដ្ឋា ហៅទុំ សុវត្ថិ បេក្ខជនម្នាក់នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលបានធ្លាក់ចេញពីកម្មវិធី ត្រឹមវគ្គ Judge Audition សប្តាហ៍ទី៤ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នោះ បានជួបឧកញ៉ាខេមរៈ សិរីមន្ត ហើយ កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដើម្បីទទួលប្រាក់ឧបត្ថម្ភ ១០០០ដុល្លារ ពីឧកញ៉ាតារាចម្រៀងរូបនេះ ជាការលើកទឹកចិត្តដល់បេក្ខជនរូបនេះ ដែលលោកយល់ថា មានសមត្ថភាពពិត (ច្រៀងពីរោះ) តែគណៈកម្មការពីររូប ក្នុងចំណោម ៤រូប គឺអ្នកនាងឱក សុគន្ធកញ្ញា និងលោកឆន សុវណ្ណរាជ បែរជាទម្លាក់ មិនឲ្យជាប់ទៅវគ្គបន្តទៅវិញ ។

គួរបញ្ជាក់ថា យុវជន ទុំ សុវត្ថិ គឺជាបេក្ខជនកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលបានឈានដល់វគ្គ Judge Audition សប្ដាហ៍ទី៤ ដោយលោកបានបកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា “ស្រឡាញ់ស្ទើរលេប” ដែលជាបទចម្រផៀងដើមរបស់លោកណុប បាយ៉ារិទ្ធ ដែលជាគណៈកម្មការមួយរូប នៃកម្មវិធីនេះផងដែរ។ ប៉ុន្តែជាលទ្ធផល គួរឲ្យស្ដាយ លោកមិនអាចទៅវគ្គបន្តបានទេ ដោយសារគណៈកម្មការពីររូប ក្នុងចំណោម៤រូប គឺអ្នកនាងឱក សុគន្ធកញ្ញា និងលោកឆន សុវណ្ណរាជ ឆ្លើយ NO ទោះបីជាគណៈកម្មការ២រូប គឺកញ្ញាសុខ សីឡាលីន និងលោកណុប បាយ៉ារិទ្ធ ជាបានឆ្លើយ YES ក៏ដោយ ព្រោះលោកត្រូវការ YES ចាប់ពី ៣ឡើង ទើបជាប់ទៅវគ្គបន្តទៀតបាន ជាហេតុធ្វើឲ្យមហាជនកើតការមិនសុខចិត្ត និងបានធ្វើការវិភាគ រិះគន់ទៅលើលោកឆន សុវណ្ណរាជ ធ្ងន់ជាងគេ ព្រោះពួកគេយល់ថា ផ្អែកលើសំឡេង គ្រប់គ្នាគិតថាបេក្ខជនរូបនេះ ច្រៀងពីរោះ មិនសមនឹងឲ្យធ្លាក់ឡើយ ។ ជាមួយនេះ ក្នុងបណ្តាញសង្គម មានការលើកប្រធានបទនេះ មកវែកញែកជាច្រើន ដូចជាថា «ទុំ សុវត្ថិ ច្រៀងពីរោះប៉ុណ្ណឹងដែរ តែគណៈកម្មការមិនឲ្យជាប់ ទំនងខ្លាចគេល្បីជាងខ្លួន» ជាដើម។

ជុំវិញបញ្ហានេះ សម្រាប់គណៈកម្មការ អ្នកនាងឱក សុគន្ធកញ្ញា និងលោកឆន សុវណ្ណរាជ មិនមានមតិយោបល់អ្វីឆ្លើយតបទៅនឹងការរិះគន់ តវ៉ា មិនពេញចិត្តរបស់មហាជនទេ ។
ប៉ុន្តែសម្រាប់លោកណុប បាយ៉ារិទ្ធ ជាគណៈកម្មការមួយរូប ដែលឆ្លើយ Yes បានបញ្ជាក់នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ទៅកាន់បេក្ខជន ទុំ សុវត្ថិ ថា “ចម្លើយ yes របស់បង មិនមែនដោយសារប្អូនច្រៀងបទរបស់បងទេ គឺដោយសារបងគិតថា អាចទៅបាន ទោះមានបញ្ហាតិចតួច តែនៅតែមានចំណុចល្អច្រើន។ ok រឹងមាំ ហើយតស៊ូបន្ត“ ។

ចំពោះលោកទុំ សុវត្ថិ ផ្ទាល់ បានបញ្ជាក់ប្រាប់ «នគរធំ» នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ថា លោកមិនមានអារម្មណ៍អន់ចិត្ត ឬខឹងនឹងគណៈកម្មការពីររូប ដែលមិនផ្ដល់ឱកាសឲ្យលោកឡើងទៅវគ្គបន្តនោះទេ គ្រាន់តែគិតថា លោកបានប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាពដែរ ។
លោកទុំ សុវត្ថិ បញ្ជាក់ថា “បាទ! សម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ ដូចជាអត់មានថាខឹង ឬក៏អន់ចិត្តនឹងគាត់ទេ គ្រាន់តែដូចខ្ញុំបាននិយាយក្នុងការប្រឡងអ៊ីចឹងថា ការប្រឡងចម្រៀង តែងតែជាប់ហើយនិងធ្លាក់ ដើរទន្ទឺមគ្នា ហើយខ្ញុំបាននិយាយថា ទោះបីជាខ្ញុំទទួលបានលទ្ធផលបែបណា ក៏ខ្ញុំទទួល ក៏ប៉ុន្តែអ្វីសំខាន់ ខ្ញុំស្រឡាញ់និងខំប្រឹងអស់ពីសមត្ថភាព ។ អ្វីដែលខ្ញុំហួសចិត្ត មិននឹកស្មានដល់នោះ គឺខ្ញុំអន់ចិត្តនឹងខ្លួនឯងដែលធ្វើអត់បាននៅពេលហ្នឹង ប៉ុន្តែបើឲ្យអារម្មណ៍ខ្ញុំខឹងបងៗគណៈកម្មការ គឺខ្ញុំអត់ខឹងទេ អត់មានអីត្រូវខឹងគាត់ទេ ។ ចំពោះការមិនពេញចិត្តរបស់មហាជនក្នុងការសម្រេចរបស់គណៈកម្មការនោះ ខ្ញុំអត់ដឹងថានិយាយយ៉ាងម៉េចឲ្យបានត្រឹមត្រូវ គ្រាន់តែថា ខ្ញុំមានតែពាក្យអរគុណទៅដល់បងៗគណៈកម្មការដែលបានផ្ដល់ឱកាសដល់ខ្ញុំ ហើយក៏អរគុណមហាជនជាច្រើន មិនថាក្នុងប្រទេស ក៏ដូចជាខាងក្រៅប្រទេស ដែលគាត់ស្រឡាញ់និងចូលចិត្តសំឡេងខ្ញុំ គឺខ្ញុំអរគុណខ្លាំងមែនទែន“ ។

ទោះបីជាយ៉ាងណា ចាត់ទុកថាគ្រោះក្លាយជាលាភ សម្រាប់បេក្ខជនរូបនេះ ដែលក្រៅពីមានការលើកទឹកចិត្តពីមហាជន ក៏ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភពីឧកញ៉ាខេមរៈ សិរីមន្ត ជាដើម លោកក៏ទទួលបានការចាប់អារម្មណ៍ពីលោកសួន ពិសិដ្ឋ អ្នកនិពន្ធបទភ្លេង និងទំនុកច្រៀង នៅក្រុមហ៊ុនហង្សមាស ដែលប្រកាសទទួលយកបេក្ខជនធ្លាក់ពីកម្មវិធី Cambodian Idol រូបនេះ ចូលក្នុងក្រុមហ៊ុនហង្សមាស ទៀតផង។
អ្នកនិពន្ធ សួន ពិសិដ្ឋ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដែលមានខ្លឹមសារទាំងស្រុងថា «ប្អូន ទុំ សុវត្ថិ ខ្ញុំបានមើលនិងស្ដាប់ការច្រៀងប្រឡងក្នុងកម្មវិធី Cambodian Idol ថ្មីៗនេះរបស់ប្អូនរួចរាល់ហើយ ទើបតែបានមើលក្រោយគេ!
ប្អូនមានចំណុចខ្សោយ និងប្អូនក៏មានចំណុចខ្លាំង!
ទី១). គណៈកម្មការទាំង ៤រូប លោកណុប បាយ៉ារិទ្ធ អ្នកនាងឱក សុគន្ធកញ្ញា អ្នកនាងសុខ សីឡាលីន និងលោក ឆន សុវណ្ណារាជ បានលើកឡើងអំពីចំណុចវិជ្ជមាន និងអវិជ្ជមាន អំពីទេពកោសលពូកែនិងខ្វះខាតក្នុងការច្រៀងរបស់ប្អូន សុទ្ធសឹងតែត្រូវទាំងអស់!
គាត់ទាំង ៤រូប មានមូលហេតុ និងផលល្អ ជាក់ប្រាកដច្បាស់លាស់របស់គាត់រៀងៗខ្លួនឈរក្នុងការសម្រេចចិត្តកាត់សេចក្ដីជាប់ ឬធ្លាក់។
ទី២). ប្អូនមាន (ដុង) ទេពកោសល្យ ឧបនិស្ស័យ ទឹកដមសំឡេងពីកំណើតល្អ និងចេះរបៀបបែបផែននៃការច្រៀងអឺនអង (អឿនឈឿន!) បានល្អ។
ទី៣). និយាយអំពីបច្ចេកទេសសំឡេង និងការច្រៀងរបស់ប្អូនវិញម្ដង : សំឡេងប្អូនប្រើចេញពីដើមទ្រូង ទៅបំពង់ក ដល់គល់ថ្គាម ចូលក្រអូមមាត់ និងចុងច្រមុះបន្តិច។
ប្អូនច្រៀងប្រកាន់តុងក្នុងបទភ្លេងបានល្អខ្លាំង ភ្លាវតិចតួចបំផុត ចង្វាក់ក៏ល្អ ចេះប្រើសំឡេងខ្មោច ពេលស្រែកឡើងខ្ពស់ ចេះទប់សំឡេង ទោះជាស្ទើរបន្តិចក៏ដោយ ដោយសារអស់កម្លាំងខ្ញុំយល់! ចេះថ្នម ចេះខ្លាំង ខ្យល់ដង្ហើមវែងល្មមគួរសម មិនទាន់ចេះប្រើខ្យល់ដង្ហើម និងមិនទាន់ចេះទប់ខ្យល់ដង្ហើម រលកសំឡេងមានរលកចង្វាក់រណ្ដំល្អ គ្រាន់តែការតែមិនទាន់ចេះនិងយល់របៀបនៃការប្រើរលកក្នុងការប្រើសំឡេងនៅឡើយ។ រីឯសំឡេងកណ្ដាលរបស់ប្អូន ធ្ងន់ល្អ និងមានកម្លាំងមាំធំ រួមទាំងពេលស្រែកឡើងដែរ ទាស់ត្រង់មួយចំណុច ដោយសារតែសំឡេងចុងច្រមុះ លាយនិងក្រអូមមាត់ និងគល់ថ្គាមនេះហើយដែលធ្វើឱ្យសំឡេងប្អូនស្រដៀងទៅនឹងសំឡេងគណៈកម្មការ ឆន សុវណ្ណារាជ ច្រើនគួរសម! ហើយការច្រៀងស្រែកទៅតុងខាងលើៗរបស់ប្អូន នៅស្ទើរ ខ្ពស់មិនដល់តុង បើទោះជាអស់កម្លាំងយ៉ាងណាក៏ដោយ..ប៉ុន្តែ…! ពេលដែលប្អូនច្រៀងចុះមកសំឡេងខាងក្រោមវិញ ប្អូនប្រើសំឡេងដើមទ្រូងទាំងស្រុងនោះ គឺក្រោមខ្លាំង ហើយបានធ្ងន់ល្អខ្លាំងណាស់ និងមានទឹកដមក្រអួនល្អ និងល្អជាងសំឡេងតារាចម្រៀងអាជីពក្នុងវិស័យសិល្បៈតន្រ្តីចម្រៀងខ្លះផងក៏មិនមាន និងមិនអាចធ្ងន់មានទម្ងន់ និងមានទឹកដមល្អដូចជាសំឡេងប្អូននោះឡើយ! ហើយសំឡេងដើមទ្រូងខាងក្រោមរបស់ប្អូនគឺមិនច្រឡំជាមួយអ្នកណា ឬតារាចម្រៀងរៀមច្បងណានោះឡើយ! គឺ Unique!
ទី៤). សម្រាប់ខ្ញុំ គឺខ្ញុំផ្ទាល់ឱ្យប្អូនជាប់ទៅប្រឡងដំណាក់កាលបន្ទាប់ទៀត ដូចជាគណៈកម្ម លោកណុប បាយ៉ារិទ្ធ និងគណៈកម្មការ សុខ សីឡាលីន ដូច្នោះដែរ! គណៈកម្មការទាំង ២រូបទៀត គាត់មិនឱ្យប្អូនជាប់ គឺគាត់មាន ហេតុនិងផល វិជ្ជាជីវៈ បទពិសោធន៍ និងការវាស់វែង ថ្លឹងថ្លែងច្បាស់លាស់របស់គាត់ ក្នុងការសម្រេចចិត្តមិនឱ្យប្អូនជាប់ឈរក្នុងភាពត្រឹមត្រូវរបស់គាត់! ប៉ុន្តែបើទោះជាប្អូនមិនជាប់ក៏ដោយ កុំអស់សង្ឃឹម ត្រូវតែរឹងមាំ ឈប់យំ! បន្តដំណើរតទៅមុខទៀត រហូតទាល់តែទទួលបានជោជ័យគោលដៅសុបិន ជាតារាចម្រៀងល្បីក្នុងវិស័យសិល្បៈតន្រ្តីចម្រៀងខ្មែរមួយរូបនេះ!
ទី៥). បងគាំទ្រប្អូន ហើយនិងផ្ដល់ឱកាសទទួលប្អូនជាកូនសិស្សរបស់បងផ្ទាល់ ខ្ញុំនឹងបង្វឹកបង្ហាត់បង្រៀនប្អូនដោយផ្ទាល់ដល់ផ្ទះ និង studio ខ្ញុំតែម្ដង អំពីរបៀបនិងបច្ចេកទេសច្រៀង និងកុងត្រូលសំឡេង ស្គាល់ណោតភ្លេង ដឹងការកុងត្រូលតុងនិងចង្វាក់ និងសំឡេងបានច្បាស់ ចេះប្រើដង្ហើម ចេះទប់ខ្យលើដង្ហើម និងដង្ហើមវែង និងច្រៀងចុះក្រោមកាន់តែធ្ងន់កាន់តែចុះក្រោមបានទៀត ប្រើសំឡេងខ្មោចកាន់តែខ្ពស់គ្រលួចក្រអួន ស្រែកកាន់តែបានខ្ពស់មានកម្លាំងនិងទឹកដម ប្រែក្លាយប្អូនឱ្យក្លាយជាតារាចម្រៀងអាជីព Professional និងចេះអក្សរភ្លេង ណោតច្រៀងច្បាស់លាស់ មិនលំៗ!
ទី៦). ដោយសារតែបងនៅក្រោមដំបូលក្រុមហ៊ុនក្រុមគ្រួសារហង្ស មាស ស្រាប់ ក្នុងនាមជា លោកគ្រូ អ្នកតែងនិពន្ធបទភ្លេងនិងទំនុកច្រៀង គណៈកម្មការកម្មវិធីប្រឡងចម្រៀង តារាចម្រៀង តារាសម្ដែង និងជាគ្រូបង្វឹកបង្ហាត់បង្រៀនតារាចម្រៀង ប្រចាំក្រុមហ៊ុន ផលិតកម្ម ហង្ស មាស បងមានក្ដីចាប់អារម្មណ៍លើសមត្ថភាព និងទេពកោសល្យកំណើតប្អូនខ្លាំងណាស់ ខ្ញុំនឹងស្នើសុំលោកពូ អគ្គនាយកក្រុមហ៊ុន ផលិតកម្មហង្សមាស រួមទាំងបងៗថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីអនុញ្ញាតផ្ដល់ឱកាសឱ្យប្អូនបានមានឱកាសបញ្ចេញសមត្ថភាពក្នុងបទចម្រៀងថ្មីដែលខ្ញុំនឹងតែងនិពន្ធទាំងបទភ្លេងថ្មី ទាំងទំនុកច្រៀងថ្មី និងបង្វឹកបង្ហាត់បង្រៀនប្អូនដោយផ្ទាល់ ក្នុងការច្រៀងបទថ្មីរបស់ខ្ញុំតែងនិពន្ធ និងក្រុមហ៊ុនហង្សមាស ព្រមទាំងស្នើសុំក្រុមហ៊ុន នឹងផលិតជា MV ដល់ប្អូន អាចផ្ដល់ឱ្យកាសឱ្យប្អូនក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម! ប្អូនមិនចាំបាច់ទៅផលិតកម្មណា ឬទៅណាទៅណីនោះទេ!
សង្ឃឹមថា លោកអគ្គនាយក និងបងៗ នឹងមានមេត្តាចូលរួមផ្ដល់ឱកាសឱ្យប្អូនផងដែរ។ ដោយក្ដីគោរពស្រលាញ់ពីខ្ញុំបាទ! ខ្ញុំមើលឃើញគ្រាប់ពេជ្រ Unique មិនទាន់ច្នៃ!
ទី៧). ចរិតឫកពារបស់ប្អូន ល្អសមសួន មើលទៅមានការចេះដឹងថ្លៃថ្នូរ មានក្រមសីលធម៌ល្អ និងរូបសម្បត្តិប្អូនប៉ុណ្ណឹងសមរម្យហើយ អាចជាតារាបាន។
ចាំមើលៗ.. ថាតើប្អូនប្រឡងធ្លាក់ មិនមានពាន នឹងអាចក្លាយជាតារាចម្រៀងល្បី មានប្រជាប្រិយភាព មានហ្វេនគាំទ្រ និងមានបទល្បីៗក្នុងដួងចិត្តមហាជនឬអត់?
ខ្ញុំធ្លាប់បានធ្វើនិងជួយជ្រោមជ្រែងបុគ្គលសាមញ្ញ មិនដែលប្រឡងចម្រៀង មិនមានពាន មិនមានឈ្មោះក្នុងសង្គម ពីជីវិតក្រលំបាក រហូតទទួលបានជោគជ័យក្នុងវិថីសិល្បៈតន្រ្តីចម្រៀងក្លាយជាកំពូលតារាចម្រៀងខ្មែរមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានប្រជាប្រិយភាពមានហ្វេន រាប់លាននាក់ រហូតក្លាយជាសហគ្រិនជោគជ័យក្នុងទាំងក្នុងវិស័យពាណិជ្ជកម្មផងដែរ ដល់សព្វថ្ងៃនេះរួចមកហើយ!
ទី៨). នេះជាលេខទូរស័ព្ទខ្ញុំផ្ទាល់ ទាំងតេឡេហ្គ្រាម ដែរ ០១២ ៨៨៦៦៩៦ (012 886696) សូមទាក់ទងមកបងមក បងរង់ចាំទទួលប្អូនប្រុស!
តស៊ូដើរទៅមុខបន្តទៀតប្អូន រឹងមាំ មុតស្រួច ហើយឈប់យំ! កូនប្រុសកុំយំឱ្យគេឃើញ!
ជូនពរសំណាងល្អ ប្អូនប្រុស ទុំ សុវត្ថិ ! Good luck ! គ្រាប់ពេជ្រ Unique មិនទាន់មានអ្នកច្នៃ!
ពីខ្ញុំ សួន ពិសិដ្ឋ»៕ ខៀវទុំ