Thursday, June 19, 2025
Homeតារាខ្មែរពេជ្រ សោភា ១ឆ្នាំ បានត្រឹម២ ខកចិត្តបាត់ទៅហើយ

ពេជ្រ សោភា ១ឆ្នាំ បានត្រឹម២ ខកចិត្តបាត់ទៅហើយ

ពេជ្រ សោភា អាចនឹងប្រឈមខកចិត្តធំ ព្រោះពេលនេះនាងជៀសមិនផុតពី ”ស្រីរ៉ស់ក៏រួច ទន្សាយក៏រួច”ឡើយ។ ការដែលសោភា អាចនឹងស្រឡះដៃធេងនេះ ព្រោះថា រយៈពេលជាង១ឆ្នាំទៅហើយ ដែលនាងមិនហ៊ានចេញបទចម្រៀងថ្មីៗទេ សុខចិត្តធ្វើរួចហើយ ផ្អឹបទុកក្នុងដៃដល់ទៅ៣០បទ ដោយរំពឹងថា នឹងព្រលែងបទចម្រៀងទាំងនោះ វាយលុកផ្គួបគ្នាជាមួយបទប្រពៃណី ចូលឆ្នាំខ្មែរ ២០២១ ខាងមុខនេះ។

ប៉ុន្ដែក្ដីរំពឹងរបស់សោភា បានរលាយទៅវិញ ដូចអំបិលត្រូវទឹក ព្រោះតែកូវីដ កាន់តែផ្ទុះខ្លាំង ទើបធ្វើឲ្យនាងសម្រេចចិត្តចេញផ្អាកថត MV ទាំងស្រុងតែម្ដង ខណៈដែលបទប្រពៃណីឆ្នាំនេះ សោភា ថានាងទើបតែបានថតត្រឹមតែ២បទប៉ុណ្ណោះ។

ការស្ទះបទចម្រៀងជាថ្មីរបស់សោភា នៅពេលនេះ ធ្វើឲ្យនាងកាន់តែស្ងប់ស្ងាត់ថែមទៀតជាមិនខាន ខណៈដែលតារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីម៉ា ឯណោះវិញ បានចេញបទចម្រៀងបុកផ្ទួនៗ តាំងពីមុនកូវីដ ផ្ទុះខ្លាំង​ធ្វើឲ្យពេលនេះនាងក្លាយជាតារាចម្រៀងវ័យក្មេងដែលមានប្រៀបជាងគេ។ ប៉ុន្តែសោភា បែជាថា ចង់អ្នកណាឡើងដល់ឋានព្រះឥន្ទ ឬព្រះចន្ទ ក៏នាងមិនខ្វល់ដែរ ព្រោះថា ពេលនេះសុខភាពសំខាន់ជាងបទផ្ទុះ។

ពេជ្រ សោភា វាចាថា អំឡុងពេលនេះនាងឃើញតារាចម្រៀងទាំងអស់ស្ងាត់ដូចតែគ្នា គ្មានអ្នកណាផ្ទុះទេ អីចឹងនាងមិនបារម្ភឡើយ ព្រោះកាលៈទេសៈនេះ បើមានបទល្បី ក៏មិនដឹងជាយកទៅច្រៀងនៅឆាកឆាកតន្ត្រីណាដែរ។ នាងថា ការលុបចោលគម្រោងថត MV សម្រាប់ចូលឆ្នាំនេះ គឺមិនអាចកំណត់ថា នឹងថតពេលណាឡើយ ព្រោះមិនដឹងពេលណាស្ងាត់កូវីដ។

ប៉ុន្តែសោភា ថា សម្រាប់នាង គឺមិនបារម្ភខ្លាចផ្ទុកកូវីដ-១៩ នោះទេ ព្រោះថានាងបានប្រុងប្រយ័ត្នខ្ពស់ការពារជំងឺមួយនេះ តាំងពីដំបូងម្ល៉េះ  ហើយសូម្បីតែការថតបទមទចម្រៀង ក៏នាងមានស្ទូឌីយោផ្ទាល់ខ្លួន នៅផ្ទះដែរ អីចឹងទុកចិត្តច្រើនថា មិនអាចផ្ទុកកូវីដឡើយ ព្រោះតាមរយៈការធ្វើតេស្ដជាលើកទី១ កាលពីថ្ងៃទី១២ ខែមីនា នោះ នាងក៏បានលទ្ធផលអវិជ្ជមានផងដែរ។

ទោះជាយ៉ាងណា អំឡុងពេលដែលធ្វើចត្តាឡីស័កនៅតែផ្ទះ ដើម្បីត្រៀមធ្វើតេស្ដជាលើកទី២ នោះ នាងថា បានត្រៀមចិត្តកាយរួចជាស្រេច គឺថាបើរកឃើញមានផ្ទុកកូវីដ គឺមានតែទៅព្យាបាលតាមការណែនាំរបស់គ្រូពេទ្យ ព្រោះជំងឺនេះអាចព្យាបាលជា មិនដូចគ្រោះថ្នាក់ចរាចរណ៍ បុកប្រាវដាច់កនោះឡើយ។

ប៉ុន្តែសោភា ថា បើចៃដន្យអាក្រក់ នាងធ្វើតេស្ដលើកទី២ ចេញ Positive នោះ នាងមានតែយកឧបករណ៍តន្រ្ដី និងការត្រៀមទៅនិពន្ធបទចម្រៀងនៅក្នុងបន្ទប់នោះតែម្ដង។

គេកត់សម្គាល់ថា ការអះអាងរបស់ពេជ្រ សោភា នេះ គឺជាសារមួយលើកទឹកចិត្តដល់អ្នកជំងឺកូវីដ កុំឲ្យបាក់ទឹកចិត្តត្រូវជឿលើក្រុមគ្រូពេទ្យ ព្រោះជំងឺនេះនឹងព្យាបាលជាឡើងវិញ។

ទោះជាយ៉ាងណា គេជឿថា សោភា ផ្ទាល់ ក៏កំពុងតែបន់ស្រន់ឲ្យព្រះយេស៊ូ ជួយដើម្បីឲ្យនាងគេចផុតពីជំងឺនេះផងដែរ ព្រោះថាគ្មាននណាម្នាក់ចង់កើតជំងឺដ៏កាចសាហាវនេះឡើយ។

តាមរយៈការជាប់គាំងបទចម្រៀងក្នុងដៃដល់ទៅ៣០បទនេះ ពេជ្រ សោភា ពិបាកនឹងធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានលំនឹង ខណៈដែលមហាជនមើលឃើញថា នៅផលិតកម្មរស្មីហង្សមាស ពេលនេះ មានតែតារាចម្រៀងខេមរៈ សិរីមន្ដ ម្នាក់ប៉ុណ្ណោះ ដែលកំពុងហក់ឡើង៕ ដោយ ៖ ហ៊ឹម វិចិត្រ

RELATED ARTICLES