ខេត្តកណ្តាល ៖ ក្មេងស្រីវ័យជំទង់ចំនួន ៣នាក់ បានបបួលគ្នាចុះទៅងូតទឹកទន្លេ លេងដូចសព្វដង លុះក្រោយមក ក្មេងស្រី ២នាក់ បានហែលលេងនៅឆ្ងាយ (ឃ្លាតពីច្រាំង) រួចក៏លង់ទាំង២នាក់ ទើបក្មេងស្រីម្នាក់ដែលនៅក្បែរមាត់ច្រាំង ទាញបានឫស្សី ១ដើម បោះឱ្យក្មេងស្រីម្នាក់ តោងរួចទាញឡើងគោករួចរស់ជីវិត បន្ទាប់មកក៏បានបោះប៊ីដុង១ ឱ្យក្មេងស្រីម្នាក់ទៀតតោងដែរ តែនាងតោងមិនជាប់ ក៏លិចចូលទឹកបាត់ លង់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីលង់ទឹកខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ ចំណុចមាត់ច្រាំងទន្លេមេគង្គ ភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។
ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះវាសនា ស្រីនៅ អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។

តាមការបំភ្លឺពីក្មេងស្រីឈ្មោះភឹម រស្មី ជាមិត្តភក្តិរបស់ក្មេងស្រីរងគ្រោះ និងជាអ្នកចុះលេងទឹកជាមួយគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបនាងនិងក្មេងស្រីរងគ្រោះ ឈ្មោះវាសនា ស្រីនៅ ព្រមទាំងឈ្មោះសេង រតនាសោភ័ណ្ឌ ដែលជាមិត្តភក្តិនឹងគ្នា បាននាំគ្នាចុះ ងូតទឹកទន្លេ នៅចំណុចកើតហេតុខាងលើ ដំបូងមានមនុស្សចាស់ ៣នាក់ ងូតទឹកនៅក្បែរទីនោះដែរ ក្រោយមកពួកគាត់បានឡើងទៅផ្ទះមុន ពេលនោះឈ្មោះវាសនា ស្រីនៅ

និងឈ្មោះសេង រតនាសោភ័ណ្ឌ ចេញទៅងូតទឹកឆ្ងាយពីមាត់ច្រាំង ចំណែករូបនាងបានប្រាប់ថា កុំទៅឆ្ងាយៗពេក ប្រយ័ត្នលង់ទឹក ស្រាប់តែភ្លាមនោះឈ្មោះវាសនា ស្រីនៅ និងឈ្មោះសេង រតនាសោភ័ណ្ឌ ក៏លង់ទឹក ហើយបានលើកដៃឱ្យជួយ ឃើញបែបនេះ នាងក៏បានបោះឫស្សីឱ្យឈ្មោះសេង រតនាសោភ័ណ្ឌ តោងហើយទាញមកច្រាំង និងបានបោះប៊ីដុងប្រេង ឱ្យឈ្មោះវាសនា ស្រីនៅ តោងដែរ តែនាងចាប់មិនជាប់ ក៏លិចបាត់ចូលទៅក្នុងទឹក

បន្ទាប់មករូបនាង និងឈ្មោះសេង រតនាសោភ័ណ្ឌ បាននាំគ្នារត់ទៅប្រាប់ឪពុកម្តាយជនរងគ្រោះ ទើបឪពុកម្តាយជនរងគ្រោះបាននាំគ្នាមករាវរកជនរងគ្រោះនៅក្នុងទឹក រហូតដល់វេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃដដែល ទើបឃើញជនរងគ្រោះ ក៏ស្រង់ពីក្នុងទឹក តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពក្មេងស្រីរងគ្រោះ មានទឹកចេញតាមច្រមុះ និងមាត់ ពោះមានទឹក ក្រចកដៃពណ៌ស្វាយ មានដីក្នុងក្រចក ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។
សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕