ខេត្តកំពង់ចាម ៖ មុននេះ “នគរធំ” បានចុះផ្សាយពីព័ត៌មានស្នេហាឆ្លងវេហា រវាងក្រមុំនៅកម្ពុជា និងកំលោះនៅកូរ៉េ ដែលបានធ្វើពិធីភ្ជាប់ពាក្យតាមអនឡាញ ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនិងចាត់ទុកជារឿងប្លែក មិនធ្លាប់មាន ស្រាប់តែពេលនេះយើងបានទទួលព័ត៌មានថា មានគូស្នេហ៍មួយគូទៀតដែលភាគីប្រុសនៅឯប្រទេសកូរ៉េខាងត្បូង និងភាគីស្រីនៅប្រទេសកម្ពុជា បានធ្វើពិធីភ្ជាប់ពាក្យ តាមអនឡាញដូចគូស្នេហ៍មុននេះដែរ។
គូស្នេហ៍ឆ្លងវេហាទី២ ដែលភ្ជាប់ពាក្យតាមអនឡាញនោះ ភាគីកូនក្រមុំឈ្មោះឌីណា អាយុជាង២០ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ចំណែកកូនកំលោះ មានឈ្មោះសុភ័ក្ត អាយុជាង២០ឆ្នាំ ជាពលករនៅប្រទេសកូរ៉េខាងត្បូង។

គូស្នេហ៍ខាងលើនេះ បានភ្ជាប់ពាក្យតាមប្រពៃណី តាមអនឡាញ ឬតាម Vido Call កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ដោយមានចាស់ទុំ សាច់ញាតិទាំងសងខាងចូលរួម ដឹងឮច្រើនគួរសមដែរ នៅឯគេហដ្ឋានខាងស្រីនាខេត្តកំពង់ចាម។

នៅថ្ងៃភ្ជាប់ពាក្យនោះ សាមីខ្លួនកូនកំលោះឈ្មោះសុភ័ក្ត បានបង្ហោះរូបភាពនិងវីដេអូនៃពិធីភ្ជាប់ពាក្យអនឡាញរបស់ខ្លួន ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ជាមួយសំណេរថា “កូនសូមអរគុណសម្រាប់ថ្ងៃនេះ ពុកម៉ែដែលបំពេញបំណងកូន ហើយអរគុណអ៊ំពូមីងណាស់ ហើយក៏អរគុណអូនណាស់ដែលព្រមធ្វើជាកូនក្រមុំរបស់បង អរគុណៗណាស់មិនដឹងនិយាយអីទៀតទេ មានតែពាក្យថា អរគុណ!”។

រីឯសាមីខ្លួនកូនក្រមុំ មិនបានបញ្ចោញយោបល់អ្វីទេ នាងគ្រាន់តែបញ្ជាក់ថា “ពាក្យថាស្រលាញ់ មានតម្លៃមិនស្មើនឹងទង្វើបង្ហាញពីក្តីស្រលាញ់នោះឡើយ”។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ក៏មានយុវវ័យក្រមុំ-កំលោះមួយគូ ដែលបានទាក់ទងស្នេហ៍ឆ្លងវេហា ដោយភាគីស្រីនៅប្រទេសកម្ពុជា ឯភាគីប្រុសនៅឯប្រទេសកូរ៉េខាងត្បូង រហូតស្រឡាញ់គ្នាស្មោះស្ម័គ្រនោះ បានសម្រេចភ្ជាប់ពាក្យតាមអនឡាញ ឬតាម Video Call ដូចគូស្នេហ៍ខាងលើនេះដែរ ដោយភាគីប្រុសមិនអាចមកស្រុកដើម្បី ចូលរួមពិធីភ្ជាប់ពាក្យផ្ទាល់បាន។

គូស្នេហ៍ទី១ មួយនៅកម្ពុជា មួយនៅកូរ៉េ ដែលភ្ជាប់ពាក្យតាមអនឡាញនោះ ភាគីកូនកំលោះឈ្មោះវិបុល អាយុជាង២០ឆ្នាំ មុខរបរជាពលករនៅប្រទេសកូរ៉េខាងត្បូង។ ចំណែកភាគីកូនក្រមុំរូបស្រស់ មានឈ្មោះម៉ី អាយុជាង២០ឆ្នាំ រស់នៅក្នុងប្រទេសកម្ពុជា។

តាមប្រភពមិត្តភក្តិ សាច់ញាតិគូស្នេហ៍ឆ្លងវេហាខាងលើ បានឱ្យដឹងថា គូស្នេហ៍ដែលក្លាយជាគូដណ្តឹងតាមរយៈការភ្ជាប់ពាក្យអនឡាញខាងលើនេះ ទោះបីជាស្គាល់គ្នាក្នុងពេលខ្លី មិនដែលបានជួបមុខគ្នាផ្ទាល់ បានជួបតែតាមអនឡាញក៏ដោយ តែពួកគេស្រឡាញ់គ្នាច្បាស់លាស់ ស្មោះត្រង់ ទោះបីចិត្តកាយនៅឆ្ងាយពីគ្នា តែក្តីស្រលាញ់គ្នាមិនប្រែប្រួល ដោយពួកគេបានសន្យាចំពោះគ្នា ស្រលាញ់គ្នាដល់ចាស់រៀងខ្លួន រហូតព្រមព្រៀងឱ្យចាស់ទុំចូលចែចូវស្តីដណ្តឹង រហូតឈានដល់ការភ្ជាប់ពាក្យតាមអនឡាញផងដែរ៕
