ខេត្តព្រះសីហនុ ៖ កម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មាននគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ បានចុះប្រតិបត្តិការដេញចាប់ជនសង្ស័យក្នុងអំពើប្លន់យកប្រាក់ពីពលរដ្ឋអ្នកប្រកបរបរដូរលុយ ដោយឃាត់ខ្លួនបានម្នាក់ ក្នុងចំណោមបក្ខពួក២នាក់។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យនៅក្នុងអំពើប្លន់នេះ មាន គ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពស្ទាក់ប្លន់អាជីវករដូរប្រាក់ ដោយប្រើដំបងវាយទៅលើជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដែលកំពុងជិះម៉ូតូតាមផ្លូវម្តុំជិតបុរីហ៊ីលតុន ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី០៥ ខែកក្កដា បណ្តាលឱ្យជនរងគ្រោះរងរបួស ហើយជនល្មើសប្លន់យកលុយពីជនរងគ្រោះមួយថង់មានប្រមាណ៣០លានរៀល រួចគេចខ្លួន។

ក្រោយកើតហេតុ ដោយមានកិច្ចអន្តរាគមន៍ពីកម្លាំងកងសន្តិសុខបានដេញព័ទ្ធចាប់ជនសង្ស័យបានម្នាក់ ហើយបានប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្ត នាំយកទៅសាកសួរបន្ត។ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនចូលក្នុងព្រៃម្តុំនោះ ដោយនាំយកទាំងស្បោងលុយដែលប្លន់បានទៅជាមួយផង តែបានបន្សល់ទុកម៉ូតូដែលពួកគេជិះធ្វើសកម្មភាព។

ម៉ូតូ១គ្រឿងនេះ ត្រូវបាននគរបាលជំនាញនៃស្នងការដ្ឋានខេត្តនាំយកមករក្សាទុក ហើយប្រតិបត្តិការរុករកជនសង្ស័យដែលរត់គេចខ្លួនកំពុងធ្វើបន្ត៕

