Tuesday, November 25, 2025
Homeព័ត៌មានជាតិត្រូវរ៉ូវថ្លៃគ្នាអស់ហើយ ប្រុសចូលងូតទឹកតែមួយភ្លែត នាងរពឹសដៃ...

ត្រូវរ៉ូវថ្លៃគ្នាអស់ហើយ ប្រុសចូលងូតទឹកតែមួយភ្លែត នាងរពឹសដៃ…

ភ្នំពេញ ៖ យុវជនម្នាក់បាននាំនារីរកស៊ីផ្លូវភេទម្នាក់ឡើងផ្ទះសំណាក់រួមរ័កមេត្រី លុះក្រោយពីរួមរ័កចប់ ខាងប្រុសរវល់ចូលបន្ទប់ទឹកសម្អាតខ្លួន ស្រាប់តែខាងស្រីរពឹសដៃលួចទូរស័ព្ទរបស់ជនរងគ្រោះ រួចរត់គេចចេញពីបន្ទប់ផ្ទះសំណាក់បាត់ ធ្វើឱ្យខាងប្រុសមួម៉ៅក្តៅចិត្តរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួននារីរពឹសដៃខាងលើនាំយកមកចាត់ការតាមច្បាប់។

ករណីនារីរកស៊ីផ្លូវភេទរពឹសដៃលួចទូរស័ព្ទដៃភ្ញៀវប្រុសខាងលើនេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់លេខ១៨៩ ផ្ទះសំណាក់យីហោ បេ៩ ស្ថិតនៅតាមផ្លូវ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លុះមកដល់វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននារីជាជនសង្ស័យបាននៅត្រង់ចំណុចផ្លូវ៩៤ កែង១៣ ស្ថិតក្នុងភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

នារីជាជនសង្ស័យដែលបានស៊ីដាច់ទូរស័ព្ទភ្ញៀវប្រុសរបស់ខ្លួននេះ មានឈ្មោះជា សំអាត អាយុ១៩ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះគីម គា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅផ្ទះជួលលេខ៣៥ ផ្លូវលេខ៤២៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យខាងលើបាននាំនារីរកស៊ីផ្លូវភេទម្នាក់ (នារីសង្ស័យ) ឡើងផ្ទះសំណាក់យីហោ បេ៩ ដើម្បីរួមរ័កមេត្រី។ លុះក្រោយពីចូលទៅដល់បន្ទប់លេខ១៨៩ រួមរ័កគ្នារួចរាល់ ខណៈដែលខាងប្រុសចូលបន្ទប់ទឹកសម្អាតខ្លួន ស្រាប់តែនារីជើងល្អខាងលើបានលួចយកទូរស័ព្ទរបស់ជនរងគ្រោះ រួចគេចចេញពីផ្ទះសំណាក់ខាងលើបាត់ភ្លាមៗ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះគីម គា ក៏បានមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីឱ្យជួយអន្តរាគមន៍។

ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានសហការជាមួយជនសង្ស័យបានធ្វើការស្រាវជ្រាវ រហូតមកដល់វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក៏ប្រទះឃើញជនសង្ស័យនៅចំណុចផ្លូវ៩៤កែង១៣ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច នារីសង្ស័យឈ្មោះជា សំអាត បានឆ្លើយសារភាពថា នាងពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃពីជនរងគ្រោះនៅចំណុចក្នុងបន្ទប់លេខ១៨៩ ផ្ទះសំណាក់បេ៩ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ប្រាកដមែន។

នារីជាជនសង្ស័យរូបនេះ ក៏បានសារភាពបន្ថែមទៀតថា តាមពិតនាងធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល១ឆ្នាំម្តងរួចមកហើយ កាលពីអំឡុងឆ្នាំ២០១៨ ពីបទលួចទូរស័ព្ទដៃ ប៉ុន្តែពុំដែលធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ។

 នារីជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES