ខេត្តបន្ទាយមានជ័យ ៖ សិស្សសាលាចំនួនប្រមាណ២០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ នាយកសាលា រាយការណ៍សុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ បញ្ជូនរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍សិស្សសាលាដួលសន្លប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចបរិវេណវិទ្យាល័យភ្នំធំ ស្រុកមង្គលបុរី។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សិស្សវិទ្យាល័យភ្នំធំ បាននាំគ្នាចូលរៀនសូត្រនៅតាមបន្ទប់រៀន រៀងៗខ្លួនដូចសព្វដង ស្រាប់តែមកដល់វេលាម៉ោងប្រមាណ ៩និង៣០នាទីព្រឹកថ្ងៃដដែល សិស្សសាលាដែលកំពុងអង្គុយរៀនក្នុងថ្នាក់សុខៗ បានដួលសន្លប់ជាបន្តបន្ទាប់ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ នាយកសាលា ទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ធ្វើការសង្គ្រោះបន្ទាន់។

លោកអភិបាលស្រុក បញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានសិស្សសាលាដួលសន្លប់ជាបន្តបន្ទាប់នេះ ដោយនៅវេលាម៉ោង ៩និង៣០ព្រឹកនោះ អាកាសធាតុហាក់មានភាពក្តៅខ្លាំង ខ្យល់ចេញចូលមិនគ្រប់គ្រាន់ ទើបធ្វើឱ្យសិស្សដែលកំពុងតែរៀន មានអាការថប់ដង្ហើម ដួលសន្លប់តែម្តង។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីបញ្ជូនសិស្សានុសិស្សទៅមន្ទីរពេទ្យ ដោយខ្លះបានដឹកតាមម៉ូតូ ទៅមន្ទីរពេទ្យ គ្លីនិកឯកជនមួយចំនួន នៅក្បែរទីតាំងសាលារៀន និងបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបុរី ចំនួន ៥នាក់។

រហូតមកទល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល សិស្សដែលដួលសន្លប់ទាំង ២០នាក់នោះ មានអាការធូរស្បើយ និងបានត្រឡប់ទៅលំនៅឋានរៀងខ្លួនខ្លះ នៅសល់មួយចំនួន ពេទ្យបន្តតាមដាន និងអនុញ្ញាតឱ្យចេញ នៅរសៀលថ្ងៃដដែលនោះផងដែរ៕