ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់បានបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង បន្ទាប់ពីកើតមានបញ្ហាអាក់អន់ស្រពន់ចិត្តជាមួយនឹងអ្នកផ្ទះបន្តិចបន្តួច លុះក្រោយពីបាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង បានរត់ទៅដាក់ពាក្យបណ្តឹងផង ដើរតាមស្វែងរកផង ស្ទើរសព្វរាជធានីភ្នំពេញទៅហើយ នៅតែមិនទាន់ទទួលបានដំណឹងសោះ។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះឡេង ចន្ធូ អាយុ១៩ឆ្នាំ មុខរករកម្មការិនីរោងចក្រ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ យុវតីរូបនេះបានបាត់ខ្លួនតាំងពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។
យោងតាមគណនីហ្វេសប៊ុកមួយដែល ឈ្មោះ Kaňğ Ťô បានបង្ហោះសារកាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ថា “ខ្ញុំបាទឈ្មោះ ឡេង ចាន់ថន បាត់ប្អួនស្រីឈ្មោះឡេង ចន្ធូ អាយុ១៩ឆ្នាំ។ តាំងពីម៉ោង១២ថ្ងៃត្រង់ ០៧,០៧,២០២០ មកដល់ពេលនេះមិនទាន់បានដំណឹងទេ ទូរស័ព្ទទាក់ទងអត់ចូលតាំងពី១ម៉ោងដំបូង។ ទីតាំងនៅម្តុំខ្លោងទ្វាវត្តព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធ៌ិសែនជ័យ ភ្នំពេញ។

មូលហេតុគាត់ត្រូវទៅផ្សារទិញអីវ៉ាន់ ហើយហៅកង់បី ឬ Pass App នៅម្តុំនឹងជិះ ហើយបាត់ដំណឹងមកដល់ពេលនេះ។ បើអត់មានរឿងអីកើតឡើងទេ សុំប្អួនត្រឡប់មកវិញមក ម៉េចទៅចោលអ្នកផ្ទះ បងប្អូនប្រាំនាង បងមានស្រីតែហែងមួយទេ បងអាណិតម៉ែណាស់ គាត់ពិបាកចិត្តខ្លាំងណាស់ សូមកុំមានរឿងអីកើតឡើងចំពោះប្អួនស្រីខ្ញុំ…”៕