Friday, June 20, 2025
Homeតារាខ្មែរឌុច លីដា ប្រាប់ថា នឹងរៀបការម្តងទៀត ខណៈកំពុងល្បីឡើងជាជំទាវ

ឌុច លីដា ប្រាប់ថា នឹងរៀបការម្តងទៀត ខណៈកំពុងល្បីឡើងជាជំទាវ

ឌុច លីដា ក្លាយទៅជាជំទាវហើយ។ នេះជាការលើកឡើងរបស់តារាដែលជិតស្និទ្ធបំផុតជាមួយតារាកូន១ ឌុច លីដា បន្ទាប់ពីនាងព្រមបង្ហាញមុខស្វាមីជាសាធារណៈ ជាមួយការជិះរថយន្ដទំនើបៗ ដូចជា Ford និង Lexus NX200t ជាដើម។

ទោះជាយ៉ាងណា ការទាក់ទងទៅឌុច លីដា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នេះ ទូរស័ព្ទចូលតែនាងមិនព្រមលើកទេ ទើបមិនអាចសុំការបំភ្លឺរឿងស្ងាត់ៗ ត្រូវគេហៅថានាងជាជំទាវតូចនេះឡើយ។

ប៉ុន្ដែក្នុងជំនួបកន្លងមក លីដា ធ្លាប់បង្ហើបថា ស្វាមីរបស់នាងជាមន្រ្ដីរាជការម្នាក់ តែនាងសុំមិននិយាយពីតួនាទី ឬមុខងាររបស់ប្ដីថា បម្រើការនៅក្រសួងណាឡើយ។

ឌុច លីដា បានសម្រាលកូនប្រុសដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីដើមឆ្នាំ២០២០​បើទោះជានាងមិនដែលរៀបការពីមុនក៏ដោយ។ ដោយសារតែមានការរិះគន់ថា លីដា ជាតារាល្បីឈ្មោះមិនសមសាងស្នេហ៍ដោយឥតខាន់ស្លានោះ ទើបកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្លាយរឿងលីដា រៀបការ ។

ពិធីរៀបមង្គលបែបលាក់លៀមនោះ ធ្វើឲ្យលីដា កាន់តែផុងខ្លួនទៅនឹងរឿងគេសង្ស័យថា ប្ដីនាងអាចមានប្រពន្ធកូន ហើយមុនមកភ្ជាប់ស្នេហ៍ជាមួយនាងនោះ ទើបធ្វើឲ្យលីដា ត្រូវបង្ខំចិត្តបញ្ចេញមុខប្ដីឲ្យគេស្គាល់ ហើយទីបំផុតនាងបានស្រាលខ្លួនឡើងវិញ ព្រោះបើសិនជាប្ដីនាងមានប្រពន្ធកូនមែន ប្រាកដជាលីដា មិនអាចឲ្យគេស្គាល់មុខប្ដីជាដាច់ខាត។ ប៉ុន្តែពេលនេះ លីដា មិនត្រឹមតែហ៊ានកៀកកើយប្ដីជាសាធារណៈនោះទេ តែជាញឹកញាប់នាងតែងតែចេញមុខសរសើរប្ដីថា ជាបុរសម្នាក់ដែលធ្វើឲ្យនាងកក់ក្ដៅ និងតែងតែលើកទឹកចិត្តនាងគ្រប់ពេលផងដែរ។

ឌុច លីដា ធ្លាប់ប្រាប់អ្នកយកព័ត៌មាន ”នគរធំ” កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ថា រឿងដែលគេថា នាងរៀបការកាលពីថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២០ នោះ តាមពិតនាងពិតជាបានធ្វើពិធីសែនព្រេនខ្លះៗមែន ហើយមូលហេតុដែលមិនទាន់ហ៊ានធ្វើធំដុំដូចគេ ព្រោះតែកូវីដ-១៩ ។ នាងថា ពេលនេះកូនប្រុសរបស់នាងមានអាយុជាង១ឆ្នាំទៅហើយ អីចឹងពេលកូនអាយុ៣ទៅ៤ឆ្នាំ នាងនឹងរៀបការជាចំហ ដែលពេលនោះកូនរបស់នាងនឹងធ្វើជាកូនអណ្ដើកឲ្យនាងតែម្ដង។

ក្រៅពីឌុច លីដា តារាដែលក្លាយទៅជាជំទាវ មានដូចជា អ្នកនាងស៊ឹម សូលិកា, នៅ សុនិតា, ផាន់ ម៉ូនីកា, ចាន់ កែវនិមល ជាដើម ខណៈអតីតតតារាសម្ដែង៤ដួង គឺអ្នកនាងស្រីតូច ចំណាន, ពេជ្រ ច័ន្ទបរមី និងឱក បូរី និងលី យ៉ាណា ក្លាយទៅជាជំទាវដ៏មានឥទ្ធិពលនិងមានទ្រព្យមហាសាល។

ដោយឡែកឌុច លីដា តាំងពីសម្រាលកូន និងបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយប្ដីវ័យចំណាស់មក ពេលនេះគេឃើញនាងបានចាប់ផ្ដើមរយាលពីអាជីពសិល្បៈបន្ដិចម្ដងៗ ដែលគេជឿថា មិនយូរទេនាងនឹងផ្ដាច់ខ្លួនទាំងស្រុងពីអាជីពចាស់ ដូចអតីតតារាមួយចំនួនខាងលើដែរជាមិនខាន។

ប៉ុន្តែលីដា ធ្លាប់ប្រាប់ថា ក្រោយមានប្ដីនិងកូន១នេះ នាងនៅទទួលតែការងារសិល្បៈខ្លីៗប៉ុណ្ណោះ ចំពោះការថតរឿងភាគ ឬចុះទៅថតខេត្តឆ្ងាយៗនោះ នាងមិនទាន់ធ្វើបានទេ ព្រោះចង់ផ្ដោតលើការបំពេញតួនាទីជាស្រី្ដមេផ្ទះ និងមើលថែរកូនច្រើនជាង។

លីដា ថែមទាំងអះអាងថា មិនអាចហាមឃាត់គេមិនឲ្យនិយាយមិនល្អ ឬរិះគន់នាងនោះទេ សំខាន់នាងដឹងខ្លួនឯង ហើយសម្រាប់ជីវិតនាងការរៀបការមិនមែនជារឿងដែលចាំបាច់បំផុត ដោយខានមិនបាននោះឡើយ៕ ដោយ ៖ ហ៊ឹម វិចិត្រ

RELATED ARTICLES