ខេត្តកំពង់ឆ្នាំង ៖ ចចកព្រៃមួយក្បាល ត្រូវបានប្រជាពលរដ្ឋលើកគ្នាដេញព័ទ្ធវាយសម្លាប់ បន្ទាប់ពីសត្វចចកព្រៃ ១ក្បាលនេះ មិនដឹងជាចេញមកពីណា បានដេញខាំប្រជាពលរដ្ឋនៅក្នុងភូមិ បណ្តាលឱ្យរងរបួសចំនួន៥នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌។

តាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបាននាំគ្នាទៅយកចង្រិត នៅតាមអន្ទាក់ដែលពួកគាត់បានដាក់ នៅចុងភូមិស្នោ ពេលនោះក៏មានចចកព្រៃ មួយក្បាល សម្បុរសលាយលឿង បានស្ទុះចេញពីព្រៃ មកខាំប្រជាពលរដ្ឋម្នាក់ ហើយហក់ទៅខាំពលរដ្ឋម្នាក់ទៀត ព្រមទាំងចូលទៅក្នុងភូមិ ដេញខាំប្រជាពលរដ្ឋមិនរើសមុខឡើយ ហាក់ដូចជាឆ្កែឆ្កួតមួយក្បាល បណ្តាលឱ្យរងរបួសប្រជាពលរដ្ឋ ៥នាក់ ហើយពេលនោះ ប្រជាពលរដ្ឋបានលើកគ្នាដេញវាយសម្លាប់ចចកព្រៃនោះតែម្តង។

ប្រភពដដែល បានបន្តថា នៅភូមិស្នោ ឃុំខុនរ៉ង នេះ មិនមែនជាភូមិមានព្រៃប៉ុន្មានទេ គ្រាន់តែជាព្រៃរបោះ និងគុម្ពឫស្សី នៅជាប់ជើងភូមិច្រើនតែប៉ុណ្ណោះ មិនដឹងថា តើចចកព្រៃ មួយក្បាលនេះ ចេញពីណាមកនោះទេ។ ហើយចំពោះប្រជាពលរដ្ឋដែលរងរបួស បានទៅព្យាបាល ដោយខ្លួនឯង។
សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើ មិនមានអ្នករងរបួសធ្ងន់នោះទេ ប៉ុន្តែអ្វីដែលចម្លែកនោះ គឺនេះជាលើកទីមួយហើយ ដែលមានចចកព្រៃ ចេញមកខាំអ្នកភូមិបែបនេះ៕