Friday, May 2, 2025
Homeសង្គម និងជីវិតកូនប្រុសប្រក់ដំបូលផ្ទះឪ ខ្សែភ្លើងឆក់ធ្លាក់ស្លាប់

កូនប្រុសប្រក់ដំបូលផ្ទះឪ ខ្សែភ្លើងឆក់ធ្លាក់ស្លាប់

ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានឡើងទៅប្រក់ដំបូលស័ង្កសីផ្ទះឪពុកបង្កើតរបស់ខ្លួន ស្រាប់តែអកុសល ជាន់ប៉ះចំខ្សែភ្លើងកកិតដាច់សំបកជ័រ ធ្វើឱ្យឆក់ធ្លាក់មកចុះដី មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារ នាំគ្នាជួយសង្គ្រោះភ្លាមៗដែរ ប៉ុន្តែអកុសលយឺតពេលទៅហើយ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប។

បុរសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ធ្លាក់ពីដំបូលផ្ទះ បណ្តាលឱ្យស្លាប់នោះ មានឈ្មោះសំ មន្ថា ហៅទ្រីត អាយុ៤២ឆ្នាំ មុខរបរជាងដែក មានលំនៅ កន្លែងកើតហេតុខាងលើ។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ឈ្មោះសំ មន្ថា ហៅទ្រីត បានឡើងទៅប្រក់ដំបូលស័ង្កសីផ្ទះឪពុកបង្កើតរបស់ខ្លួន លុះពេលកំពុងប្រក់នោះ ស្រាប់តែអកុសល បានប៉ះចំខ្សែភ្លើងកកិតដាច់សំបកជ័រ ទើបបណ្តាលឱ្យឆក់ ធ្លាក់មកដល់ដី បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារ ជួយសង្គ្រោះភ្លាមៗដែរ តែនៅមិនដឹងខ្លួន ទើបប្រញាប់ហៅរថយន្តសាមុយ មន្ទីរពេទ្យបង្អែកស្វាយទាប មកដឹកយកទៅសង្គ្រោះដែរ ប៉ុន្តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាមសមត្ថកិច្ចនគរបាលស្រុកសហការ ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យ ចុះមកពិនិត្យសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយត្រូវខ្សែភ្លើងឆក់ រួចធ្លាក់ពីលើដំបូល ចុះដល់ដីប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES