ខេត្តតាកែវ ៖ បុរស២នាក់បានកើតមានទំនាស់នឹងគ្នាពីរឿងជំពាក់លុយអត់សង រហូតដល់ភាគីម្ខាងទប់កំហឹងមិនបាន ក៏ទាញកាំបិតកាប់គូទំនាស់របស់ខ្លួន បណ្តាលឱ្យរងរបួសរយះដៃ និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់។
ជនបង្កដែលកាប់គូទំនាស់បណ្តាលឱ្យរងរបួស និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនេត វិបុល ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់។ ចំណែកជនរងគ្រោះ មានឈ្មោះផែន ឌុន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ (រងរបួស១កាំបិតចំដៃឆ្វេង)។

លោកវរសេនីយ៍ឯក ហ៊ិន សុខខេង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលំស្ថិតក្នុងភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ មានករណីហិង្សាដោយចេតនាបង្កឡើងដោយឈ្មោះនេត វិបុល ប្រដាប់ដោយកាំបិតកកុកបានស្ទាក់កាប់ទៅលើឈ្មោះផែន ឌុន ត្រូវ១កាំបិតចំដៃឆ្វេង របួសស្រាល ដោយសារជនដៃដល់ខឹងជនរងគ្រោះជំពាក់លុយខ្លួនមិនសង។
លោកស្នងការរងបន្តថា ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះនេត វិបុល មកសាកសួរ កសាងសំណុំរឿងតាមនីតិវិធី៕