Tuesday, November 25, 2025
Homeព័ត៌មានជាតិពូស័ក្តិ៤ស្រវឹង ថ្ងូរពិបាកចិត្ត រំសាយអារម្មណ៍ក្នុងបន្ទប់ទឹក

ពូស័ក្តិ៤ស្រវឹង ថ្ងូរពិបាកចិត្ត រំសាយអារម្មណ៍ក្នុងបន្ទប់ទឹក

ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ស្រាប់តែរមាស់ដៃនៅមិនសុខក៏ដកកាំភ្លើងខ្លីបាញ់លេងចំនួន៣គ្រាប់ ទុកជាការកម្សាន្ត ស្រាប់តែកាណុងមិនទាន់បាត់ក្តៅផង ក៏ត្រូវសមត្ថកិច្ចចុះមកចាប់វាយខ្នោះទាំងយប់ នាំយកទៅសួរនាំ។

ករណីមន្ត្រីយោធាផឹកស្រាស្រវឹង ដកកាំភ្លើងបាញ់៣គ្រាប់ និងត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួលលេខ C5 ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនបង្កជាខ្មាន់កាំភ្លើងខាងលើ មានឈ្មោះសោម ពិសិដ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរយោធាកងឯកភាពទីចាត់ការឃោសនាព័ត៍មានអគ្គបញ្ជាការ មានឋានន្តរស័ក្តិវរៈសេនីយ៍ត្រីយ៍ (ស័ក្តិ៤) ប្រើប្រាស់អាវុធខ្លីម៉ាក K59។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កបានមកផឹកស៊ីជាមួយមិត្តភក្តិសរុបមានគ្នា៤នាក់នៅក្នុងបន្ទប់ជួល ទីតាំងកើតហេតុខាងលើ។ លុះពេលកំពុងផឹកស៊ីនោះ ជនបង្កបានព្រលយពាក្យថា “ពិបាកចិត្តណាស់” ប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីទេ ទោះជាមិត្តភក្តិសួរនាំយ៉ាង ក៏មិនព្រមប្រាប់។

ប្រភពបន្ថែមថា ស្រាប់តែមួយសន្ទុះក្រោយមក ជនបង្កបានដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ ដោយក្នុងនោះបាញ់ក្នុងបន្ទប់ទឹក១គ្រាប់ បាញ់ទ្វារបន្ទប់១គ្រាប់ និងបាញ់ឡើងលើ១គ្រាប់ ដោយមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែធ្វើឱ្យកើតមានការផ្អើលឆោឡោ និងភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ព្រមទាំងភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុខាងលើ ភ្លាមៗ ព្រមទាំងបានឃាត់ខ្លួនជនបង្កជាខ្មាន់កាំភ្លើង នាំយកទៅសាកសួរផងដែរ។

បច្ចុប្បន្នជនបង្កររួមទាំងវត្ថុតាងត្រូវបាននគរបាលឃាត់ខ្លួន និងសាកសួររឿងលម្អិតនៃការផ្ទុះអាវុធនេះ មុននឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES