សួស វីសា នៅតែមានព្រលឹង ក្រោយសម្រាលកូនបានជាង៤ខែនេះ គឺទម្ងន់មិនទាន់ស្រកចុះឡើយ ដែលនេះជាឧបសគ្គធំរបស់តារាចម្រៀងហង្សមាស រូបនេះ ក្នុងការវាយលុកទីផ្សារចម្រៀងសាជាថ្មីឡើងវិញ ខណៈដែលនាងបានស្ងប់ស្ងាត់គ្មានបទចម្រៀងចេញល្បីៗដូចមុន រយៈពេលជាង១ឆ្នាំមកហើយ ដែលអាចប្រឈមការបាត់ក្ដីស្រម៉ៃរបស់នាង ក្នុងការចង់ឈរជើងនៅផលិតកម្មរស្មីហង្សមាស កាន់តំណែងលេខ២ នោះជាមិនខាន ព្រោះថា កេរ្ដិ៍ឈ្មោះរបស់នាងពេលនេះ ហាក់ប្រែប្រួលខុសពីមុនមានប្ដីនិងកូន។

ដោយឡែក វីសា ធ្លាប់បានសារភាពថា នាងក៏ដឹងខ្លួនដែរថា ក្រោយរៀបការ គឺទាំងរូបនាង និងស្វាមី ប្រាកដជាប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះជាមិនខាន តែនាងបានត្រៀមខ្លួនរួចជាស្រេចទៅហើយ ក្នុងការទទួលយក។

យ៉ាងណា ថ្មីៗនេះដែរ គេឃើញវីសា បានសម្រុកថតសម្ដែងឡើងវិញ ដើម្បីទប់ស្កាត់ការធ្លាក់ចុះតទៅទៀតផងដែរ។ ប៉ុន្ដែនៅពេលត្រូវសួរពីការត្រៀមចេញបទចម្រៀងប្រភេទយ៉ាងណាខ្លះ ក្រោយមានកូន១នេះ វីសា បានឆ្លើយយ៉ាងខ្លី តាម Telegram ថា នាងមិនអាចផ្ដល់ចម្លើយបានទេ ព្រោះថានាងសម្រុកថតតាំងពីព្រឹកដល់យប់ជ្រៅ ហេតុនេះហើយមិនអាចសម្ភាសន៍ ឬតបទៅអ្នកកាសែតបានឡើយ។

សួស វីសា ធ្លាប់តាំងចិត្តថា នាងចង់បានតំណែងលេខ២ នៅហង្សមាស បន្ទាប់ពីឱក សុគន្ធកញ្ញា ប៉ុន្ដែពេលនេះ តារាហង្សមាស ឡើងគជាន់ជើងគ្នាទៅហើយ ហេតុនេះគេជឿថា វីសា ពិបាកដណ្ដើមភាពលេចធ្លោជាមិនខាន បើទោះជានាងជាតារាចម្រៀងម្នាក់ដែលមានសមត្ថភាពក្ដី។

ប៉ុន្តែទោះជាយ៉ាងណា តាំងពីវីសា បានដឹកដៃលោកថមមី រៀបការកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងសម្រាលកូនស្រីកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នោះមក គេឃើញវីសា កាន់តែមានជីវភាពធូរធាខ្លាំង ដូចជា នាងរស់នៅផ្ទះវីឡាស្កឹមស្កៃ និងជិះរថយន្ដទំនើបៗជាច្រើនគ្រឿងឆ្លាស់គ្នា មានដូចជា Lexus LX 570, Mazda និង Lexus NX 200t ជាដើម ដែលបញ្ជាក់ថាទោះជាកេរ្ដិ៍ឈ្មោះមិនដូចមុន ក៏មិនប៉ះពាល់ដល់សេដ្ឋកិច្ចវីសា ឡើយ៕



