Saturday, May 10, 2025
Homeសន្ដិសុខសង្គមកូនក្រមុំរត់តាមប្រុស ម៉ែឪវេចបាយដើររក

កូនក្រមុំរត់តាមប្រុស ម៉ែឪវេចបាយដើររក

ភ្នំពេញ ៖ ប្តីប្រពន្ធវ័យចំណាស់ ២នាក់ បានវេចចានស្រាក់ដាក់បាយ និងកាន់រូបថតកូនស្រី ដើរតាមផ្លូវ សួរគេឯង “ធ្លាប់ឃើញកូនស្រីខ្ញុំទេ?” ខណៈកូនស្រីរបស់គាត់ ដែលទើបនឹងមានវ័យ ១៦ឆ្នាំ ត្រូវបានក្មេងប្រុសម្នាក់ ជិះម៉ូតូមកដឹកយកទៅបាត់ពីផ្ទះ អស់រយៈពេល ២ថ្ងៃមកហើយ នៅមិនទាន់ត្រឡប់មកវិញនៅឡើយ ជាហេតុធ្វើឱ្យពួក

គាត់ជាឪពុកម្តាយ ព្រួយភ័យ សុខចិត្តវេចបាយដើរតាមរកកូនស្រីសព្វកន្លែង ប៉ុន្តែមិនទទួលបានតម្រុយបន្តិចណាសោះ។

នារីវ័យក្មេងដែលបាត់ខ្លួនចេញពីផ្ទះ មានឈ្មោះជឺត គឹមយ៉ា អាយុ១៦ឆ្នាំ ជាកូនពៅ ក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២) និងមានលំនៅក្នុងភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ យុវតីរូបនេះ បានបាត់ខ្លួន តាំងពីវេលាម៉ោង ៩យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមានក្មេងប្រុសមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូមកដឹកចេញពីផ្ទះនៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមសម្តីប្តីប្រពន្ធវ័យចំណាស់ដែលត្រូវជាឪពុកម្តាយរបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា ពួកគាត់មានកូនទាំងអស់ ៤នាក់ (ស្រី២ ប្រុស២)។ ជីវិតពួកគាត់ទាំង២នាក់ប្តីប្រពន្ធ កម្សត់ណាស់ មានកូនប្រុស តែកូនមិនសមប្រកប ធ្វើបាបចិត្តពួកគាត់ រាល់ថ្ងៃ មានកូនស្រី២នាក់ តែម្នាក់ជាបង បានស្លាប់ហើយ ដោយគេមកយកដូចគ្នា។ ពេលនេះក៏បាត់កូនស្រីពៅឈ្មោះ ជឺត គឹមយ៉ា អាយុ១៦ឆ្នាំ ម្នាក់ទៀត រាល់ថ្ងៃកូនគាត់ឈប់រៀនហើយ នៅផ្ទះជាមួយគាត់ គាត់មិនដែលស្តីបន្ទោសកូនទេ គិតតែសម្ងំលេងទូរស័ព្ទ ដើរលេងក៏មិនដែរ ដើរនៅតែផ្ទះ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក៏មានក្មេងប្រុសម្នាក់ បានជិះម៉ូតូមកទទួលយកកូនស្រីរបស់ពួកគាត់ចេញពីផ្ទះទៅ ហើយក៏បាត់ដំណឹងសូន្យឈឹងតែម្តង។

 ប្រពន្ធវ័យចំណាស់ខាងលើ បានបន្តទាំងអួលអាក់ថា ចំពោះទឹកចិត្តពួកគាត់ជាឪពុកម្តាយ ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ មិនដឹងថាកូនស្រីទៅណា សុខទុក្ខយ៉ាងណា ខ្លាចត្រូវគេធ្វើបាបកូនដូចកូនស្រីរបស់គាត់ម្នាក់ទៀត ហេតុនេះទើបពួកគាត់សុខចិត្តវេចចានស្រាក់ ដាក់បាយ តាមរកកូនស្រីទាំងយប់ទាំងថ្ងៃ ឱ្យតែឮគេថា ធ្លាប់ប្រទះឃើញក្មេងស្រីមានភិនភាគដូចកូនស្រីគាត់នៅឯណា ក៏ប្រឹងរូតរះទៅមើលភ្លាម តែមកដល់ពេលនេះ នៅមិនទាន់រកឃើញកូនស្រីគាត់នៅឡើយ ធ្វើឱ្យពួកគាត់២នាក់ប្តីប្រពន្ធ អស់សង្ឃឹមយ៉ាងខ្លាំង មិនដឹងជាគិតយ៉ាងម៉េច មានតែអង្គុយមើលមុខគ្នាយំប៉ុណ្ណោះ។

ឪពុកម្តាយរបស់យុវតីខាងលើ បានទទូចអង្វរកូនស្រីទាំងទឹកភ្នែកថា “កូនអើយកូន! សុខទុក្ខយ៉ាងម៉េចយ៉ាងម៉ាហើយ បើបានឃើញម្តាយនិងឪពុកហើយ កូនមកផ្ទះវិញមក ម៉ែនិងពុក តាមរកកូនគ្រប់កន្លែងហើយ ប៉ូលិសក៏បានប្តឹងរួចរាល់ ដើម្បីឱ្យលោកជួយតាមរកកូន ពុកម៉ែ មិនខឹងទេ ពុកម៉ែចាំកូននៅផ្ទះ មកផ្ទះយើងវិញណា ហើយបើកូនស្រឡាញ់គ្នា មកផ្ទះមក ពុកនិងម៉ែរៀបចំឱ្យ ឱ្យតែកូនមានក្តីសុខ កុំធ្វើបែបនេះ អាណិតពុកម៉ែផង ស្ទើរបែកទ្រូងហើយកូន…”។

ជាមួយនេះ ឪពុកម្តាយយុវតីដែលបាត់ខ្លួនខាងលើ បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញកូនស្រីរបស់ពួកគាត់ ដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយទាក់ទងផ្តល់ដំណឹងមកទូរស័ព្ទរបស់ពួកគាត់ផ្ទាល់ ដែលមានលេខ ០១០ ៨១ ៩៩ ២៨ ៕

RELATED ARTICLES