ភ្នំពេញ ៖ យុវជនជាសិស្សសាលា ២នាក់ ជិះម៉ូតូចេញពីរៀន សំដៅទៅផ្ទះ លុះនៅតាមផ្លូវ ក៏បានជួបនឹងយុវជន ២នាក់ទៀត រួចក៏សម្លឹងមុខឌឺដងដាក់គ្នា រហូតកើតជាជម្លោះប្រតាយប្រតប់ រួចក៏បែកផ្លូវគ្នាវិញទៅ ស្រាប់តែគូទំនាស់បានទៅហៅបក្ខពួកថែម ២នាក់ទៀត ប្រដាប់ដោយកាំបិតប៉័ងតោ ១ដើមផង បានតាមមករកមុខយុវជនជាសិស្សសាលាទាំង២នាក់ដែលជាគូទំនាស់ រួចក៏កាប់ប្រហារយុវជនម្នាក់ ១កាំបិត បណ្តាលឱ្យរយះក្បាល រងរបួសយ៉ាងដំណំ ទីបំផុត សមត្ថកិច្ចចុះអន្តរាគមន៍ចាប់វាយខ្នោះជនសង្ស័យបានចំនួន ៣នាក់ ខណៈដែលបក្ខពួក ម្នាក់ទៀត រត់គេចបាត់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១០បេតេ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
ជនសង្ស័យទាំង ៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះអ៊ុន សារីវ៉ាន់នុត ហៅទី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ផ្ទះគ្មានលេខ ផ្លូវ៧៧បេតេ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (គ្មានផ្ទុកសារធាតុញៀន)។ ទី២-ឈ្មោះ ឆោម ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ផ្ទះជួលផ្លូវ៣១បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ (គ្មានផ្ទុកសារធាតុញៀន) និងទី៣-ឈ្មោះកែវ ចន្ថារ៉ាវុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ (គ្មានផ្ទុកសារធាតុញៀន)។ រីឯវត្ថុតាងចាប់យក រួមមាន កាំប៉័ងតោ ចំនួន១ដើម ម៉ូតូ ចំនួន២គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ លេខតួ-លេខម៉ាស៊ីន 8894067 ពាក់ស្លាកលេខ ភ្នំពេញ 1BY-9214 និងម៉ាកហុងដា ស្គូបពី ពណ៌ក្រហម លេខតួ -លេខម៉ាស៊ីន 5067784 ពាក់ស្លាកលេខ ភ្នំពេញ 1BU-0892។

ចំណែកជនរងគ្រោះ មានឈ្មោះវីត ភានីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅផ្ទះលេខ១៥ ផ្លូវលេខ៤៥បេតេ ភូមិត្នោតជ្រំ៥ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ (របួសក្បាលពីក្រោយ)។
លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះវីត ភានីត បានជិះម៉ូតូ ១គ្រឿង ម៉ាកស្គូបពី ពណ៌ក្រហម ដឹកមិត្តភក្តិប្រុស ចេញពីវិទ្យាល័យផ្សារដើមថ្កូវ ត្រឡប់ទៅផ្ទះ នៅចំណុចផ្លូវលេខ ១០បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ តែពេលធ្វើដំណើរមកដល់ចំណុចផ្លូវលេខ១២បេតេ ក៏បានជួបជនសង្ស័យចំនួន ២នាក់ (ឈ្មោះអ៊ុន សារីវ៉ាន់នុត ហៅទី និងឈ្មោះឆោម ដារ៉ា) ជិះម៉ូតូ ១គ្រឿង ម៉ាកស្គូបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BU-0892 សម្លឹងមើលមុខគ្នា ក៏បានមានទំនាស់ពាក្យសំដី និងវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយជនសង្ស័យទាំង២នាក់ ក៏បានជិះម៉ូតូចេញទៅវិញបាត់ ចំណែកជនរងគ្រោះឈ្មោះវីត ភានីត បានជិះម៉ូតូដឹកមិត្តភក្តិបន្តដំណើរទៅផ្ទះ នៅផ្លូវលេខ១០បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ខណៈពេលនោះ ស្រាប់តែជនសង្ស័យឈ្មោះអ៊ុន សារីវ៉ាន់នុត ហៅទី និងឈ្មោះឆោម ដារ៉ា បាននាំបក្សពួក ២នាក់ទៀត ឈ្មោះកែវ ចន្ថារ៉ាវុទ្ធ និងឈ្មោះសាល ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BY-9214 ប្រដាប់ដោយកាំបិតប៉័ងតោ ចំនួន១ដើម មកធ្វើសកម្មភាពកាប់ជនរងគ្រោះឈ្មោះវីត ភានីត បណ្តាលឱ្យរបួសក្បាលពីក្រោយ ចំនួន១កន្លែង ហើយជនសង្ស័យ នាំគ្នារត់គេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះ បានមកព្យាបាលរបួសនៅគ្លីនិកឯកជន (ក្បែរផ្សារបឹងទំពន់) សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ឱ្យជួយស្រាវជ្រាវ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានចុះទៅពិនិត្យកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះអ៊ុន សារីវ៉ាន់នុត នៅសង្កាត់ទួល ទំពូង២ ខណ្ឌចម្ការមន ហើយបន្តឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ទៀត ឈ្មោះចោម ដារ៉ា និងឈ្មោះកែវ ចន្ថារ៉ាវុទ្ធ យកមកសាកសួរជាបន្តបន្ទាប់ ចំណែកបក្សពួកជនសង្ស័យឈ្មោះ សាល បានរត់គេចខ្លួនបាត់ នៅចំណុចផ្លូវលេខ១២បេតេ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕