ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរនៅតែបន្តនាំគ្នាចូលទៅប្រទេសថៃ ដោយបង់លុយឱ្យមេខ្យល់នាំផ្លូវ ក្នុងម្នាក់ៗចាប់ពី២.៥០០ទៅ៣.០០០បាត (ប្រាក់ថៃ) ប៉ុន្តែដោយសារការឆ្លងចូលដោយខុសច្បាប់ ពលករខ្មែរ២៩នាក់ ត្រូវបានសមត្ថកិច្ចចម្រុះថៃ ឃាត់ខ្លួនយកមកប្រគល់ឱ្យអាជ្ញាធរខ្មែរវិញ នៅក្នុងភូមិ-ឃុំ និងស្រុកតាប្រាយ៉ា ក្រោយឆ្លងព្រំដែនចេញពីកម្ពុជា កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ កន្លងមក។

ប្រភពពីមន្ត្រីនគរបាលព្រំដែន ឱ្យដឹងថា ពលរដ្ឋខ្មែរទាំង២៩នាក់ មានស្រី១២នាក់នោះ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ពលករទាំងនេះមិនបានប្រាប់សមត្ថកិច្ចថៃ ថា ពួកគេចេញពីចំណុចណាឆ្លងកាត់ពីកម្ពុជា នៅក្នុងភូមិសាស្ត្រណាទេ តែប្រាប់ថា ការឆ្លងព្រំដែន គឺតាមរយៈមេខ្យល់នាំទៅឱ្យឡើងជិះរថយន្តក្នុងទឹកដីថៃ ដើម្បីទៅរកការងារធ្វើ ដោយពួកគាត់ម្នាក់ៗត្រូវចំណាយ ប្រាក់ឱ្យទៅមេខ្យល់៣០០០បាត (ប្រាក់ថៃ)។
សមត្ថកិច្ចឱ្យដឹងដែរថា កាលពីក្នុងខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចថៃ បានចាប់ឡានដឹកដំឡូងមីដែលបានបង្កប់ខាងក្នុងនូវពលករខ្មែរ លួចឆ្លងដែនខុសច្បាប់ផងដែរ ហើយកាលពីរំលងអធ្រាត្រ នាចុងខែមិថុនា ពលករខ្មែរ ធ្វើការខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានបើកលុយថ្លៃឈ្នួល រួចបាននាំគ្នាផឹកស៊ី ក៏កើតមានការឈ្លោះគ្នារវាងពលករខ្មែរគ្នាឯង និងពលករថៃ ហើយបានយកកាំភ្លើងបាញ់ពលករខ្មែរ ស្លាប់ម្នាក់ ជនជាតិថៃស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់។

ក្រោយពេលដែលសមត្ថកិច្ចថៃ ឃាត់ពលរដ្ឋខ្មែរដែលលួចឆ្លងចូលទៅដីថៃ ទាំង២៩នាក់ នាំយកមកប្រគល់ឱ្យអាជ្ញាធរខ្មែរនោះ ក្រុមមន្ត្រីបានណែនាំនិងឱ្យពួកគាត់ធ្វើកិច្ចសន្យាឈប់ចាញ់បោកមេខ្យល់នាំចូលដោយខុសច្បាប់ និងអស់លុយកាក់ថែមទៀត ហើយទើបអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅភូមិ ស្រុកវិញ និងស្រាវជ្រាវតាមចាប់មេខ្យល់យកមកចាត់ការតាមច្បាប់ផងដែរ៕