ភ្នំពេញ ៖ តារាសម្តែង និងជាតារាកំប្លែង លោកអៀង ចេនឡា បានទទួលមរណភាព កាលពីវេលាម៉ោង ៨និង៣៨នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងអាយុ ៣៨ឆ្នាំ បន្ទាប់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត

បានខិតខំព្យាយាមជួយសង្គ្រោះជីវិតរបស់លោកអស់ពីលទ្ធភាព និងអស់រយៈពេលជាច្រើនថ្ងៃមកហើយ ខណៈដែលលោកអៀង ចេនឡា បានកើតមានជំងឺរលាកស្រោមខួរក្បាលកម្រិតធ្ងន់។

ពិធីករស្ថានីយទូរទស្សន៍ហង្សមាស លោកសុខ រ៉ាស៊ី ដែលត្រូវជាជាប្អូនប្រុសបង្កើតរបស់លោកអៀង ចេនឡា បានបញ្ជាក់ប្រាប់ថា បងប្រុសរបស់លោក គឺលោកអៀង ចេនឡា បានទទួលមរណភាព កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីក្រុមគ្រូពេទ្យជួយសង្គ្រោះអស់ពីលទ្ធភាពរួចមក។

លោកសុខ រ៉ាស៊ី បានថ្លែងទាំងអួលអាក់ថា “ខ្ញុំដកអុកស៊ីសែនគាត់ (អៀង ចេនឡា) នៅវេលាម៉ោង ៨និង៣៨នាទីយប់ ថ្ងៃទី២៨ កុម្ភៈ ចំណែកពិធីបុណ្យ រៀបចំធ្វើនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ”។
ជាមួយនេះ លោកសុខ រ៉ាស៊ី ក៏បានបង្ហោះសារទុក្ខសោកតាមបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកថា “ហេតុអីទេវតាធ្វើបាបខ្ញុំម៉្លេះ បងប្អូនសល់តែពីរនាក់ ឥឡូវបងប្រុសខ្ញុំចាកចេញទៅម្នាក់ទៀតហើយ…”។

គួរបញ្ជាក់ថា តារាកំប្លែង លោកអៀង ចេនឡា បានចូលសម្រាកព្យាបាលផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។ សមាជិកគ្រួសារ បានបញ្ជាក់ថា លោកមានសភាពធ្ងន់ធ្ងរ ហាក់អស់សង្ឃឹម និងគួរឱ្យបារម្ភជាខ្លាំង ដោយសាមីខ្លួនផ្ទាល់និយាយរវើរវាយ លែងមានម្ចាស់ការលើខ្លួនឯង។

គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្តែង អៀង ចេនឡា បានបាត់មុខមាត់ពីវិស័យសិល្បៈ ដោយសារតែសំងំព្យាបាលជំងឺរបស់ខ្លួន លុះក្រោយពេលបង្ហាញមុខម្តងម្កាលសាជាថ្មី ត្រូវបានមហាជនកត់សម្គាល់ឃើញថា រូបរាងរបស់លោកហាក់ស្គមស្គាំងខុសប្លែកធម្មតា។ ស្រាប់តែក្រោយមក ក៏ទទួលបានដំណឹងថា លោកអៀង ចេនឡា បានធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ រហូតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត តែអកុសល ទោះបីជាក្រុមគ្រូពេទ្យជំនាញប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីសង្គ្រោះយ៉ាងណាក្តី ក៏លោកអៀង ចេនឡា នៅតែមិនអាចតតាំងឈ្នះនឹងជំងឺដ៏កាចសាហាវមួយនេះ រហូតឈានដល់បាត់បង់ជីវិតតែម្តង៕