ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ព្រោះតែជីវភាពទីទ័លក្រ ទើបចាប់យករបរឡើងត្នោតរាប់ឆ្នាំមកហើយ ទោះជាបច្ចុប្បន្នវ័យកាន់តែជ្រេ ភ្នែកក៏ស្រវាំងមើលលែងសូវច្បាស់ ក៏ប្រឹងប្រវេប្រវាឡើងត្នោតទាំងត្រដាបត្រដួស ដើម្បីរកប្រាក់បំពេញជីវភាព ស្រាប់តែអកុសលរបូតដៃធ្លាក់ពីលើចុងត្នោត បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មចោលកូនប្រុសស្រី៩នាក់។

ករណីបុរសចំណាស់របូតដៃធ្លាក់ពីលើចុងត្នោតបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ។
បុរសរងគ្រោះខាងលើ មានឈ្មោះឆាយ ចេង អាយុ៦២ឆ្នាំ មុខរបរឡើងត្នោត ជាបុរសពោះម៉ាយ មានកូន៩នាក់ក្នុងបន្ទុក (ប្រុស១ ស្រី៨) សព្វថ្ងៃមានលំនៅក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានចាប់យករបរឡើងត្នោតជាច្រើនឆ្នាំមកហើយ ហើយព្រោះតែជីវភាពទីទ័លក្រពេក ទើបជនរងគ្រោះនៅតែត្រដរប្រឹងឡើងត្នោត ទាំងសព្វថ្ងៃវ័យក៏កាន់តែជ្រេ កម្លាំងកាន់តែខ្សោយ ហើយសូម្បីតែភ្នែកក៏ស្រវឹងមើលមិនសូវច្បាស់ក្តី។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានស្ពាយបំពង់ដើរចេញពីផ្ទះសំដៅទៅឡើងដើមត្នោតដូចសព្វដង លុះដោយសារតែមានភ្លៀងធ្លាក់ពីយប់ផងនោះ ទើបធ្វើឱ្យបង្អោងឫស្សីរអិល ធ្វើឱ្យជនរងគ្រោះចាប់មិនជាប់ក៏របូតដៃធ្លាក់ចុះពីលើចុងត្នោត បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង ដោយបន្សល់ទុកកូនប្រុសស្រីទាំង៩នាក់ ឱ្យក្លាយជាកូនកំព្រា។

អាជ្ញាធរឃុំអន្លង់ត្នោត បានឱ្យដឹងថា ចំពោះការស្លាប់របស់ជនរងគ្រោះខាងលើ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិច័យសព រួចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕