ភ្នំពេញ ៖ បុរសម្នាក់មានវ័យប្រហែលជា៣០ឆ្នាំ ស្ថិតក្នុងអាការស្រវឹងធ្លាក់ភ្នែកបានចូលទៅរកសេវាម៉ាស្សានៅក្នុងហាងម៉ាស្សាមួយកន្លែង លុះមួយសន្ទុះក្រោយមក ស្រាប់តែស្រែកផ្អើលឆោឡោចោទប្រកាន់នារីម៉ាស្សាក្នុងហាងនោះថា បានលួចបន្លំដូរលុយសុទ្ធរបស់គាត់ ដោយយកលុយដុល្លារខ្មោចចំនួន៤០០ដុល្លារ មកដាក់ជំនួសឱ្យវិញ ធ្វើឱ្យកើតមានការឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាទាំងយប់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចហាងម៉ាស្សាមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីនារីម៉ាស្សាបន្លំលួចលុយភ្ញៀវ ភ្លាមនោះសមត្ថកិច្ច រួមនឹងក្រុមអ្នកសារព័ត៌មាន ក៏បានចុះទៅដល់ទីតាំងហាងម៉ាស្សាខាងលើភ្លាមៗ។ ស្រាប់តែឃើញមានទាំងសមត្ថកិច្ច និងអ្នកសារព័ត៌មានចុះទៅដល់បែបនេះ បុរសដែលអះអាងថាត្រូវនារីម៉ាស្សាបន្លំលួចលុយរបស់ខ្លួននោះ បានគេចចូលទៅក្នុងហាងម៉ាស្សាខាងលើ រួចទាញម៉ូតូជិះចេញពីកន្លែងកើតហេតុបាត់ភ្លាមៗ ដោយមិនបានទៅដាក់ពាក្យបណ្តឹងអ្វីទាំងអស់។

តាមប្រភពពីម្ចាស់ហាងយីហោ ម៉ាស្សាកោសជប់១២០០០រៀល បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ដែលមានវ័យប្រហែលជាង៣០ឆ្នាំ បានជិះម៉ូតូ១គ្រឿង ម៉ាក icon ចូលមកម៉ាស្សានៅក្នុងហាងរបស់គាត់ លុះម៉ាស្សារួច បុរសរូបនោះបានដកលុយឱ្យថ្លៃសេវាម៉ាស្សាចំនួន១២០០០រៀល រួចក៏ជិះម៉ូតូចេញទៅវិញបាត់ទៅ។

ប្រភពបន្តថា ស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខបុរសរូបនោះ នាំបក្ខពួក៣នាក់ទៀត ជិះម៉ូតូត្រឡប់មកហាងម៉ាស្សារបស់គាត់ម្តងទៀត ដោយបានចោទប្រកាន់ថា នារីម៉ាស្សាបានលួចដូរ លុយខ្មោចចំនួន៤០០ដុល្លារ ពីក្នុងកាបូបលុយរបស់គាត់។
ម្ចាស់ហាងម៉ាស្សាខាងលើ បន្ថែមថា ភ្លាមនោះក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែបុរសនោះស្រាប់តែបាននាំគ្នាជិះម៉ូតូចេញទៅបាត់ទៅ។

ទោះជាយ៉ាងណា សមត្ថកិច្ចបានណែនាំម្ចាស់ហាងខាងលើ ធ្វើយ៉ាងណាត្រូវតែរកស៊ីដោយសុចរិត។ រីឯបុរសខាងលើបានជិះម៉ូតូចេញពីកន្លែងកើតហេតុ ទំនងជាដោយសារឃើញអ្នកសារព័ត៌មាន ចុះមកដល់ ខ្លាចមានការផ្សព្វផ្សាយដំណឹងចេញទៅរងការអាម៉ាស ទើបចាកចេញទៅវិញបាត់ ដោយលែងប្តឹងផ្តល់៕