Tuesday, November 25, 2025
Homeព័ត៌មានជាតិកូនប្រុសចូលទៅឃើញសម្ភារៈរាយប៉ាយ ក៏ភ្ញាក់ផ្អើលរត់ទៅប្តឹងប៉ូលិស

កូនប្រុសចូលទៅឃើញសម្ភារៈរាយប៉ាយ ក៏ភ្ញាក់ផ្អើលរត់ទៅប្តឹងប៉ូលិស

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ស្រាវជ្រាវចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២០ តាមពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះវេរលុយវីង និងលក់ទូរស័ព្ទដៃ បន្ទាប់ពីត្រូវចោរគាស់ទ្វារចូលលួចយកទូរស័ព្ទ អស់ជាច្រើនគ្រឿង កាលពីយប់ថ្ងៃទី១៣ ខែមិថុនា កន្លងទៅ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ផ្ទះរងគ្រោះត្រូវបានចោរគាស់ទម្លុះទម្លាយចូលលួចនោះ មានឈ្មោះភួង វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ បាត់បង់ទូរស័ព្ទដៃទំនើបប្រមាណ២០គ្រឿង។

ចំណែកជនសង្ស័យដែលត្រូវចាប់ខ្លួន មានឈ្មោះចិន ថៃណា ហៅធីណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដកហូតបានទូរស័ព្ទដៃ៥គ្រឿង ជាវត្ថុតាង។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះធា ភេទប្រុស អាយុប្រហែល២០ឆ្នាំ បានរត់គេចខ្លួនបាត់។

បើតាមប្រភពពីស្ត្រីម្នាក់ជាអ្នករស់នៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់សមត្ថកិច្ចដែលចុះទៅធ្វើកំណត់ហេតុឱ្យដឹងថា នៅវេលាម៉ោងប្រហែលជាង៧ព្រឹក កូនប្រុសរបស់គាត់ឈ្មោះណង ឌី អាយុ២៧ឆ្នាំ មុខរបរពេទ្យធ្មេញបានលូកដៃរុញច្រានទ្វារដើម្បីស្រាយកៅស៊ូកង់ឡាន ដែលពួកចោរចងពីខាងក្រៅទ្វារផ្ទះរបស់គាត់ ក៏បានឃើញសម្ភារៈមួយចំនួននៅរាយប៉ាយខាងក្រៅផ្ទះ ដូចជាមួកកន្តឹបពណ៌ខ្មៅ១ ប្រអប់ដាក់ទូរស័ព្ទពណ៌ខ្មៅ ១ម៉ាក Iphone 11Pro ព្រមទាំងក្រដាសដាក់ស៊ីមថៃ ចំនួន១ ពណ៌ត្រួយចេក។

ដោយមានការសង្ស័យ ក៏ស្រែកហៅអ្នកជិតខាងមកមើល ទើបដឹងថា មានចោរលួចគាស់ផ្ទះ ទើបរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះពិនិត្យ។

លោកអធិការដ្ឋាននគរបាលស្រុក បញ្ជាក់ឱ្យដឹងទៀតថា ក្រោយពេលជនសង្ស័យឆ្លើយសារភាពរួចមក លោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ចាត់ការតាមច្បាប់ និងស្រាវជ្រាវតាមចាប់បក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនដើម្បីយកមកផ្តន្ទាទោសផងដែរ៕

RELATED ARTICLES