Saturday, May 3, 2025
Homeសន្ដិសុខសង្គមប្តីឈ្លោះប្រពន្ធ ខឹងឪក្មេកឃាត់ កាប់១ផ្គាក់

ប្តីឈ្លោះប្រពន្ធ ខឹងឪក្មេកឃាត់ កាប់១ផ្គាក់

ខេត្តប៉ៃលិន ៖ ប្តីប្រពន្ធ ២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាយ៉ាងខ្លាំង រហូតដល់បុរសចំណាស់ជាឪពុកក្មេក ឃើញបែបនេះ ខ្លាចកូនប្រសាប្រុសប្រើអំពើហិង្សា វាយដំមកលើកូនស្រីបង្កើតរបស់ខ្លួន ក៏បានចូលទៅឃាត់ តែកូនប្រសាមិនត្រឹមតែមិនខ្ចីស្តាប់ប៉ុណ្ណោះទេ បែរជាទាញកាំបិតផ្គាក់ កាប់ប្រហារឪពុកក្មេក ១កាំបិត ចំជើង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ រួចរត់គេចខ្លួនបាត់។

ករណីអំពើហិង្សា កូនប្រសាកាប់ឪពុកក្មេក ១ផ្គាក់ បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជនដៃដល់ជាកូនប្រសា ដែលកាប់ឪពុកក្មេក ១កាំបិត រួចរត់គេចខ្លួនបាត់នោះ មានឈ្មោះម៉ម ពិសី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ចំណែកជនរងគ្រោះជាឪពុកក្មេក មានឈ្មោះតូត ខ្លា ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (របួសធ្ងន់ជើងខាងស្តាំ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៩និង២៦នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋស្ទឹងកាច់ បានទទួលពាក្យបណ្តឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចំនួន ១ករណី ដោយជនរងគ្រោះឈ្មោះតូត ខ្លា បានប្តឹងចោទប្រកាន់ទៅលើឈ្មោះម៉ម ពិសី ត្រូវជាកូនប្រសារបស់ខ្លួន ថាបានប្រើអំពើហិង្សា កាប់ប្រហារមកលើខ្លួនជាឪពុកក្មេក ចំនួន១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ត្រង់ជើងខាងស្តាំ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ កូនស្រីបង្កើតរបស់គាត់ និងជនសង្ស័យជាកូនប្រសា (២នាក់ប្តីប្រពន្ធ) បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាយ៉ាងខ្លាំង។ ឃើញបែបនេះ រូបគាត់ជាឪពុកក្មេក នឹកខ្លាចកូនប្រសា (ជនសង្ស័យ) ជ្រុលប្រើអំពើហិង្សាទៅលើប្រពន្ធ (កូនស្រីបង្កើត) ទើបគាត់បានចូលទៅឃាត់ពួកគេកុំឱ្យឈ្លោះគ្នាតទៅទៀត។ ដឹងអី ស្រាប់តែកូនប្រសាប្រុសចិត្តកំណាចរបស់គាត់ មិនត្រឹមតែមិនខ្ចីស្តាប់សម្តីគាត់ដែលជាឪពុកក្មេកប៉ុណ្ណោះទេ តែបែរជាស្ទុះទាញយកកាំបិតផ្គាក់ មកកាប់ប្រហាររូបគាត់ ១កាំបិត ត្រូវចំកំភួនជើងស្តាំ បណ្តាលឱ្យរបួសយ៉ាងធ្ងន់តែម្តង។ ចំណែកជនដៃដល់ជាកូនប្រសា ក្រោយពេលកាប់ប្រហាររូបគាត់រួចហើយ ក៏បានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES