Thursday, May 8, 2025
Homeសន្ដិសុខសង្គម១យប់លួចទូរស័ព្ទ ២គ្រឿង ព្រឹកឡើងជាប់ខ្នោះ

១យប់លួចទូរស័ព្ទ ២គ្រឿង ព្រឹកឡើងជាប់ខ្នោះ

ខេត្តសៀមរាប ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ចំនួន២គ្រឿង ក្រោយពីជនរងគ្រោះជាម្ចាស់ទូរស័ព្ទបានដាក់ពាក្យបណ្តឹង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរិន ភាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះដិប សាមិន ស្ថិតក្នុងភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម បានក្រោកពីដេក ហើយយកទូរស័ព្ទរបស់ខ្លួន ម៉ាក VIVO Y20 ពណ៌ខៀវ ដាក់សាកថ្ម លើក្បាលដំណេក ដោយសាកថ្មក្បែរទូរស័ព្ទរបស់មិត្តភក្តិម្នាក់ទៀត ឈ្មោះទួន រ៉ាត់វិរៈ ទូរស័ព្ទម៉ាក VIVO V19 ពណ៌ទឹកប៊ិក ហើយខ្លួនបម្រុងនឹងដេក ស្រាប់តែពេលនោះ បានប្រទះឃើញ ហើយស្គាល់ថា ជនសង្ស័យឈ្មោះភាន រស់នៅភូមិត្របែក បានធ្វើសកម្មភាពលបចូលលួចយកទូរស័ព្ទដែលខ្លួននិងមិត្តភក្តិដាក់សាកលើក្បាលដំណេកនោះ សរុបចំនួន ២គ្រឿង។ ភ្លាមៗនោះ ខ្លួននិងមិត្តភក្តិ ក៏នាំគ្នារត់ដេញតាមជនសង្ស័យដែរ ប៉ុន្តែតាមមិនទាន់។ លុះព្រឹកឡើង ជនរងគ្រោះ ក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម តែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំដែក ព្រមទាំងកម្លាំងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម ចុះទៅកន្លែងកើតហេតុ ធ្វើការ ស្រាវជ្រាវ កំណត់មុខសញ្ញា រហូតនាំខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនៅអធិការដ្ឋាន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមក ខ្លួនធ្លាប់បានធ្វើសកម្មភាពចូលលួចទូរស័ព្ទ លួចមាន់ លួចម៉ូទ័របូមទឹក តាមផ្ទះអ្នកស្រុក តាមវត្ត និងចុងក្រោយបានលួចទូរស័ព្ទ ចំនួន២គ្រឿង របស់ជនរងគ្រោះខាងលើ ប្រាកដមែន។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់បន្ថែមថា ជនសង្ស័យ គឺជាមុខសញ្ញាប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន និងលួចសកម្ម គ្មានលំនៅជាក់លាក់ ហើយតែងគេចខ្លួន មិនងាយឃើញមុខក្នុងមូលដ្ឋានទេ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបាន រួមមាន ទូរសព្ទដៃ ចំនួន២គ្រឿង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ធ្វើតេស្តរកសារធាតុញៀន) និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត៕

RELATED ARTICLES