Tuesday, November 25, 2025
Homeព័ត៌មានជាតិកោតចិត្តតែ៣ដងហើយ មិនស្កប់ចិត្តទៀត នៅប្រើជំនាញដដែល

កោតចិត្តតែ៣ដងហើយ មិនស្កប់ចិត្តទៀត នៅប្រើជំនាញដដែល

ភ្នំពេញ ៖ មុខសញ្ញាឆក់កាបូប រដ្ឋលេខាធិការម្នាក់ នៅក្រោយព្រះបរមរាជវាំង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌតាមស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបានម្នាក់នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់បន្ត។

លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ករណីឆក់កាបូបនេះបានកើតឡើងនៅចំណុចមុខការ៉ាស់លាងរថយន្តផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ បង្កដោយជនសង្ស័យ២នាក់ជិះម៉ូតូម្នាក់មួយគ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ស ១គ្រឿង និងម៉ាកស្កុបពី ពណ៌ខ្មៅ១គ្រឿង បានសម្រេច រួចរត់ គេចខ្លួន ហើយជនរងគ្រោះប្តឹងសមត្ថកិច្ច។

ក្រោយទទួលបានព័ត៌មាននេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាន នាយកដ្ឋាន បានធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ទើបកំណត់បានមុខសញ្ញាសង្ស័យ និងឈានទៅដល់ការឃាត់ខ្លួនជន សង្ស័យបានម្នាក់ ឈ្មោះហេង ពិសិដ្ឋ អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។

ជនសង្ស័យខាងលើ បានសារភាពថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ខ្លួន និងឈ្មោះខាង សីហា ហៅសីហា បានចេញពីផ្ទះជួលនៅម្តុំច្បារអំពៅ ខណ្ឌច្បារអំពៅ ដោយជិះម៉ូតូមួយគ្រឿង ម៉ាក ជលិចក ពណ៌ស ស៊េរីឆ្នាំ២០២០ មិនចាំស្លាកលេខ។ ចំណែកឈ្មោះ ខាង សីហា ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងគោលបំណងឆ្ពោះទៅផ្សារកណ្តាល ដើម្បីយកទូរសព្ទ័ទៅ ដាក់បញ្ចាំ។

ពេលធ្វើដំណើរដល់ចំណុចកន្លែងលាងរថយន្ត តាមបណ្តាយផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ឃើញបុរសម្នាក់កំពុងឈរនៅចិញ្ចើមថ្នល់ មានកាន់កាបូបមួយពណ៌ប្រផេះ ឃើញឱកាសល្អបែបនេះ ឈ្មោះខាង សីហា បានជិះម៉ូតូទៅអែបបុររសនោះ ហើយធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ក៏ជិះគេចខ្លួនចេញ ដោយមានរូបខ្លួនជាអ្នកជិះម៉ូតូបិទគូទពីក្រោយ។ ពេលមកដល់បន្ទប់ជួលវិញ បើកកាបូបនោះមើលឃើញមានប្រាក់ដុល្លារចំនួន២.០០០ដុល្លារ និងកាតធនាគារមួយចំនួន។

ជនសង្ស័យបានប្រាប់សមត្ថកិច្ចទៀតថា កន្លងមករូបគេធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើកមកហើយ លើកទី១ ក្នុងឆ្នាំ២០១៣ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ ពីបទឆក់, លើកទី២ ក្នុងឆ្នាំ២០១៥ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទឆក់ និងលើកទី៣ ក្នុងឆ្នាំ ២០១៦ ជាប់ពន្ធនាគាររយៈពេល១០ខែ ពីបទ ឆក់ និងធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។

ក្រោយបញ្ចប់ការសួរនាំ នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌបានបញ្ជូនសំណុំរឿង និងជនសង្ស័យ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីដាក់គុកលើកទី៤៕

RELATED ARTICLES