ខេត្តបាត់ដំបង ៖ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ បានចុះលេងទឹកស្រះ និងរាវខ្យងជាមួយមិត្តភក្តិ ស្រាប់តែភ្លេចខ្លួន ដើរដល់កន្លែងជ្រៅ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាម្នាក់អាចជួយសង្គ្រោះទាន់ពេលវេលានោះឡើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងក្រុមទី១២ ភូមិតាសែន ឃុំត្រាង ស្រុកកំរៀង។
ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះណុប ពិសិទ្ធ អាយុ៨ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិតាសែន ឃុំត្រាង ស្រុកកំរៀង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ រួមនិងមិត្តភក្តិ ៤នាក់ទៀត បាននាំគ្នាចុះលេងទឹកស្រះ និងរាវខ្យងនៅក្នុងស្រះទឹក ទីតាំងកើតហេតុខាងលើ ក្នុងនោះ ក៏មានជីតារបស់ក្មេងប្រុសរងគ្រោះ កំពុងរាវខ្យងនៅទីនោះដែរ។ លុះពេលដែលក្មេងប្រុសរងគ្រោះ ដើររាវខ្យងភ្លេចខ្លួន ក៏ជ្រុលទៅដល់កន្លែងទឹកជ្រៅ ធ្វើឱ្យលង់ទឹក ភ្លាមនោះជីតា បានស្ទុះទៅជួយចៅប្រុសដែរ តែជួយមិនទាន់ ព្រោះទម្រាំរាវរកឃើញ និងស្រង់ឡើងមកដល់លើគោក ក្មេងប្រុសរងគ្រោះបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ផាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕