ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ១គ្រឿង មកពីលេងផ្ទះមិត្តភក្តិ លុះមានអារម្មណ៍ថាអត់សូវស្រួលខ្លួន ក៏ចូលទៅម៉ាស្សារយៈពេលមួយម៉ោង អស់៣ដុល្លារ លុះពេលចេញមកវិញ រកម៉ូតូជិះត្រឡប់ទៅផ្ទះ ស្រាប់តែបាត់ម៉ូតូ ទោះសួរអ្នកណាក៏ឆ្លើយថាមិនដឹង មានតែរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះកោសជប់ ម៉ាស្សាមួយកន្លែង យីហោ ហេងហេង ១៦៨ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមសម្តីបុរសរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់ទើបតែចេញមកពីលេងផ្ទះមិត្តភក្តិនៅឯម្តុំភ្នំពេញថ្មី ហើយក៏បើកម៉ូតូ ១គ្រឿង ម៉ាហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1Q-8365 គោលបំណងជិះទៅផ្ទះវិញ នៅឯចាក់អង្រែក្រោម។

ជនរងគ្រោះ បន្តថា លុះពេលធ្វើដំណើរមកតាមផ្លូវហាណូយ ដោយសារតែអស់កម្លាំងពេក ក៏ឆ្លៀតចូលទៅម៉ាស្សានិងកោសខ្យល់នៅផ្ទះម៉ាស្សា យីហោ ហេងហេង ១៦៨ រយៈពេលមួយម៉ោង ក្នុងតម្លៃ៣ដុល្លារ ដោយចតម៉ូតូទុកនៅខាងមុខ រួចក៏ចូលទៅម៉ាស្សា។ ពេលចេញមកវិញ ស្រាប់តែអត់ឃើញម៉ូតូ។ លុះពេលសួរអ៊ំស្រី២នាក់នោះ អ្នកនៅខាងមុខ គាត់និយាយថា អត់បានដឹងទេ ដោយសារតែគាត់ងងុយដេកពេក ក៏ដេកនៅខាងមុខមួយភាំង ចំណែកអ្នកនៅខាងក្នុង ក៏មិនដឹងថា ម៉ូតូគាត់បាត់តាំងពីកាលនោះទេ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋតែម្តង។

ជនរងគ្រោះ បានបន្តទៀតថា ពេលដែលគាត់ទុកម៉ូតូនៅខាងមុខនោះ បានចាក់សោ-កដែរ តែចោរបានកាច់កម៉ូតូគាត់យកទៅបាត់។

ក្រោយពេលកើតហេតុខាងលើនេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលគោកឃ្លាង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅផ្លូវច្បាប់៕