ខេត្តកំពង់ធំ ៖ រថយន្តធុនធំមួយគ្រឿង កំពុងបើកបរលើដងផ្លូវសុខៗ មិនដឹងថាជួបឧបសគ្គអ្វី ស្រាប់តែរេចង្កូតក្រឡាប់នៅកណ្តាលផ្លូវ សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរឆ្លងកាត់ ប៉ុន្តែអ្វីដែលជារឿងគួរឱ្យភ្ញាក់ផ្អើលនោះ គឺក្រោយពេលក្រឡាប់ រថយន្ត ១គ្រឿងនេះ ក្អួតចេញមកសុទ្ធតែឈើប្រណីត។

ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្តដែលផ្ទុកឈើពេញទ្រុង ជួបគ្រោះថ្នាក់ចរាចរណ៍នេះ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 3A-9224 ដឹកឈើពីទឹកដីខេត្តព្រះវិហារ ឆ្លងកាត់ទឹកដីខេត្តកំពង់ធំ ឆ្ពោះទៅរាជធានីភ្នំពេញ។

ប្រភពបានបន្តថា ក្រោយពីមានហេតុការណ៍បែបនេះ អាជ្ញាធរសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ ចំពោះរថយន្តដឹកឈើដែលក្រឡាប់នៅកណ្តាលផ្លូវ។ ក៏ប៉ុន្តែអាជ្ញាធរសមត្ថកិច្ចជំនាញ ហាក់ព្យាយាមលាក់បាំងចំពោះហេតុការណ៍នេះ។

ទោះជាយ៉ាងណា អាជ្ញាធរមិនបានបញ្ជាក់ថា រថយន្តដឹកឈើនេះ មានច្បាប់អនុញ្ញាតពីជំនាញពាក់ព័ន្ធឬអត់នោះទេ ហើយក៏មិនបានបញ្ជាក់ថា ជារបស់ក្រុមហ៊ុនឬរបស់ឈ្មួញមួយណាដែរ។

យោងតាមប្រភពពីខេត្តកំពង់ធំ បានឱ្យដឹងថា សកម្មភាពនៃការដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ នៅតែបន្តកើតមាន បើទោះបីអាជ្ញាធរខេត្តចំនួនពីរនេះ បានខិតខំរឹតបន្តឹងទប់ស្កាត់បង្ក្រាបយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញនៅតែមានឈ្មួញដឹកជញ្ជូនឈើ ឆ្លងកាត់ខេត្តកំពង់ធំ បានដោយរលូនដដែល៕