Friday, June 20, 2025
Homeព័ត៌មានជាតិស្ត្រីថៃបាត់ប្តី តាមមករកនៅស្រុកខ្មែរ ពឹងប្រុសនាំផ្លូវ បែរជាជួបសមត្ថកិច្ច

ស្ត្រីថៃបាត់ប្តី តាមមករកនៅស្រុកខ្មែរ ពឹងប្រុសនាំផ្លូវ បែរជាជួបសមត្ថកិច្ច

ខេត្តបាត់ដំបង ៖ ស្ត្រីជនជាតិថៃ ចំនួន២នាក់ បានព្យាយាមឆ្លងដែនចូលមកក្នុងទឹកដីខ្មែរតាមច្រករបៀង បំណងតាមរកប្តីខ្មែររបស់ខ្លួន និងត្រូវបានបុរសជនជាតិខ្មែរ ជាមេខ្យល់ម្នាក់ ជាអ្នកនាំផ្លូវ ដើម្បីគេចពីការធ្វើចត្តាឡីស័ក ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសជាមេខ្យល់បញ្ជូនទៅតុលាការ ចំណែកស្ត្រីថៃ ទាំង២នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក។

ករណីខាងលើនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។

សមត្ថកិច្ច បានឱ្យដឹងថា មេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់នោះ ឈ្មោះហែម ម៉ាប់ អាយុ៣៩ឆ្នាំ នៅភូមិពោជ្រៃ ឃុំសិរីមាជ័យ ស្រុកសំពៅលូន។ ដោយឡែក ស្ត្រីជនជាតិថៃ ម្នាក់ឈ្មោះណាប់ ផាផន អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ សុផាផន អាយុ២៣ឆ្នាំ រស់នៅក្រុងបាងកក។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យមេខ្យល់ បានប្រាប់សមត្ថកិច្ចថា ខ្លួនបាននាំស្ត្រីជនជាតិថៃ ទាំង២នាក់នោះ ឆ្លងដែនចូលស្រុកខ្មែរ ដើម្បីស្វែងរកប្តីដែលជាជនជាតិខ្មែរ ដោយខ្លួនបាននាំនារីថៃ នោះ ឆ្លងដែនតាមច្រករបៀងមួយកន្លែង លុះចូលដល់ទឹកដីខ្មែរ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មេខ្យល់និងស្ត្រីជនជាតិថៃ ខាងលើ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន លេខ៨១៧ និងកម្លាំងយោធាកងពលលេខ៥៣ ឃាត់ខ្លួន ក្រោយឆ្លងដែនពីថៃ មកដល់ដីខ្មែរ។

ប្រភពដដែល បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន ជនទាំង៣ ត្រូវបានបញ្ជូនទៅកាន់អធិការស្រុកសំពៅលូន ដើម្បីចាត់ការបន្ត។ ប៉ុន្តែបើតាមព័ត៌មានចុងក្រោយ មេខ្យល់ឈ្មោះ ហែម ម៉ាប់ អាចនឹងត្រូវបញ្ជូនទៅតុលាការ រីឯស្ត្រីជនជាតិថៃ ទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក ដែលនៅស្រុកសំពៅលូន៕

RELATED ARTICLES