ខេត្តស្ទឹងត្រែង ៖ យុវតីរូបស្រស់ស្អាតកូនកាត់ខ្មែរឡាវម្នាក់ ក្រោយពីកើតមានជម្លោះពាក្យសម្តីជាមួយនឹងបងប្អូនបង្កើតរបស់ខ្លួនបន្តិចបន្តួច ស្រាប់តែឈឺចិត្តស្អិតទ្រូងរហូតដល់បែកគំនិតគិតខ្លី លេបថ្នាំសម្លាប់ខ្លួន តែសំណាងល្អត្រូវក្រុមគ្រួសារដឹងទាន់ដឹកបញ្ជូនទៅសង្គ្រោះជីវិតបានទាន់ពេលវេលា។

ករណីយុវតីចិត្តខ្លាំងលេបថ្នាំសម្លាប់ខ្លួន ព្រោះតែខូចចិត្តរឿងទាស់សម្តីជាមួយបងប្អូនតិចតួចនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង។
យុវតីរូបសស់គិតខ្លីខាងលើនេះ មានឈ្មោះថា ចេតនា អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ជាកូនកាត់ខ្មែរឡាវ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកឃុន វាសនា មេប៉ុស្តិ៍នគរបាលឃុំថ្មកែវ បានបញ្ជាក់ប្រាប់ថា ថ្នាំដែលយុវតីរងគ្រោះខាងលើលេបធ្វើអត្តឃាតនោះមិនមែនជាប្រភេទថ្នាំពុលទេ គឺជាថ្នាំសម្រាប់ព្យាបាល គ្រាន់តែនាងលេបច្រើនហួសកម្រិត ធ្វើឱ្យប៉ះពាល់ដល់សុខភាពរហូតសន្លប់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុក ព្រមទាំងមានការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ និងជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីសង្គ្រោះទាន់ពេលវេលា។
លោកមេប៉ុស្តិ៍ថ្មកែវ បានបញ្ជាក់ថា មូលហេតុដែលយុវតីខាងលើ គិតខ្លីដល់ថ្នាក់លេបថ្នាំក្នុងបំណងផ្តាច់ជីវិតខ្លួនឯងនេះ គឺដោយសារតែនាងកើតមានជម្លោះពាក្យសម្តីតិចតួចជាមួយប្អូនបង្កើត។ ដោយសារប្អូនស្រីបង្កើតរបស់នាងយកខ្សែករបស់នាងពាក់ ដោយមិនបានប្រាប់ ទើបធ្វើឱ្យនាងមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង រហូតឈានដល់ទាស់សម្តីគ្នា។

លុះទាស់សម្តីគ្នារួច យុវតីរងគ្រោះក៏ទៅយកថ្នាំលេបក្នុងបំណងផ្តាច់ជីវិតនៅក្នុងបន្ទប់របស់នាង ប៉ុន្តែត្រូវបានក្រុមគ្រួសារដឹងទាន់ក្នុងរយៈពេល១៥នាទីក្រោយ ក៏បានដឹកបញ្ជូនជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព រួចក៏ត្រូវសមត្ថកិច្ចជួយបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា រហូតបានធូរស្បើយ រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ៕