ខេត្តរតនគិរី ៖ ឈើក្រហមចម្រុះចំនួន៣៣កំណាត់ ដែលត្រូវបានក្រុមឈ្មួញយកទៅលាក់ទុកនៅក្បែរច្រករបៀង ដើម្បីរង់ចាំឱកាសល្អនាំចេញទៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាបរឹបអូសប្រមូលយកទៅរក្សាទុកប្រគល់ឱ្យជំនាញ។
ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចកំពង់ចម្លងទន្លេសេសាន មានចម្ងាយពីប៉ុស្តិ៍ច្រករបៀងភូមិភិក្រោម ប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបាដល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ។
សមត្ថកិច្ចចម្រុះដែលចុះក្នុងប្រតិបត្តិការខាងលើ រួមមាន មន្ត្រីបរិស្ថាន កម្លាំងនគរបាលស្រុកអូរយ៉ាដាវ កម្លាំងវរៈការពារព្រំដែនគោកលេខ៦២៣ រួមនឹងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវផងដែរ។

លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ថា ប្រតិបត្តិការខាងលើនេះមានការចង្អុលបង្ហាញពី លោកថង សាវុន អភិបាលខេត្តរតនគិរី និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោកងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីផងដែរ។
លោកបន្តថា មុននឹងឈានដល់ការបង្ក្រាប គឺកម្លាំងយើងបានប្រើប្រាស់មធ្យោបាយកាណូតចុះល្បាតរុករកស្រាវជ្រាវក្នុងទន្លេសេសាន ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ ក៏ទើបប្រទះឃើញឈើដែលក្រុមឈ្មួញលាក់ទុកក្នុងទន្លេនោះតែម្តង ហើយក៏ធ្វើការរឹបអូសយកទៅរក្សាទុក។ ឯឈើក្រហមចម្រុះនោះមានចំនួន៣៣កំណាត់ មិនទាន់បានធ្វើការវាស់វែងនៅឡើយ។
លោកថា ដោយសារទីតាំងភូមិសាស្ត្រខាងលើ អំណោយផលសម្រាប់ឈ្មួញឈើខ្មែរ និងវៀតណាម តែងតែលួចដឹកឈើចេញទៅវៀតណាមនោះណាស់។ លោកម៉ា វិចិត្រ ប្រធានគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវ បានយកកម្លាំងទៅដាក់ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឃ្លាំមើលបទល្មើសនោះបន្តទៀតផងដែរ។

វត្ថុតាងខាងលើដែលបង្ក្រាបបានត្រូវបានប្រគល់ឱ្យមន្ត្រីបរិស្ថានយកទៅរក្សាទុកដើម្បីចាត់ចែងតាមច្បាប់បន្ត។
ទាក់ទិននិងករណីខាងលើនោះប្រភពបានបង្ហើបថា កន្លងមកជំនួញឈើចាប់ផ្តើមប្រព្រឹត្តទៅបានដោយរលូន ដោយសារតែឈ្មួញវៀតណាមផ្តល់លុយឱ្យសមត្ថកិច្ចខិលខូចមួយចំនួន ដែលប្រចាំការនៅតាមច្រករបៀង ហើយមេច្រករបៀងខ្លះក៏បានអនុញ្ញាតឱ្យវៀតណាម ចូលមកស្នាក់នៅរងចាំទិញឈើពីក្រុមឈ្មួញទៀតផង៕