តារាចម្រៀងថោន អ្នកនាងយក់ ថិតរដ្ឋា បានប្រមូលកូនឲ្យម្ដាយនាងស្រោចទឹកឲ្យជាមួយនាង នៅថ្ងៃខួបកំណើតនាង គម្រប់អាយុ៣៨ឆ្នាំ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះ ខណៈដែលស្វាមីនាង លោកឃុំ ប៉ុណ្ណាដែត ក៏បានផ្ញើសារជូនពរប្រពន្ធផងដែរ តាមរយៈសំណេរ ”រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់ ជូនពរអូន និងកូន មានសុខភាពល្អ I Love You Honey”។

មុនប្រារព្ធខួបកំណើតនេះ យក់ ថិតរដ្ឋា និងប្ដី បានពង្រីកអាជីវកម្មអចលនទ្រព្យផ្នែកលក់ដីធ្លី កាន់តែមានទ្រង់ទ្រាយធំជាងមុន ស្របពេលដែលប៉ុណ្ណាដែត បានដើរចេញពីអាជីពសិល្បៈ និងរកស៊ីមុខរបនេះ ជាយូរឆ្នាំមកហើយ ទើបពេលនេះមានជីវភាពធូរធាខ្លាំង ដោយទិញបានផ្ទះផ្ទាល់ខ្លួនជាច្រើនកន្លែង និងកំពុងជិះរថយន្ដទំនើបៗ ដូចជា Lexus LX570 , Range Rover និង Alphard ជាដើម។

ប៉ុន្តែអ្នកនាងថិតរដ្ឋា នៅតែបន្ដអាជីពចម្រៀងនៅថោន ហើយថ្មីៗនេះ អ្នកនាងប្រាប់ថា ទោះជាតារាសំខាន់ថោន២ដួង គឺមាស សុខសោភា និងខេម ចេញព្រមគ្នាក្ដី ប៉ុន្ដែអ្នកនាងគ្មានគម្រោងផ្លាស់ប្ដូរផលិតកម្មឡើយ ដោយថែមទាំងមានគម្រោងចេញបទចម្រៀងឆ្លងឆ្លើយគ្នា នៅលើយូធូប ជាមួយតារាចម្រៀងពេជ្រ សោភា របស់ហង្សមាស ទៀតផង។

យក់ ថិតរដ្ឋា បានរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត កាលពីឆ្នាំ២០០៦ ដែលចំណងស្នេហាជាង១៥ឆ្នាំ ប្ដីប្រពន្ធតារា១គូនេះ ទទួលបានចំណងដៃកូន៣នាក់ (ស្រី១) ក្នុងនោះ មានកូនប្រុសទី១. ឈ្មោះឃុំ រដ្ឋាណាលីដូ អាយុជាង១៣ឆ្នាំ, កូនប្រុសទី២ ឈ្មោះឃុំ រដ្ឋាណាលីឌី អាយុជាង៥ឆ្នាំ និងកូនស្រីទី៣. ឃុំ រដ្ឋាណាតាលី អាយុជា៥ខែ។

តារាចម្រៀងថោន រូបនេះ ធ្លាប់អះអាងថា នាងឈប់យកូនត្រឹម៣នាក់នេះហើយ ព្រោះរាល់ការសម្រាលកូនទាំង៣នាក់ នាងឆ្លងកាត់ការវះកាត់ទាំងអស់ ហេតុនេះហើយធ្វើឲ្យសុខភាពនាងចុះខ្សោយជាងមុន។

រដ្ឋា ថា សម្រាប់សុភមង្គលក្នុងគ្រួសារការមានកូនប្រុស២ ស្រី១នេះ គឺគ្រប់គ្រាន់ហើយសម្រាប់នាង អីចឹងទោះជាប្ដីរំអុកទារកូនថែម ក៏នាងមិនពពោះទៀតដែរ៕
