Tuesday, November 25, 2025
Homeព័ត៌មានជាតិម្តាយក្មេកស្រឡាំងកាំង ពេលឃើញកូនប្រសានៅផ្ទះ កំពុងធ្វើរឿងនេះ

ម្តាយក្មេកស្រឡាំងកាំង ពេលឃើញកូនប្រសានៅផ្ទះ កំពុងធ្វើរឿងនេះ

ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់រវល់ចេញទៅស៊ីឈ្នួលច្រូតស្រូវឱ្យគេ ត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែត្រូវកូនប្រសាចិត្តកំណាចវាយបំផ្លាញរបស់ទ្រព្យក្នុងផ្ទះ បណ្តាលឱ្យរងការខូចខាតអស់មួយចំនួនធំ រហូតដល់ម្តាយក្មេកទ្រាំលែងបាន ក៏រត់ទៅប្តឹងសមត្ថកិច្ចចាប់អូសកកូនប្រសាចិត្តក្តៅ នាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រសាវ៉ៃកំទេចផ្ទះម្តាយក្មេកខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង។

ជនរងគ្រោះមានឈ្មោះភុំ សឿន ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិអំពៅព្រៃទី២ ឃុំ អំពៅព្រៃ ស្រុកកណ្តាលស្ទឹង។ ចំណែកជនសង្ស័យមានឈ្មោះអូន ចៅឡុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅភូមិចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រីឯវត្ថុតាងចាប់យក ញញួរដងឈើផ្លែដែកចំនួន១។ សម្ភារខូចខាត រួមមាន ជញ្ជាំងផ្ទះស្មាតបត ១ផ្ទាំង ទ្វារមុខ១វង់ ទូរទស្សន៍១គ្រឿង និងកង្ហា២គ្រឿង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ  កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះបានទៅស៊ីឈ្នួលច្រូតស្រូវឱ្យគេនៅវាលស្រែខាងជើងភូមិ លុះដល់ម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ជនរងគ្រោះបានដើរពីស្រែមកផ្ទះវិញដល់ពាក់កណ្តាលផ្លូវ ក៏មានក្មេងប្រុសម្នាក់ឈ្មោះរី អាយុប្រហែល៥ឆ្នាំ បានប្រាប់ជនរងគ្រោះថា កូនប្រសាយាយឯងវ៉ៃផ្ទះខ្ទេចអស់ហើយ។

 ភ្លាមនោះជនរងគ្រោះទៅដល់ផ្ទះ ក៏ឃើញជនសង្ស័យកំពុងវាយបំផ្លិចបំផ្លាញជញ្ជាំងផ្ទះផ្នែកខាងមុខខ្ទេចខ្ទីអស់ ចំណែកកង្ហាចំនួន២គ្រឿង ព្រមទាំងទូរទស្សន៍១គ្រឿងទៀត ក៏ត្រូវជនសង្ស័យវាយខ្ទេចអស់ដែរ ឃើញដូចនោះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃតែម្តង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃបានចុះដល់ចំណុចកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យជាកូនប្រសា នាំយកទៅសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES