Friday, May 9, 2025
Homeសង្គម និងជីវិតប្តីដេក ប្រពន្ធដាស់ រឹងស្តូក

ប្តីដេក ប្រពន្ធដាស់ រឹងស្តូក

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ត្រឡប់មកពីចម្ការបេះក្រូចហត់នឿយពេញ ១ថ្ងៃ រួចក៏ចេញទៅចូលរួមពិធីមង្គលការគេ ដោយបានហូបចុកគ្រឿងស្រវឹងថែមទៀតផង លុះត្រឡប់មកផ្ទះវិញ ចូលដេកក្បែរប្រពន្ធ ១យប់ ព្រឹកឡើង ប្រពន្ធដាស់ឱ្យក្រោក មិនឮមាត់ឆ្លើយ ក៏យកដៃទៅ អង្រួន ទើបដឹងថា ប្តីរបស់ខ្លួនស្លាប់រឹងស្តូកទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៤ ភូមិព្រៃតាឡូញ ឃុំបវេល ស្រុកបវេល។

បុរសរងគ្រោះ មានឈ្មោះយ៉ាំង ឡំ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ឆ្លងតាមការបំភ្លឺរបស់ឈ្មោះប៉ែន អិត ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ប្តីរបស់គាត់ (ជនរងគ្រោះ) បានទៅចម្ការបេះក្រូច រហូតដល់ម៉ោង ៤រសៀល ថ្ងៃដដែល ទើបត្រឡប់មកផ្ទះវិញ ហើយហូបបាយកក សម្រាកមួយសន្ទុះ ត្រឡប់ទៅចម្ការ

វិញ រហូតដល់ម៉ោងប្រហែល ៥ល្ងាច ក៏ត្រឡប់ពីចម្ការ មកផ្ទះ ងូតទឹក ហូបបាយ រួចសម្រាកនៅផ្ទះមួយសន្ទុះ រហូតដល់ម៉ោង ៦និង៤០នាទីព្រលប់ គាត់បានទៅហូបការគេ នៅចំណុចរង្វង់មូលចាស់ ស្រុកបវេល។ បន្ទាប់មក នៅវេលាម៉ោង ៩និង៣០នាទីយប់ ទើបគាត់បានត្រឡប់មកពីហូបការគេវិញ លាងដៃលាងជើង ឡើងលើផ្ទះដេក រហូតដល់ម៉ោង ១១យប់ គាត់ក៏ងើបឡើង ដាស់កូនស្រីទី១ ឈ្មោះយ៉ាំង យ៉ាត និងកូនស្រីទី២ ឈ្មោះយ៉ាំង យ៉ាន់ ឱ្យងើបនោម ហើយគាត់ក៏ដេកលង់លក់វិញទៅ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា រហូតមកដល់វេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ គាត់ភ្ញាក់ពីដេក ក៏បានដាស់ប្តីឱ្យក្រោក ដើម្បីជូនគាត់យកក្រូចទៅលក់នៅឯផ្សារ ប៉ុន្តែប្តីរបស់គាត់មិនបានឆ្លើយតបទេ លុះនឹកឆ្ងល់ គាត់ក៏យកដៃទៅអង្រួនប្តី ទើបដឹងថា ប្តីរបស់គាត់បានស្លាប់រឹងស្តូកទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់អ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញនិងគ្រូពេទ្យ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះខាងលើ បានស្លាប់ដោយសារគាំងបេះដូង។ មូលហេតុ ធ្វើការនឿយហត់អស់កម្លាំង ហើយទៅហូបការ ផឹកស្រា។

ក្រោយពីគ្រូពេទ្យ និងផ្នែកជំនាញ បានធ្វើការពិនិត្យចប់សព្វគ្រប់ សពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES