ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ បានល្បួងក្មេងស្រីវ័យ ១០ឆ្នាំម្នាក់ ថាឱ្យជូនខ្លួនទៅបេះផ្លែក្រូចឆ្មារ នៅខាងក្រោយផ្ទះបន្តិច លុះទៅដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើក្មេងស្រី រហូតបានសម្រេច រួចក៏ឱ្យលុយទៅក្មេងស្រី ចំនួន ១ពាន់រៀល ជាថ្នូរនឹងការបិទមាត់ កុំឱ្យប្រាប់ឪពុកម្តាយ តែក្មេងស្រីរងគ្រោះ បានរត់ទៅប្រាប់ម្តាយ ប្តឹងសមត្ថកិច្ចចុះចាប់ខ្លួនជនល្មោភកាមបានភ្លាមៗ។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចខាងក្រោយផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ។
ជនសង្ស័យដែលចាប់រំលោភក្មេងស្រីរហូតដល់បានសម្រេច និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះធុយ ថន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងបន្ទុកគ្រួសារ និងមានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ បានចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនជនល្មោភកាមម្នាក់ ឈ្មោះធុយ ថន បន្ទាប់ពីទទួលបានបណ្តឹងពីស្ត្រីម្នាក់ ដែលប្តឹងចោទប្រកាន់ថា ជនសង្ស័យបានចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់ រហូតបានសម្រេច។

ប្រភពដដែល បានបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយបង្កើតក្មេងស្រីរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះធុយ ថន ដែលជាមនុស្សរស់នៅក្នុងភូមិជាមួយគ្នា បានល្បួងនិងប្រើល្បិចកលពឹងកូនស្រីរបស់គាត់ ឱ្យជូនគេទៅរកបេះផ្លែ ក្រូចឆ្មារ នៅខាងក្រោយផ្ទះ លុះទៅដល់ ឃើញសភាពស្ងាត់ល្អ ក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ ដែលទើបនឹងមានអាយុ១០ឆ្នាំ រហូតដល់បានសម្រេចតែម្តង។
ពាក្យបណ្តឹងខាងលើ បានបន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានហុចលុយឱ្យកូនស្រីរបស់គាត់ ចំនួន១ពាន់រៀល ជាថ្នូរនឹងការបំបិទមាត់ កុំឱ្យនិយាយរឿងមួយនេះប្រាប់អ្នកណាដាច់ខាត ពិសេសពួកគាត់ជាឪពុកម្តាយ ក្រុមគ្រួសារ បន្ទាប់មក ជនសង្ស័យក៏បានគេចចេញបាត់ទៅ។ ភ្លាមៗនោះ កូនស្រីរបស់គាត់ ក៏បានយករឿងនេះប្រាប់គាត់ជាម្តាយ ទើបគាត់ប្រញាប់ទៅដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើភ្លាមៗ សមត្ថកិច្ចបានចុះអន្តរាគមន៍ ស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យខាងលើបាន រួចនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ។
ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី។
ដោយឡែកក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារ បញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕