Monday, May 12, 2025
Homeសង្គម និងជីវិតម៉ែមិននៅផ្ទះ កូនស្រី២ខួបលង់ទឹកស្លាប់

ម៉ែមិននៅផ្ទះ កូនស្រី២ខួបលង់ទឹកស្លាប់

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ បានដើរចេញទៅផ្ទះម្តាយរបស់ខ្លួនដែលនៅក្នុងភូមិជាមួយគ្នា ដោយទុកកូនប្រុសស្រីតូចៗ២នាក់ ឱ្យនៅចាំផ្ទះ លុះក្រោយមក កូនប្រុសបានរត់មកប្រាប់ថា បាត់ប្អូនស្រីហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោដើរតាមរក ក៏ប្រទះឃើញកូនស្រី លង់ទឹកស្រះស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្រះទឹក មួយកន្លែង ស្ថិតក្នុងក្រុមទី១០ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី។

ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះអឿន កន្និថា ភេទស្រី អាយុ២ខួប មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមការបំភ្លឺពីស្ត្រីឈ្មោះនួន ចាន់ធឿន អាយុ២៩ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នាងបានចេញទៅផ្ទះម្តាយ ដែលនៅជិតខាងក្នុងភូមិជាមួយគ្នា ដោយទុកកូនតូចៗ ២នាក់ ឱ្យនៅចាំផ្ទះ។ លុះប្រហែលម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃដដែល ពេលត្រឡប់មកវិញ ក៏ឃើញក្មេងតូចៗ ៣នាក់ នៅលេងក្រោយផ្ទះខ្លួន ក្បែរស្រះទឹក ក្នុងនោះក៏មានកូនខ្លួន ២នាក់ផង។ ដោយកូនរបស់ខ្លួនទាំង២នាក់ ម្នាក់ឈ្មោះអឿង រ៉ាឌី ភេទប្រុស អាយុ៥ឆ្នាំ និង១ទៀត ឈ្មោះ អឿង កន្និថា ភេទស្រី អាយុ២ខួប (ក្មេងស្រីរងគ្រោះ) ព្រមទាំងក្មួយម្នាក់ទៀត ឈ្មោះចយ រចនា ភេទស្រី អាយុ១៤ឆ្នាំ។

ស្ត្រីជាម្តាយ បន្តថា លុះរយៈពេលប្រមាណ ១៥នាទីក្រោយមក កូនប្រុសឈ្មោះអឿង រ៉ាឌី បានរត់មកប្រាប់នាងជាម្តាយថា “ម៉ែបាត់មីអូនហើយ”។ ឮដូច្នេះ ខ្លួនក៏រត់ទៅរកមើល ក៏ត្រូវក្មួយស្រីឈ្មោះ ចយ រចនា មកប្រាប់ថា កូនរបស់នាង (ក្មេងស្រីរងគ្រោះ) លង់ទឹកស្រះ ទើបផ្អើលឆោឡោ នាំគ្នាចុះរាវរក រហូតដល់ឃើញសពកូនស្រីខ្លួន ក៏លើកបីយកមកផ្ទះតែម្តង។

ក្រោយសមត្ថកិច្ចធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសពរួច បញ្ជាក់ថា នៅលើក្បាល មុខ គ្មានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ ក្នុងមាត់មានលម្អងដី ដងខ្លួនដៃជើង ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ដូចគ្នា។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES