Friday, June 20, 2025
Homeព័ត៌មានជាតិឯកឧត្តមហ៊ុន ម៉ានី លើកទឹកយុវជនចូលរួមថែរក្សាអត្តសញ្ញាណ និងស្នាដៃបុព្វបុរស រួចច្នៃប្រឌិតថ្មី ដើម្បីពង្រីកសេដ្ឋកិច្ចវប្បធម៌ជាតិ

ឯកឧត្តមហ៊ុន ម៉ានី លើកទឹកយុវជនចូលរួមថែរក្សាអត្តសញ្ញាណ និងស្នាដៃបុព្វបុរស រួចច្នៃប្រឌិតថ្មី ដើម្បីពង្រីកសេដ្ឋកិច្ចវប្បធម៌ជាតិ

នៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា បានលើកទឹកឲ្យយុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ ចូលរួមថែរក្សាអត្តសញ្ញាណ និងស្នាដៃបុព្វបុរស ហើយឈានដល់ការច្នៃប្រឌិតថ្មី ដើម្បីពង្រីកសេដ្ឋកិច្ចវប្បធម៌ជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារលើទំព័តហ្វេសប៊ុកនៅថ្ងៃនេះ ថា “ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ។

ទោះបីជាកាលៈទេសៈនេះយើងមិនអាចប្រារព្ធពិធីនានាក្នុងសហគមន៍បាន តែតាមរយៈស្មារតីនៃភាពជាខ្មែរ (Cambodianess) របស់យើងម្នាក់ៗដែលតែងតែមាន បានជំរុញឲ្យខ្មែរម្នាក់ៗប្រារព្ធ និងអបអរសាទរទិវាវប្បធម៌នាថ្ងៃនេះ រៀងៗខ្លួន ដើម្បីឧទ្ទិសដល់សាវតាដ៏រុងរឿងគួរជាទីស្ញប់ស្ញែងនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសប្រកបដោយវប្បធម៌ អរិយធម៌សម្បូរបែបក្នុងតំបន់អាស៊ី និងលើពិភពលោក។

កន្លងមកនេះ យុវជនកម្ពុជា ជាពិសេសក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការថែរក្សា ប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួននូវ វប្បធម៌ ប្រពៃណី និងឈានដល់ការបង្ហាញភាពអស្ចារ្យនានានៃវប្បធម៌ខ្មែរលើឆាកអន្តរជាតិ តាមរយៈការរៀបចំ និងគាំទ្រកម្មវិធីនានាដូចជា៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ (នៅប្រទេសសិង្ហបុរី) ការសម្តែងរឿងព្រះវេសន្តជាតក ការនាំត្រឡប់មកវិញនូវគ្រឿងអលង្កាបុរាណខ្មែរ ព្រឹត្តិការណ៍បំបែកកំណត់ត្រាជាតិ និងពិភពលោក ព្រមទាំងការបង្ហាញសមត្ថភាពផ្សេងៗរបស់យុវជនស.ស.យ.ក.យើងជាច្រើនបែប ច្រើនសណ្ឋានក្នុងកម្មវិធីជាតិ និងអន្តរជាតិ។

ទឹកចិត្តនៃការចូលរួមទាំងអស់បានបង្ហាញពីក្តីស្រឡាញ់ ស្មារតីស្នេហាជាតិ ស្នេហាវប្បធម៌ជាតិ ដែលរួមចំណែកដល់ការអភិរក្ស ការផ្សព្វផ្សាយ និងលើកស្ទួយតម្លៃវប្បធម៌ជាតិ ក៏ដូចជាសុខដុមនីយកម្មនៃប្រជាជាតិកម្ពុជា។ ជាមួយការចូលរួមអបអរសាទរនៅថ្ងៃនេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់យុវជនទាំងអស់បន្តថែរក្សាអត្តសញ្ញាណ និងស្នាដៃបុព្វបុរស ហើយឈានដល់ការច្នៃប្រឌិតថ្មី ដើម្បីពង្រីកសេដ្ឋកិច្ចវប្បធម៌ជាតិឲ្យកាន់តែលេចធ្លោ”៕

RELATED ARTICLES