Tuesday, November 25, 2025
Homeព័ត៌មានជាតិទំនេរពេកហើយពូ... នាងស្រែកផ្អើលភូមិ ប្តឹងប៉ូលិសចាប់ទៀត

ទំនេរពេកហើយពូ… នាងស្រែកផ្អើលភូមិ ប្តឹងប៉ូលិសចាប់ទៀត

ភ្នំពេញ ៖ យុវតីម្នាក់កំពុងដេកនៅក្នុងបន្ទប់តែម្នាក់ឯង ក៏ស្រាប់តែលេចមុខបុរសម្នាក់បានដើរចូលមកដល់ក្នុងបន្ទប់របស់ខ្លួន ទើបធ្វើឱ្យខាងស្រីភ្ញាក់ផ្អើលស្ទុះក្រោកសួរនាំ ស្រាប់តែខាងប្រុសបានចាប់ច្របាច់កខាងស្រីជាប់ ធ្វើឱ្យយុវតីរងគ្រោះប្រឹងត្រដរប្រតាយប្រតប់ និងស្រែកឆោឡោផ្អើលដល់អ្នកភូមិ ធ្វើឱ្យជនសង្ស័យភ័យស្ទុះរត់គេចទៅសម្ងំលាក់ខ្លួននៅក្បែរផ្ទះប្រជាពលរដ្ឋ ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់នាំយកមកចាត់ការតាមច្បាប់។

ករណីប្រុសព្រានចូលច្របាច់កកូនក្រមុំគេដល់ក្នុងបន្ទប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ជនសង្ស័យដែលចូលចាប់ច្របាច់កកូនក្រមុំគេដល់ក្នុងបន្ទប់ រហូតត្រូវសមត្ថកិច្ចចាប់វាយខ្នោះនេះ មានឈ្មោះឈឹម ពីរ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ចំណែកយុវតីរងគ្រោះ មានឈ្មោះឌី ហ្គេចគៀង អាយុ១៤ឆ្នាំ មុខរបរលក់ដូរ មានលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ ស្លាកស្នាមបន្សល់ទុកស្នាមជាំក្រហមលើបំពង់ករបស់យុវតីរងគ្រោះ ចំនួន១កន្លែង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកលេងនៅក្នុងបន្ទប់របស់ខ្លួនដូចសព្វដង ស្រាប់តែលេចមុខជនសង្ស័យដើរចូលមកក្នុងផ្ទះ ភ្លាមនោះយុវតីរងគ្រោះមានការភ្ញាក់ផ្អើលក៏ក្រោកឈរស្រែកប្រាប់ម្តាយ រួចសួរថា “បងមករកអី?” ស្រាប់តែភ្លាមនោះ ជនសង្ស័យបានស្ទុះមកច្របាច់កយុវតីរងគ្រោះ បន្ទាប់មកជនរងគ្រោះក៏បានរើបំរាស់ហើយចាប់កអាវជនសង្ស័យជាប់ និងស្រែកថាចោរៗ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោក៏ស្ទុះរត់គេចខ្លួនបាត់តែម្តង។

ភ្លាមនោះ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ រហូតដល់៥រសៀលថ្ងៃដដែល ទើបសមត្ថកិច្ចតាមរកឃើញ និងចាប់ខ្លួនជនសង្ស័យដែលបានពួននៅក្បែរផ្ទះប្រជាពលរដ្ឋ រួចកម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់ជនសង្ស័យយកមកធ្វើការសាកសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមាន (មានសារធាតុញៀនក្នុងទឹកនោម)។

ឆ្លងតាមស្រាវជ្រាវរបស់សមត្ថកិច្ច ពាក្យបណ្តឹង ការស្តាប់បំភ្លឺ និងចម្លើយសារភាពរបស់ជនសង្ស័យ ខ្លួនពិតជាបានប្រព្រឹត្តករណីដូចខាងលើពិតប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES