Tuesday, November 25, 2025
Homeព័ត៌មានជាតិអភិបាលរាជធានី ប្រជាពលរដ្ឋស្នើសុំចុះពិនិត្យប្រឡាយបឹងសាឡាង

អភិបាលរាជធានី ប្រជាពលរដ្ឋស្នើសុំចុះពិនិត្យប្រឡាយបឹងសាឡាង

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្តីបន្ទោសជាសាធារណៈនិងព្រមានធ្ងន់ៗចំពោះអាជ្ញាធរខណ្ឌមានជ័យ ដែលបណ្តែតបណ្តោយឱ្យមានការចាក់ដីរំលោភប្រឡាយលូប្រាំ ស្ថិតនៅត្រង់ចំណុចមុខស្ថានីយបូមទឹកលូប្រាំ ខណៈដែលការរំលោភប្រឡាយលូទឹកស្អុយនៅក្នុងសង្កាត់បឹងសាឡាង ឯណោះវិញ មានសភាពធ្ងន់ជាងនេះទ្វេដង ប៉ុន្តែមិនទាន់បែកធ្លាយដឹងដល់លោកអភិបាល ព្រោះតែអាជ្ញាធរមូលដ្ឋានប្រឹងលាក់បាំង ព្រោះតែដុល្លារយកទៅបិទភ្នែក។

នៅក្នុងអំឡុងពេលចុះពិនិត្យមើលស្ថានីយបូមទឹកលូប្រាំ ស្ថិតក្នុងភូមិប្ញស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបានសាងសង់រួចរាល់១០០ភាគរយ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រទះឃើញផ្ទាល់ភ្នែកចំពោះការចាក់ដីលុប រំលោភលើផ្ទៃប្រឡាយលូ ដែលស្ថិតនៅចំពីមុខស្ថានីយបូមទឹកលូប្រាំតែម្តង។ ភ្លាមៗនោះ លោកអភិបាល ឃួង ស្រេង បានស្តីបន្ទោសនិងព្រមានជាសាធារណៈទៅលើអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ និងអាជ្ញាធរខណ្ឌមានជ័យ ដែលបណ្តែតបណ្តោយឱ្យមានការចាក់ដីរំលោភចូលក្នុងប្រឡាយលូប្រាំ។

លោកឃួង ស្រេង បានព្រមានធ្ងន់ៗថា “នេះមិនមែនគេយកដីដាក់ក្នុងហោប៉ៅមកចាក់ចូលប្រឡាយបានទេ គឺដឹកឡានមកចាក់ ហេតុអ្វីអាជ្ញាធរមើលមិនឃើញ ទុកឱ្យគេចាក់លុបប្រឡាយរបស់រដ្ឋបានបែបនេះ រឿងអីក៏មើលមិនឃើញ ត្រូវរៀបចំឯកសារឱ្យគាត់កាយឡើងវិញភ្លាម បើមិនធ្វើ លើកក្រោយដាក់ពាក្យប្តឹងទៅតុលាការ។

ពីមុនប៉ុនណា ឱ្យកាយដល់កម្រិតហ្នឹងទៅ ខាងណាក៏ដោយ ពីណាក៏ដោយ ចង់ខ្សែប៉ុនណាក៏ដោយ ត្រូវតែឱ្យកាយចេញ។ អ៊ីចឹងចេះថាខ្ញុំកាច បើយើងអត់មើលការងារអ៊ីចឹង មិនបានអីត្រូវរាយការណ៍ឱ្យខ្ញុំ រាយការណ៍ឱ្យខណ្ឌថា គេធំណាស់ គ្រាក់ណាស់ ខ្ញុំធ្វើមិនកើតទេ ជួយខ្ញុំផង ខ្ញុំចង់បានប៉ុណ្ណឹងតើមើលនឹងភ្នែកទៅ ឃើញគេរំលោភតើ! ហើយបើគេច្រកហោប៉ៅមកបាន ខ្ញុំមិនថាទេ នេះដឹកឡានណា…”។

បន្ទាប់ពីឃើញប្រតិកម្មធ្ងន់ៗរបស់លោកអភិបាលរាជធានីភ្នំពេញ ចំពោះការចាក់ដីរំលោភប្រឡាយបែបនេះ បានធ្វើឱ្យមហាជន ពិសេសប្រជាពលរដ្ឋរស់នៅតំបន់បឹងសាឡាង ខណ្ឌទួលគោក បានលើកឡើងថា បើនិយាយពីការរំលោភលើប្រឡាយនេះនៅក្នុងមូលដ្ឋានសង្កាត់ បឹងសាឡាងវិញ គឺរំលោភខ្លាំងជាងខាងម្តុំលូ៥ ទ្វេដងឯណោះ ដោយសព្វថ្ងៃមិនត្រឹមតែមានការចាក់ដីលុប និងសង់ផ្ទះឈើតូចៗលយចូល ប្រឡាយប៉ុណ្ណោះទេ តែមានដល់ទៅអគារថ្ម  សសរបេតុងកម្ពស់៤-៥ជាន់ សង់ជ្រងោៗលើប្រឡាយលូទឹកស្អុយបឹងសាឡាងតែម្តង ប៉ុន្តែលោកអភិបាល នៅមិនទាន់បានទៅឃើញផ្ទាល់ភ្នែក បើបានឃើញវិញ សន្លប់ស្តូក… ទំនងជាចៅសង្កាត់ និងអាជ្ញាធរមូលដ្ឋាន ប្រឹងលាក់បាំងផងក៏មិនដឹង។

ជុំវិញករណីនេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង បានសំណូមពរ និងជូនដំណឹងដល់លោកអភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលចំពោះករណីនេះផង ព្រោះ សាលាក្រុង ប្រឹងចាត់វិធានការដើម្បីរំដោះទឹកជន់លិច បែរជាអាជ្ញាធរមូលដ្ឋានមិនចូលរួមសហការព្រមទាំងបើកដៃបណ្តែតបណ្តោយឱ្យមានការចាក់ដីលុប និងសាងសង់សំណង់ធំៗពេញផ្ទៃប្រឡាយទៅវិញ លុះពេលមានភ្លៀងធ្លាក់ទឹកហូរចេញមិនទាន់ ជន់លិចក្នុងមូលដ្ឋាន ធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ជេរស្តីបន្ទោសតែលើចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលទៅវិញ។

គួរបញ្ជាក់ថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំមន្ត្រីពាក់ព័ន្ធអាជ្ញាធរដែនដី កំណត់ឱ្យបានច្បាស់ពីដីសាធារណៈរបស់រដ្ឋ និងដីជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ខណៈដែរ ប្រឡាយក្នុងរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋមួយចំនួនសង់លំនៅដ្ឋានរំលោភនៅលើ  ប្រឡាយ ជាមួយនឹងការចាក់ដីបំពេញប្រឡាយរំលោភយកជាកម្មសិទ្ធិផងដែរ។

បន្ថែមពីនេះ អភិបាលរាជធានីភ្នំពេញ បានអះអាងថា ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្កើតឱ្យមានក្រុមការងារមួយ ដែលមានការចូលរួមពីការិយាល័យសុរិយោដីខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីចុះបាញ់ថ្នាំកំណត់ទីតាំងឱ្យបានច្បាស់ និងធ្វើការណែនាំប្រជាពលរដ្ឋដែលរំលោភប្រឡាយខាងលើ។

លោកឃួង ស្រេង បានបញ្ជាក់ថា ប្រឡាយបង្ហូរទឹក មានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជនបទ ប្រកបមុខរបរធ្វើស្រែចម្ការ ប្រឡាយទឹកនេះហើយជាអ្នកផ្តល់ទឹកឱ្យប្រជាពលរដ្ឋស្រោចស្រពស្រែចម្ការ ផលដំណាំផ្សេងៗ។ សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ វិញ ប្រឡាយបង្ហូរទឹកក៏មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចរំដោះទឹក កុំឱ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅរាជធានី ពិសេសជំនន់ទឹកភ្លៀង…៕

RELATED ARTICLES