Thursday, July 17, 2025
Homeព័ត៌មានជាតិឡានក្រុង ខាយ ណាម អត់ភ្ញៀវជិះដឹក ទំនិញគេចពន្ធ?

ឡានក្រុង ខាយ ណាម អត់ភ្ញៀវជិះដឹក ទំនិញគេចពន្ធ?

ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំរើនផល បានខ្សឹបឱ្យឮតាម “នគរធំ” ថា ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើររបស់វៀតណាមមួយ ខណៈស្ងាត់អ្នកដំណើរជិះ បែរជាប្តូរទិសសម្រុកដឹកទំនិញ (មិនដឹងថាមានពន្ធ ឬអត់ពន្ធទេ) ទាំងយប់ទាំងថ្ងៃ មកស្តុកពេញក្នុងឃ្លាំង រួចបញ្ចេញវិញតាមរ៉ឺម៉កម៉ូតូ ឬរថយន្តដឹកទំនិញតូចៗ ដោយចតរថយន្តក្រុងធំៗពេញផ្លូវជាជួរដូចហែកឋិន ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋានយ៉ាងខ្លាំង។

ប្រជាពលរដ្ឋបានខ្សឹបឱ្យឮថា ក្រុមហ៊ុនរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដែលកំពុងបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋមូលដ្ឋានខាងលើនេះ មានយីហោ “ខាយ ណាម” ជាក្រុមហ៊ុនរបស់វៀតណាម ដែលមានរថយន្តក្រុងពណ៌ផ្ទៃមេឃ និងមានបេន (ចំណត) ស្ថិតនៅក្នុងដីឡូត៍តាមបណ្តោយផ្លូវលេខ១០៧ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋភូមិចំរើនផល បានខ្សឹបឱ្យដឹងថា កន្លងមក រថយន្តក្រុងខាយណាម តែងដឹកជញ្ជូនភ្ញៀវពីភ្នំពេញ ទៅប្រទេសវៀតណាម និងពីវៀតណាម មកភ្នំពេញ ស្ទើរគ្មានពេលសម្រាក លុះយប់ឡើង ចូលមកក្នុងចំណតរោទ៍សំឡេងលាន់ឮទ្រហឹង ហើយព្រឹកព្រលឹមមាន់រងាវមិនទាន់ ចេញទៅវិញបាត់ហើយ ហើយក៏បានរំខានដំណេកប្រជាពលរដ្ឋជិតខាង តាមរយៈសំឡេងឡាន និងស៊ីផ្លេគ្មានដឹងយប់ថ្ងៃ។

លុះដល់អំឡុងពេលផ្ទុះខ្លាំងនៃជំងឺកូវីដ-១៩ មក ព្រំដែនវៀតណាម ត្រូវបានបិទ ហេតុនេះក្រុមហ៊ុនអត់មានភ្ញៀវដឹក ក៏ចាប់ផ្តើមបញ្ចូលរថយន្តក្រុង ទៅក្នុងចំណត តែដោយសារចំណតតូច​ រថយន្ត ច្រើនដាក់មិនអស់ ទើបក្រុមហ៊ុនមួយនេះបានយករថយន្តក្រុងខ្នាតយក្សរបស់ខ្លួនមកចតលើផ្លូវតែម្តង ខណៈដែលផ្លូវបេតុងមានទំហំតូច គ្រាន់តែរថយន្តក្រុង១នេះចតអស់ពាក់កណ្តាលផ្លូវទៅហើយ ហេតុនេះបង្កឱ្យប្រជាពលរដ្ឋអ្នកដំណើរ លំបាកធ្វើដំណើរទៅមកយ៉ាងខ្លាំង ជួនពេលខ្លះដោយសារតែជិះគេចរថយន្តក្រុងដែលចតចោលនេះ ធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរទៀតផង។

ប្រជាពលរដ្ឋបានខ្សឹបបន្តទៀតថា បន្ទាប់ពីព្រំដែនវៀតណាម បិទមិនឱ្យអ្នកដំណើរឆ្លងកាត់ ក្រុមហ៊ុនមួយនេះ ក៏បង្វែរពីការដឹកអ្នកដំណើរ ទៅជាដឹកជញ្ជូនទំនិញវិញម្តង ដោយមិនដឹងថា ទំនិញទាំងនោះមានពន្ធត្រឹមត្រូវ ឬអត់ពន្ធនោះទេ ព្រោះរាល់ថ្ងៃគេសង្កេតឃើញថា ឡានក្រុងរបស់ក្រុមហ៊ុនវៀតណាមមួយនេះ តែងដឹកទំនិញចូលនៅពេលយប់ ដាក់ស្តុកពេញក្នុងឃ្លាំង។

លុះដល់ក្បាលព្រលប់ នៅពេលដែលស្ថានភាពចរាចរណ៍ចង្អៀត ដោយការធ្វើដំណើរចេញចូលច្រើន ក៏ចាប់ផ្តើមមានរ៉ឺម៉កម៉ូតូ និងរថយន្តតូចៗ មកដឹកផ្ទេរទំនិញចេញពីឡានក្រុងទាំងនោះយ៉ាងគគ្រឹកគគ្រេង ចតត្រៀបត្រារកតែផ្លូវជិះម៉ូតូសឹងមិនបានផង ដោយខាងក្រុមហ៊ុនឡានក្រុងនេះ ហាក់គ្មានខ្វល់ពីផលប៉ះពាល់ចំពោះអ្នកណាឡើយ សំខាន់ឱ្យតែខ្លួនរកស៊ីមានបាន។

ពលរដ្ឋបានខ្សឹបឱ្យឮទៀតថា ទំនិញដែលដឹកដោយក្រុមហ៊ុនវៀតណាម ខាយ ណាម នេះ ទំនងជាមានការបើកដៃ ឬសហការយ៉ាងរលូនពីគយច្រកទ្វារបាវិត និងគយចល័តក្នុងរាជធានីភ្នំពេញ តែម្តង ព្រោះរាល់ទំនិញដែលដឹកចេញចូលនេះ មិនដែលឃើញមានមន្ត្រីជំនាញណាហ៊ានចូលមកត្រួតពិនិត្យអ្វីទាំងអស់ បណ្តោយឱ្យមានការដឹកចេញចូលដោយសេរី។

តែយ៉ាងណា រឿងទំនិញបង់ពន្ធគេច ឬគេចពន្ធ គឺជារឿងរបស់មន្ត្រីជំនាញ ប៉ុន្តែអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិចំរើនផល គឺការយកផ្លូវធ្វើជាចំណតរថយន្តផ្ទាល់ខ្លួន និងបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋជិតខាង។

ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ សូមខ្សឹបឱ្យឮដល់អាជ្ញាធរសង្កាត់-ខណ្ឌ មេត្តាចុះពិនិត្យ និងដោះស្រាយករណីក្រុមហ៊ុនរថយន្តក្រុង ខាយ ណាម ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះផង កុំចាំដល់ពួកគាត់ស្នើទៅសម្តេចនាយករដ្ឋមន្ត្រី ទើបនាំគ្នាស្ទុះជើងបីជើងបួន…៕ ខៀវទុំ

RELATED ARTICLES