Thursday, June 19, 2025
Homeព័ត៌មានជាតិឯកឧត្តមហ៊ឹម យ៉ាន ៖ បំបៅដោះកូន ជាកាតព្វកិច្ចម្តាយញគ្រប់រូប តែត្រូវសុំប្រធានអង្គភាពសិន មុនពេលបង្ហោះរូបកន្លែងប្រតិបត្តិការ

ឯកឧត្តមហ៊ឹម យ៉ាន ៖ បំបៅដោះកូន ជាកាតព្វកិច្ចម្តាយញគ្រប់រូប តែត្រូវសុំប្រធានអង្គភាពសិន មុនពេលបង្ហោះរូបកន្លែងប្រតិបត្តិការ

ក្រោយពីបែកធ្លាយរូបភាពស្ត្រីនគរបាលចរាចរណ៍ម្នាក់ បំបៅកូនពេលចុះបំពេញភារកិច្ច ដែលបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន បានកោតរសើរដែលស្ត្រីរូបនោះបំពេញភារកិច្ចជូនជាតិផង និងបំពេញតួនាទីជាម្តាយផង បានយ៉ាងល្អ ស្រាប់តែមិនបានប៉ុន្មានផង លោកអធិការរងស្រុកសៀមប៉ាង បានហៅកូនចៅរូបនេះ ទៅធ្វើកិច្ចសន្យាបញ្ឈប់បង្ហោះរូបភាពបែននេះទៀត ដែលធ្វើឲ្យមហាជនធ្វើការរិះគន់យ៉ាងចាស់។

ប៉ុន្តែយ៉ាងណា នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍ បានពន្យល់ថា ការបំបៅកូន គឺជាកាតព្វកិច្ចស្ត្រីគ្រប់រូប តែការបង្ហោះរូបភាព ត្រូវសុំប្រធានអង្គភាពជាមុនសិន។

ឯកឧត្តម ហ៊ឹម យ៉ាន

ស្ត្រីនគរបាលចរាចរណ៍រូបនោះ មានឈ្មោះស៊ីថុង សុខា អត្តលេខ៧១៦៥៥ តួនាទីជាអធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង។

កាលពីពេលថ្មីៗ ស្ត្រីនគរបាល ស៊ីថុង សុខា បានបង្ហោះសារលើគណនីហ្វសប៊ុក ឈ្មោះ Sokha Konkatlao ដែលមានអត្ថន័យថា “ព្រោះតែពាក្យថាម៉ែ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូនអស់ភាពខ្មាសអៀន (នេះហើយជីវិតពិត)”។

ក្រោយពេលបង្ហោះនេះភ្លាម លោកអធិការស្រុកសៀមប៉ាង បានហៅកូនចៅរូបនេះទៅធ្វើកិច្ចសន្យាឈប់បង្ហោះរូបភាពបែបនេះក្នុងទំព័រហ្វេសប៊ុក ដោយកិច្ចសន្យានោះមានអត្ថន័យថា “នាងខ្ញុំអនុសេនីយ៍ទោ ស៊ីថុង សុខា អត្តលេខ៧១៦៥៥ តួនាទីជាអធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង សូមសន្យាដូចខាងក្រោម៖

១. នាងខ្ញុំគ្មានបំណងផុសFacebook ដែលមិនសមរម្យ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសអង្គភាពនគរបាល ប្រមទាំងកិត្តិយសស្ត្រីខ្មែរទេ។

២ . ប្រសិនបើនាងខ្ញុំមិនគោរពពាក្យសន្យាខាងលើ នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រោយពេលបែកធ្លាយកិច្ចសន្យានេះភ្លាម មហាជនជាច្រើនមានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើមន្ត្រីនគរលបាល ដែលគ្រាន់តែកូនចៅខ្លួនឯងបង្ហោះរូបបំបៅដោះកូនប៉ុណ្ណឹងសោះ ហៅធ្វើកិច្ចសន្យា។

បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងពីមហាជនអ្នកលេងហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍ បានចេញមកពន្យល់ថា “ការបំបៅកូនជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប តែការផ្តល់ព័ត៌មាន ឬរូបភាពនៅកន្លែងប្រតិបត្តិការរបស់នគរបាល ត្រូវសុំការអនុញ្ញាតជាមុនពីប្រធានអង្គភាព។ ការធ្វើកិច្ចសន្យាមិនមែនជាការដាក់វិន័យ គឺគ្រាន់តែជាការអប់រំ ឲ្យចេះបំពេញការងារបានត្រឹមត្រូវ”។

នាយឧត្តមសេនីយ៍បន្តថា ដូច្នេះករណីរបស់ស្ត្រីនគរបាលចរាចរណ៍បំបៅដោះកូននៅខេត្តស្ទឹងត្រែង ទោះប្រើប្រាស់ឯកសណ្ឋានកងកម្លាំងក្តី គឺមិនមានអ្វីខុសឆ្គងទេ ជាកាតព្វកិច្ចរបស់ស្ត្រីគ្រប់រូប ប៉ុន្តែរាល់ការផ្តល់ព័ត៌មាន ឬការបញ្ចេញរូបភាព នៅកន្លែងប្រតិបត្តិការ គឺត្រូវសុំការអនុញ្ញាតជាមុនពី ប្រធានអង្គភាពរបស់ខ្លួនជាមុនសិន៕

RELATED ARTICLES