ខេត្តកោះកុង ៖ បុរស ២នាក់ ត្រូវជាបងប្អូនបង្កើត បានទិញស្រា មកអង្គុយផឹកស៊ីជុំគ្នាតាំងពីក្បាលព្រលប់ រហូតដល់ពាក់កណ្តាលយប់ ស្រវឹងជោករៀងខ្លួន ក៏កើតមានជម្លោះតឹងសរសៃកដាក់គ្នា រហូតឈានដល់ផ្ទុះជាអំពើហិង្សា ដោយភាគីបងប្រុស បានស្ទុះទៅទាញកាំបិតផ្គាក់ កាប់ប្រហារប្អូនបង្កើតខ្លួនឯង ១កាំបិត ចំក្បាលជង្គង់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ផូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ជាបងប្រុស ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិចម្លងគោ ឃុំថ្មស ស្រុកបទុមសាគរ។
ជនបង្កហេតុ ដែលកាប់ប្អូនប្រុសបង្កើត ១កាំបិត បណ្តាលឱ្យដាច់ជើង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសែល សិលា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែចម្ការ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាប្អូនប្រុស មានឈ្មោះសែល សីហា អាយុ២៦ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ ដែលត្រូវជាបងប្អូនបង្កើត បានទិញស្រា មកអង្គុយផឹកជាមួយគ្នា តាំងពីក្បាលព្រលប់ ដោយផឹកបណ្តើរជជែកគ្នាលេងពីនេះពីនោះបណ្តើរ លឺតែសំឡេងសើចក្អាកក្អាយ។ ស្រាប់តែមកដល់វេលាម៉ោង ១១យប់ ថ្ងៃដដែល ក្រោយពីផឹកស្រវឹងជោករៀងខ្លួន ទាំង២នាក់បងប្អូនក៏ចាប់ផ្តើមកើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា ជាហេតុធ្វើឱ្យភាគីជនបង្កហេតុជាបងប្រុស ផ្ទុះកំហឹងទប់មិនជាប់ ក៏ស្ទុះទៅទាញកាំបិតផ្គាក់ មកកាប់ប្រហារទៅលើជនរងគ្រោះជាប្អូនប្រុស ១កាំបិត ចំក្បាលជង្គង់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕