សឿ សុធារ៉ា កាន់តែបង្ហាញកាយវិការប្លែកៗនៅរយៈពេលជិតកន្លះឆ្នាំចុងក្រោយនេះ ដោយនាងលែងបណ្តើរប្តី សាពូន មីដាដា ទាំងស្រុងតែម្តង ខណៈដែលមិត្តរួមអាជីពជាច្រើនកាន់តែសង្ស័យថា នាងនិងប្តីបានចែកផ្លូវគ្នាដើរទៅហើយ តែសុធារ៉ា បែរជាគ្មានប្រតិកម្ម ឬតតបឡើយ។
ចំណែកលោកសាពូន មីដាដា វិញ បញ្ចោញសារ ហាក់ដូចជាមានភ្លើងកំពុងតែឆេះសន្ធោសន្ធៅ ក្តៅខ្លាំង ណាស់ពេលនេះ…។

មិនមែនជាលើកទី១ឡើយ ដែលមានដំណឹងថា អ្នកនាងសឿ សុធារ៉ា និងលោកសាពូន មីដាដា លែងលះគ្នានោះ ព្រោះក្រោយរៀបការហើយភ្លាមៗ អាជីពសិល្បៈរបស់ពួកគេធ្លាក់ចុះព្រមគ្នានោះ ក៏មានព័ត៌មានថា អ្នកទាំង២ ជួបវិបត្តិសេដ្ឋកិច្ច ហើយរង្គោះរង្គើស្នេហ៍ដែរ។ ប៉ុន្តែនៅទីបំផុត ចំណងស្នេហាសឿ សុធារ៉ា-សាពូន មីដាដា អាចរក្សាបានរហូតដល់ទៅ១១ឆ្នាំ ដោយទទួលបានចំណងដៃកូនប្រុសស្រី ២នាក់ គឺកូនស្រី ទី១. ឈ្មោះសាពូន ដារ៉ាពិមាន អាយុជិត ១០ឆ្នាំ និងកូនប្រុស ទី២. ឈ្មោះសាពូន ដារ៉ាបុរស អាយុ ៣ឆ្នាំ។

ប្តីប្រពន្ធតារាមួយគូនេះ ថែមទាំងវាយបកដំណឹងថា ពួកគេជួបវិបត្តិសេដ្ឋកិច្ចនោះ តាមរយៈការទិញរថយន្ត Lexus LX570 ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ជិះយ៉ាងកាលីពទៀតផង។ ប៉ុន្តែអំឡុងពេលដែលហ៊ឺហានេះ ភាពសោះកក្រោះក៏បានកើតឡើងព្រមគ្នាផងដែរ តាមរយៈសុធារ៉ា វិលមករកអាជីពសិល្បៈសាជាថ្មីឡើងវិញ ដោយស្ម័គ្រចិត្តធ្វើជាតួម្តាយ ហើយនាងទៅណាតែម្នាក់ឯង គ្មានការជិះរថយន្ត ឬបណ្តើរប្តីសាពូន មីដាដា ទៅដូចមុនទៀតឡើយ។

នៅគណនីហ្វេសប៊ុករបស់នាង ដែលប្រើឈ្មោះកូនស្រីថា Sapoun Darapemean នោះ បានលុបរូបប្តីនាង មីដាដា ចេញអស់គ្មានសល់សូម្បីតែ១ប៉ុស្តិ៍។ ប៉ុន្តែនៅគណនីហ្វេសប៊ុក លោក Sapoun Midada នៅរក្សារូបចាស់ជាមួយនាងនៅឡើយ ប៉ុន្តែរូបភាពថ្មីៗជាមួយគ្នា គ្មានទេ។

អ្វីដែលកាន់តែធ្វើឱ្យគេចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតនោះ សាពូន មីដាដា បានបញ្ចេញសារខូចចិត្តជារឿយៗ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល។ ហើយមិត្តភក្តិរបស់សាពូន មីដាដា ជាច្រើនបានបង្ហាញសញ្ញាស្ទិកកឺររូបស្រក់ទឹកភ្នែក ឬអាណិតលោកមីដាដា ចំពោះពាក្យពេជន៍ និងខ្លឹមសារសារដ៏ឈឺចាប់ទាំងនេះ…។
ប៉ុន្តែលោកមីដាដា មិនបានពន្យល់លម្អិតចំពោះការទម្លាយសាររបស់លោកនៅពេលនេះ ថាតើមានទាក់ទងដល់រឿងជីវិតពិតផ្ទាល់ខ្លួន ឬយ៉ាងណានោះទេ។

ដោយឡែក អ្នកនាងសឿ សុធារ៉ា ដែលធ្លាប់តែច្រឡោត ឬប្រតិកម្មចំពោះអ្នកណានិយាយថា នាងលែងប្តីនោះ ពេលនេះបែរជាស្ងប់ស្ងាត់ ហើយមិនតតបចំពាះពាក្សខ្សឹបខ្សៀវទាំងនោះទៅវិញ។ នាងទៅចូលរួមកម្មវិធីអ្នកសិល្បៈដែលជិតដិតដោយទឹកមុខស្រងូតស្រងាត់ ហើយព្រមផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានមួយចំនួន ដែលនិយាយអ្វីទៅតាមគោលការណ៍ដែលនាងចង់បានប៉ុណ្ណោះ មិនមានការបំភ្លឺពីជីវិតស្នេហាដែលកំពុងផ្ទុះការសង្ស័យថា នាងលែង ប្តីនេះឡើយ។

អ្នកយកព័ត៌មានមានយើងមិនអាចសុំការបំភ្លឺពីអ្នកនាងសឿ សុធារ៉ា បានឡើយ ព្រោះលេខទូរស័ព្ទដែលនាងធ្លាប់ប្រើកន្លងមក មិនអាច ទាក់ទងបាន។

សឿ សុធារ៉ា បានដឹកដៃលោកសាពូន មីដាដា រៀបការកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០០៩ ដោយតាំងពីចាប់ដៃគ្នា ១១ឆ្នាំនេះ សុធារ៉ា បានផ្អាកពីការងារសិល្បៈ ទៅបើកហាងសម្អាងការ ខណៈដែលលោកមីដាដា ចោលចម្រៀង ងាកទៅផ្តោតលើរឿងនយោបាយ។ ការផ្អើល រឿងសុធារ៉ា លែងប្តីមីដាដា ជាថ្មីនេះ នាំឱ្យមានការចាប់អារម្មណ៍ ទាំងមជ្ឈដ្ឋានមហាជននិងអ្នកសិល្បៈ ខណៈដែលមន្ត្រីធំៗកាន់តែច្រើន រង់ចាំត្រងស្នេហ៍សុធារ៉ា ប្រសិនបើនាងអស់និស្ស័យស្នេហ៍ជាមួយសាពូន មីដាដា ដូចការលេចឮមែននោះ… ៕ ដោយ ៖ ហ៊ឹម វិចិត្រ
