ភ្នំពេញ ៖ មុខសញ្ញាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (យកដុំថ្មគប់កពាចក់រថយន្ត បណ្តាល ឱ្យបែក) ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន ក្រោយគេចខ្លួនបានតែ១ថ្ងៃប៉ុណ្ណោះ។ ហេតុការណ៍ខាងលើ បានកើតឡើងនៅចំណុចមុខផ្ទះលេខ២៨ និង៣០E០ ផ្លូវលេខ៥១ (ប៉ាស្ទ័រ) ស្ថិត ក្នុងភូមិ០២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បន្ទាប់ពីជននេះធ្វើសកម្មភាពកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងជំនាញរបស់អធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី៣ បានបើកការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចមុខផ្សារធំថ្មី ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់បាននេះ មានឈ្មោះខាន់ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលចរាចរណ៍ មានលំនៅផ្ទះលេខ៧២ ផ្លូវលេខ១៧ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកវត្ថុតាង ដកហូតបាន រួមមាន ម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CD-៩០៥៥ ទូរស័ព្ទដៃ១គ្រឿង ម៉ាក SAMSUNG ពណ៌ស ចំនួន១ ដុំថ្មដែលជនសង្ស័យធ្វើសកម្មភាព ចំនួន១ដុំ។
សមត្ថកិច្ចនគរបាលដដែលបានឱ្យដឹងផងដែរថា ចំពោះមុខផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងអនុវត្តវិធានការជំនាញ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕