ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់ត្រូវរន្ទះបាញ់ប្រល័យជីវិតភ្លាមៗ នៅក្នុងទីតាំងបង់រំលោះដីឡូតិ៍មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកន្លែងលក់ដីឡូតិ៍បង់រំលោះមួយកន្លែង ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ជនរងគ្រោះទាំង២នាក់ ដែលត្រូវរន្ទះបាញ់ស្លាប់ព្រមគ្នា រួមមាន ទី១-ឈ្មោះសៀក ជីឆូវ អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងទី២-ឈ្មោះយ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់មួយមេធំលាយឡំដោយខ្យល់ខ្លាំងៗ គួបផ្សំនឹងរន្ទះផ្គរផងដែរ ស្រាប់តែមិនបានប៉ុន្មានផង ក៏មានរន្ទះបាញ់ចំបុរសរងគ្រោះទាំង២នាក់ខាងលើ ដែលកំពុងស្ថិតនៅកន្លែងដីឡូតិ៍បង់រំលោះ បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។
របាយការណ៍ដដែលបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសពជនរងគ្រោះទាំង២នាក់ភ្លាមៗផងដែរ រួចបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕