ភ្នំពេញ ៖ បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមថា តួឯកប្រុសរូបសង្ហា លោកឃឹម ហ្សានិត ដែលបានសម្តែងឈុតឆាកស្នេហាជាមួយស្រីស្អាត សេង រដ្ឋា អតីតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២០ ល្បីថាកំលោះកូនមួយរូបនេះ លង់ស្នេហ៍តួឯកស្រីក្រៅឆាកនោះមក កញ្ញា សេង រដ្ឋា បានចេញមុខបំភ្លឺតាម «នគរធំ» រួចមកហើយ ដោយកញ្ញាបានច្រានចោលថាបាក្យលេចឮនោះ មិនមែនជាការពិតទេ។ ជាមួយនេះ ស្ត្រីជាភរិយាលោកឃឹម ហ្សានិត នៅពេលបានឃើញរូបភាពប្តីឱបស្រីស្អាតជាតួឯកស្រី និងស្របពេលលេចឮពាក្យចចាមអារ៉ាមខាងលើនេះផង ក៏បានរំលឹកស្វាមីថា «កុំឱបស្អិតពេក ប្រពន្ធចាំនៅផ្ទះ» ទំនងជាចង់ដាស់តឿនស្វាមីជាប្រុសស្អាត កុំឲ្យលង់ដូចពាក្យគេសង្ស័យ។

គួរបញ្ជាក់ថា តារាសម្តែងនិងបង្ហាញម៉ូដរូបសង្ហា លោកឃឹម ហ្សានិត ធ្លាប់បានសម្តែងជាតួឯក ភាពយន្ត និងរឿងភាគទូរទស្សន៍ ជាច្រើនរឿងមកហើយ ជាពិសេសចុងក្រោយនេះ លោកបានតំណែងជាតួឯក ក្នុងរឿងភាគ «បាបស្នេហ៍អតីត» ចាប់ដៃគូមួយជាមួយស្រីស្អាត សេង រដ្ឋា អតីតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២០។
ការប៉ះគ្នាជាលើកដំបូង រវាងលោកឃឹម ហ្សានិត និងស្រីស្អាតសេង រដ្ឋា ដែលមានការសម្តែងឈុតឆាកស្នេហា ឱបកៀកកើយគ្នានេះហើយ ទើបនាំឲ្យលេចឮពាកយចចាមអារ៉ាមថា តួឯកប្រុសដែលជាកំលោះកូនមួយនេះ លង់ស្នេហ៍តួឯកស្រីក្រៅឆាក។

ពាក់ព័ន្ធពាក្យចចាមអារ៉ាមខាងលើនេះ ទោះបីជាមិនទាន់មានការបំភ្លឺសាមីខ្លួន លោកឃឹម ហ្សានិត តែមុននេះ កញ្ញាសេង រដ្ឋា ជាតួឯកស្រីដែលរួមសម្តែងជាមួយលោកឃឹម ហ្សានិត បានចេញមុខបំភ្លឺប្រាប់ «នគរធំ» ច្បាស់ៗរួចហើយថា មិនមែនជាការពិតទេ ដោយកញ្ញាបញ្ជាក់ថា លោកឃឹម ហ្សានិត ដឹងខ្លួនថាមានប្រពន្ធកូនហើយ មិនអាចក្បត់ចិត្តភរិយាបានទេ ហើយទោះបីលោកឃឹម ហ្សានិត ចង់ប្រែចិត្តយ៉ាងណា ក៏កញ្ញា មិនអាចទទួលក្តីស្នេហាពីបុរសដែលជាប្តីគេបានឡើយ។
ទោះជាយ៉ាងណា ទំនងជាចង់រំលឹកស្វាមី ឲ្យនឹកដល់ប្រពន្ធដែលចាំនៅឯផ្ទះ ភរិយារបស់ លោកឃឹម ហ្សានីត បានផ្ញើសារទៅស្វាមីថា «រក្សាគម្លាត កុំឱបពេក នីសា ចាំនៅផ្ទះ»។

ជាការឆ្លើយតប លោកឃឹម ហ្សានិត បានផ្ញើសារទៅភរិយាវិញថា «រក្សាណាស់គម្លាត កុំបារម្ភអីណាម៉ាក់នីសា»។
យ៉ាងណា លោកឃឹម ហ្សានិត បញ្ជាក់ថា ភរិយាលោក មិនចេះប្រចណ្ឌទេ ព្រោះនាងយល់ច្បាស់ពីការងាររបស់លោក ជាតារាសម្តែង ដែលរមែងមានការឱបថើប កៀកកើយជាមួយតួស្រី តែគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ។
ដោយឡែកពាក់ព័ន្ធពាក្យចចាមអារ៉ាមខាងលើនេះដែរ កញ្ញាសេង រដ្ឋា បានចេញមុខបំភ្លឺ តាមរយៈ ”នគរធំ” កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា មិនមែនជាការពិតឡើយ កញ្ញា គ្មានស្នេហាក្រៅឆាកជាមួយលោកឃឹម ហ្សានិត ដែលជាតួឯកប្រុសក្នុងរឿង “បាបស្នេហ៍អតីត” នោះទេ។

កញ្ញាសេង រដ្ឋា បញញជាក់ថា កញ្ញា និងលោកឃឹម ហ្សានិត គ្មានអីនឹងគ្នាក្រៅឆាក ក្រៅពីនៅក្នុងការសម្ដែងទេ ហើយលោកហ្សានិត ក៏ដូចជាមិនមានចិត្តអ្វីមកលើកញ្ញា ក្រៅពីការសម្ដែងដែរ។
កញ្ញា សេង រដ្ឋា បញ្ជាក់ថា «មានតែនៅក្នុងការសម្ដែង គាត់ណែនាំខ្ញុំឲ្យធ្វើអ៊ីចេះៗ ហើយអ្នកសម្ដែងទាំងអស់ យើងសុទ្ធតែមានភាពស្និទ្ធស្នាលនឹងគ្នាទាំងអស់។ និយាយទៅ ពួកគាត់ជាតួសម្ដែងទាំងអស់ រូមទាំងគាត់ជាតួឯកប្រុសផង ប្រៀបដូចជាប៉ា ដូចជាបងប្អូននៅក្រៅអ៊ីចឹង។ គាត់ជាមនុស្សមានចរិតល្អ ពេលដែលខ្ញុំសម្ដែងជាមួយគាត់ គាត់ធ្វើម៉េចឲ្យមានការគាំទ្រ បានន័យថា សម្ដែងជាមួយគាត់ បានចុះសម្រុងនឹងគ្នាល្អ គាត់ព្យាយាមកែចំណុចខុសក្នុងការសម្ដែងរបស់យើង»។

កញ្ញាសេង រដ្ឋា បន្តថា «អី្វដែលជាក់ស្ដែង វាមិនអាចទៅរួច ដូច្នេះខ្ញុំចង់ជម្រាបមជ្ឈដ្ឋានមហាជន ឲ្យបានច្បាស់ថា ជាទូទៅនៅក្នុងការសម្ដែងជាមួយគ្នា អាចនឹងមានសកម្មភាពនៅជាមួយគ្នា ហើយនិងសកម្មភាពផ្សេងទៀត ដើម្បីទាក់ទាញឲ្យទស្សនិកជនមើល តាមដានតូឯកប្រុសស្រីហ្នឹង មានសកម្មភាពនៅក្នុងរឿងហ្នឹង ហើយដូចខ្ញុំបញ្ជាក់ពីខាងដើម ពេលសម្ដែងជាមួយនោះ គាត់ព្យាយាមធ្វើយ៉ាងម៉េច ឲ្យខ្ញុំឆាប់ចាប់បាន ឆាប់សម្ដែងជាមួយគ្នាបានរលូន ឯនៅក្រៅសាច់រឿង មិនមានឡើយ សូម្បីតែដើរលេងជាមួយគ្នាអី ញ៉ាំអីជាមួយគ្នា ក្រោយការសម្ដែង ក៏មិនមានដែរ គឺសម្ដែងចប់ ទៅផ្ទះរៀងខ្លួន គឺអាចថា ខ្ញុំសម្ដែងចប់ ម៉ោង៣ ទៅផ្ទះម៉ោង៣។ និយាយឲ្យខ្លីទៅ ជីវិតពិត វាខុសពីជីវិតសម្ដែង តែអ្នកខ្លះ ភាគច្រើនគាត់តែងតែយល់ច្រឡំថា ដូចគ្នា ដូចនេះខ្ញុំចង់បា្រប់ថា កុំមានការយល់ច្រឡំថា គាត់មានស្នេហានឹងខ្ញុំ»។

កញ្ញាសេង រដ្ឋា បញ្ជាក់បន្ថែមទៀតថា «ខ្ញុំនិយាយពាក្យខ្លីមួយម៉ាត់ គឺខ្ញុំសម្ដែងជាមួយគាត់ ហើយខ្ញុំនិងគាត់ ជាតួប្រុស តួស្រី ហើយខ្ញុំអត់មានផ្សេងក្រៅពីដូចតួសម្ដែង ដែលយើងរាប់អាន និយាយគ្នា ហើយខ្ញុំរៀនសូត្រពីគាត់ ទាំងបងហ្សានិត ដែរ ទុកគាត់ដូចជាបងប្រុសម្នាក់ ហើយភរិយារបស់គាត់ ក៏ដូចជាបងស្រីអ៊ីចឹងដែរ ព្រោះអីខ្ញុំជំនាន់ក្រោយ»៕
