ភ្នំពេញ ៖ បងស្រីបង្កើតរបស់នារីរងគ្រោះជានិស្សិតពេទ្យ ដែលត្រូវគូដណ្តឹងបាញ់សម្លាប់កាលពីខែមករា ឆ្នាំ២០២០នោះ បានស្នើដល់រាជរដ្ឋាភិបាល និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់តាមចាប់ឃាតករឱ្យបាន កុំយល់ញាតិឃ្លាតច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនប្អូនស្រីរបស់នាង ព្រោះនាងយល់ថា អំពើឃាតកម្មលើប្អូនស្រីនាងដែលមានរយៈពេលជាងកន្លះឆ្នាំមកហើយ តែឃាតករនៅតែមានសេរីភាពដើរហើរធម្មតា មិនជាប់ទោស មកពីគេមានខ្នង មានខ្សែធំ ទើបសមត្ថកិច្ចមិនហ៊ានចាប់។

នាងជុន ផាន់ណា អាយុ២៩ឆ្នាំ ត្រូវជាបងស្រីទី៤របស់នារីរងគ្រោះជុន ឌីណា ដែលត្រូវគូដណ្តឹងឈ្មោះយឺន វ៉ាន់ដេត បាញ់សម្លាប់កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នា២០២០នោះ បានសរសេរនៅក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ថា “បាញ់សម្លាប់ ចាប់មិនបានមកទល់ពេលនេះ ឃាតករនៅតែមានសេរីភាពតាមការសង្កេតសង្គមបច្ចុប្បន្ន មានការបាញ់សម្លាប់ កាប់សម្លាប់កាន់តែច្រើន មូលហេតុមកពីអ្វី? អ្នកដែលជួបរឿងអយុត្តិធម៌ដូចពួកខ្ញុំ ទើបយល់។ ខ្ញុំសូមបញ្ជាក់មូលហេតុនៃការគិតរបស់ខ្ញុំ ៖
មូលហេតុទី១ ៖ អំពើឃាតកម្ម ឃាតករនៅតែមានសេរីភាពដើរហើរធម្មតា ហេតុអ្វីបានសម្លាប់មនុស្សមិនជាប់ទោស មកពីគេមានខ្នង មានខ្សែធំ គេមិនហ៊ានចាប់។
មូលហេតុទី២ ៖ ដោយមើលឃើញភាពអយុត្តិធម៌របស់ខ្លួន គ្មាននរណារកយុត្តិធម៌ឱ្យគ្រួសារនៃអ្នករងគ្រោះកើតចិត្តខឹង ក្លាយជាគំនុំសងសឹក គិតថាយើងតូចទាប គ្មានលុយ គ្មានអំណាច គេមិនរកយុត្តិធម៌ឱ្យទេ ចឹងមានតែជីវិតសងដោយជីវិត ដូច្នេះហើយអាចនិយាយបានថា ការកាប់សម្លាប់ នឹងអាចកើតមានកាន់តែច្រើន។

ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាល និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាកុំយល់ញាតិឃ្លាតច្បាប់ សូមជួយរកយុត្តិធម៌ជូនប្អូនខ្ញុំផង”។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ នាងជុន ផាន់ណា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ថា ការស្លាប់របស់ប្អូនស្រីនាងយូរពេកហើយ ជិតកន្លះឆ្នាំទៅហើយ នៅតែអត់ដឹងដំណឹងពីឃាតករ ទើបនាងស្នើឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ព្រោះបើសមត្ថកិច្ចយកចិត្តទុកដាក់ នាងជឿថា ប្រាកដជាអាចចាប់ឃាតករបានមិនខាន ដោយសារឃាតករមានតែម្នាក់ ឯអ្នកស្វែងរកមានច្រើននាក់។ ប៉ុន្តែបើសមត្ថកិច្ចយល់ញាតិ ឃ្លាតច្បាប់ វាពិតជាឧបសគ្គមួយធំបំផុតក្នុងការស្វែងចាប់ឃាតករ គឺវាអត់មានយុត្តិធម៌សម្រាប់ប្អូនស្រីនាង និងអ្នកផ្សេងទៀតដែលស្លាប់ហើយ អត់រកឃើញឃាតករទៀត ដោយសារតែការយល់ញាតិឃ្លាតច្បាប់នេះឯង។

នាងជុន ផាន់ណា បានបញ្ជាក់បន្តថា ពីមុនមក នាងធ្លាប់ឮពាក្យ “យល់ញាតិឃ្លាតច្បាប់” កើតឡើងចំពោះគ្រួសារដទៃ គឺធ្លាប់តែឃើញថា អ្នកស្លាប់ហើយ រកឃាតករអត់ឃើញ តែឥឡូវបានមកជួប សម្រាប់ប្អូនស្រីនាងអ៊ីចឹង ធ្វើឱ្យនាងគិតថា អយុត្តិធម៌ខ្លាំងណាស់ ហើយក៏កាន់តែនឹកស្រណោះទៅដល់ប្អូនស្រីខ្លាំងឡើងដែរ ដែលកើតក្នុងផ្ទៃម្តាយជាមួយគ្នា តែស្លាប់ទៅវិញ ក៏អត់ដឹងពាក្យលាមួយម៉ាត់ ក៏អត់បានឮ។
ពោលគឺនាងនៅតែសោកស្តាយចំពោះការបាត់បង់ប្អូនស្រីជាទីស្រលាញ់ ហើយបើចាប់ឃាតករមិនបានទៀត វារឹតតែធ្វើឱ្យក្រុមគ្រួសារនាងមានវិប្បដិសារៈ និងគិតថា មានភាពអយុត្តិធម៌ខ្លាំងបំផុត តែបើចាប់បានឃាតករ ទោះជានៅសោកស្តាយយ៉ាងណាក៏ដោយ ក៏មានអារម្មណ៍ថា អ្នកប្រព្រឹត្តខុស បានទទួលទោស ហើយប្អូនស្រីរបស់នាងស្លាប់ទៅក៏បិទភ្នែកជិតដែរ។

បងស្រីនារីរងគ្រោះ បន្តទៀតថា ក្នុងការស្វែងរកយុត្តិធម៌ឱ្យប្អូនស្រីនាងនេះ ក្រុមគ្រួសារនាងបានដាក់បណ្តឹងជាច្រើនកន្លែងទៅហើយ ឬស្ទើរតែគ្រប់ក្រសួងដែលពាក់ព័ន្ធទៅហើយ ដូចជាក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ជាដើម តែមិនបានលទ្ធផលអ្វីទេ បានត្រឹមតែឮគេប្រាប់ថា ចាំធ្វើការស៊ើបអង្កេតឱ្យ ឯក្រុមគ្រួសារឃាតករនោះបានត្រឹមមកសម្របសម្រួល សុំបង់១ម៉ឺនដុល្លារ ដើម្បីបញ្ចប់រឿង ប៉ុន្តែក្រុមគ្រួសារនាងមិនអាចទទួលយកលុយបានទេ គឺចង់ឱ្យចាប់ឃាតករយកមកផ្តន្ទាទោសឱ្យបាន ដើម្បីឱ្យសមទៅនឹងទង្វើដ៏សាហាវឃោរឃៅដែលគេបានបាញ់សម្លាប់ប្អូនស្រីនាង។

ដូច្នេះជាថ្មីម្តងទៀត កុំឱ្យប្រព្រឹត្តខុសដល់ថ្នាក់សម្លាប់មនុស្សហើយ បែរជាយល់ញាតិឃ្លាតច្បាប់ ឱ្យឃាតកររួចខ្លួន វានឹងធ្វើឱ្យមានការសម្លាប់កាន់តែច្រើននៅក្នុងប្រទេស ដោយសារសម្លាប់ហើយ អត់ជាប់ទោស។ សរុបទៅ នាងនិងក្រុមគ្រួសារនារីរងគ្រោះសំណូមពរសមត្ថកិច្ចត្រូវគោរពតួនាទីអ្នកដែលប្រព្រឹត្តខុសហើយ ត្រូវតែចាប់ខ្លួនយកមកផ្តន្ទាទោសឱ្យបាន។
គួររំលឹកថា កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានករណីអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃមួយបានកើតឡើងនៅចំណុចផ្ទះលេខH០៣ ផ្លូវលំ BT ក្នុងបុរីរំចេកអូរដឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

នារីរងគ្រោះវ័យក្មេងស្រស់ស្អាតផូរផង់ ឈ្មោះជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យយោធា និងជាអ្នកលក់ផលិតផលរក្សាសម្រស់តាមអនឡាញ ត្រូវបានបុរសជាគូដណ្តឹងឈ្មោះយឺន វ៉ាន់ដេត អាយុ៣០ឆ្នាំ មុខរបរជានាយទាហាននៅអង្គភាពកងពលតូចលេខ៧០ មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី បានបាញ់ប្រហារចំនួន៥គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ដែលការបាញ់សម្លាប់នេះគេសង្ស័យថា ផ្តើមចេញពីរឿងប្រចណ្ឌ។
បើទោះបីជាករណីឃាតកម្មនេះ បានកើតឡើងជាង៦ខែមកហើយក្តី តែជនដៃដល់ជាឃាតករដែលកំពុងរត់គេចខ្លួននោះនៅតែពុំទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅឡើយ។

ដោយសារតែយុត្តិធម៌សម្រាប់ជនរងគ្រោះនៅតែមិនទាន់មានបែបនេះ ទើបក្រុមគ្រួសារនារីរងគ្រោះតែងស្នើសុំមួយដងជាពីរដង សូមសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ជំរុញឱ្យសមត្ថកិច្ចតាមចាប់ឃាតករឱ្យបាន ព្រោះក្រុមគ្រួសារនារីរងគ្រោះជឿជាក់ថា ករណីនេះអាចដោយសារតែជនសង្ស័យជាឃាតករមានខ្សែធំនៅពីក្រោយ ទើបរឿងនេះបន្តស្ងាត់ឈឹងបែបនេះ ដូច្នេះមានតែសម្តេចស្រែកបញ្ជាទេ ទើបសមត្ថកិច្ចមិនយល់ញាតិឃ្លាតច្បាប់ តាមចាប់ឃាតករមកផ្តន្ទាទោស ផ្តល់យុត្តិធម៌ជូននារីរងគ្រោះបាន៕ កុលបុត្រ