Friday, June 20, 2025
Homeព័ត៌មានជាតិលើកទី៣នេះ ខំយកទៅលាក់ទុកក្នុងព្រៃ សមត្ថកិច្ចតាមរកទាល់តែឃើញទៀត

លើកទី៣នេះ ខំយកទៅលាក់ទុកក្នុងព្រៃ សមត្ថកិច្ចតាមរកទាល់តែឃើញទៀត

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគារចំនួន២ដងរួចមកហើយ លុះទើបនឹងចេញមកវិញថ្មីៗ មិនបានប៉ុន្មានផង ក៏រមាស់ដៃលួចម៉ូតូរបស់គេយកទៅលាក់ទុកក្នុងគុម្ពោតព្រៃ ទីបំផុត ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននាំយកទៅញាត់គុកជាលើកទី៣។

ករណីចោរកម្ម (លួចម៉ូតូ) ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។

សង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកែវ ឈឺ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិក្រាំងពល ទេព សង្កាត់រការធំ ក្រុងច្បារមន ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន២លើករួចមកហើយ ពីបទលួច។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាធំ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ថាមានករណីគាស់លួសសំណាញ់ដែកចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។

ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាធំ សហការជាជំនាញនគរបាលយុត្តិធម៌ក្រុងច្បារមន បានធ្វើការ ស្រាវជ្រាវ រហូតឈានដល់ការឃាត់មុខសញ្ញាសង្ស័យឈ្មោះកែវ ឈឺ ដែលជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន២លើក រួចមកហើយ ពីបទលួច និងបានធ្វើការដកហូតម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-7224 ដែល ជនសង្ស័យយកមកលាក់ទុកនៅក្នុងព្រៃក្បែរថ្នល់រទេះភ្លើង ក្រោយដីឡូត៍ ឈួន គឹមសាន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសុំណុំរឿង បញ្ជូនទៅចាត់ការតាមនីតីវិធី៕

RELATED ARTICLES