ខេត្តបាត់ដំបង ៖ គូស្នេហ៍វ័យក្មេងមួយគូទើបនឹងចេញពីជក់ថ្នាំញៀន ជិះម៉ូតូតាមផ្លូវ ឃើញបុរសម្នាក់កំពុងជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ ក៏បែកគំនិតឆក់យកទូរស័ព្ទ រួចព្យាយាមរត់គេចខ្លួន តែត្រូវម្ចាស់ទូរស័ព្ទជិះប្រដេញតាមប្រកិត ទើបភ័យពេកបោះទូរស័ព្ទចោល និងលើកដៃសំពះអង្វរម្ចាស់ទូរស័ព្ទ សុំរួចខ្លួន តែជនរងគ្រោះនៅបន្តប្រដេញតាមតែដេញមិនទាន់ ស្រាប់តែពាក់កណ្តាលអធ្រាត្រ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវក្របួចជាប់ទាំងគូតែម្តង។
ករណីគូស្នេហ៍ចេញឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវទៅប្រាសាទបាណន់ ត្រង់ចំណុចភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ជនសង្ស័យជាគូស្នេហ៍ដែលចេញឆក់បានសម្រេច តែរត់មិនរួច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះទាំងគូនេះ រួមមាន ទី១-ឈ្មោះជួន កក្កដា ហៅអាខ្មៅ ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិជ្រៃកោង សង្កាត់ស្លាកកែត ក្រុងបាត់ដំបង និងទី២-ឈ្មោះចិន លីម៉ា ហៅពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិចុងព្រែក សង្កាត់ក្តុលដូចទាវ ក្រុងបាត់ដំបង។
ចំណែកជនរងគ្រោះ មានឈ្មោះហេង សុខលេង ហៅចេម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ រីឯទូរស័ព្ទដែលជនសង្ស័យឆក់យកទៅម៉ាកសាំសុង។
លោកអូន ហ្វៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាព “ឆក់” ទូរស័ព្ទខាងលើនេះ ត្រូវកម្លាំងរបស់លោកធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅពេលយប់នៃថ្ងៃកើតហេតុ ព្រមទាំងដកហូតបានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខ ដែលជាមធ្យោបាយជិះធ្វើសកម្មភាព។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ គឺឈ្មោះជួន កក្កដា ហៅខ្មៅ ជាអ្នកឌុប ចំណែកគូស្នេហ៍ឈ្មោះចិន លីម៉ា ហៅពេជ្រ ជាអ្នកដៃដល់ “ឆក់”។ ប៉ុន្តែក្រោយពីឆក់បានសម្រេច ជនដៃដល់បានបោះទូរស័ព្ទចោលវិញ ដោយសារតែជនរងគ្រោះជិះម៉ូតូដេញតាមយ៉ាងប្រកិត។

លុះមកដល់ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ក្រោយពេលឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចបាននាំក្រុមជនសង្ស័យទាំង២ ទៅចង្អុលបង្ហាញទីតាំងដែលខ្លួនធ្វើសកម្មភាព និងបោះទូរស័ព្ទចោល ក្រោយពីឆក់បានពីជនរងគ្រោះ។
នៅកន្លែងកើតហេតុ ជនសង្ស័យទាំង២នាក់ បានសារភាពព្រមៗគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់មែន ពេលជនរងគ្រោះនោះកំពុងជិះម៉ូតូបណ្តើរ និយាយទូរស័ព្ទបណ្តើរ។
ជនសង្ស័យទាំង២នាក់ បានបញ្ជាក់ថា នៅមុនពេលធ្វើសកម្មភាព គឺពួកខ្លួនបាននាំគ្នាជក់ថ្នាំញៀន (ម៉ាទឹកកក) រួចស្រេចទៅហើយ លុះបន្ទាប់ពីជក់ថ្នាំរួច ពួកគេក៏ជិះម៉ូតុដឹកគ្នាចេញពីក្រុងបាត់ដំបង តាមផ្លូវឆ្ពោះទៅស្រុកបាណន់។ លុះជិះមកដល់ចំណុចកើតហេតុ ឃើញបុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិស ហើយកំពុងនិយាយទូរស័ព្ទផង ពួកខ្លួនក៏ជិះបកត្រឡប់ក្រោយវិញ លុះជិះតាមទាន់បុរសនោះ ពួកខ្លួនក៏ឆក់យកទូរស័ព្ទតែម្តង ដោយឈ្មោះពេជ្រ អ្នកអង្គុយក្រោយជាអ្នកឆក់។
តាមចម្លើយសារភាពរបស់ឈ្មោះចិន លីម៉ា ហៅពេជ្រ បានឱ្យដឹងថា ពេលដែលនាងឆក់បានទូរស័ព្ទភ្លាម ម្ចាស់ទូរស័ព្ទក៏បានជិះដេញពួកនាងយ៉ាងប្រកិតបំផុត លុះស្ថានភាពទាល់ច្រកបែបនេះ នាងក៏បោះទូរស័ព្ទទៅលើថ្នល់ឱ្យម្ចាស់វិញ ហើយថែមទាំងលើកដៃសំពះសុំទោសទៀតផង។ ប៉ុន្តែបុរសនោះមិនបានចុះរើសទេ គិតតែពីជិះម៉ូតូដេញតាមពួកនាង តែដេញមិនទាន់ ទើបពួកនាងបានគេចរួចខ្លួន ស្រាប់តែមកដល់ពាក់កណ្តាលអធ្រាត្រ ក៏ត្រូវសមត្ថកិច្ចចាប់ពួកនាងបានតែម្តង។

តាមប្រភពពីមន្ត្រីជំនាញ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង២នាក់នេះ ជាអ្នកសេពថ្នាំញៀនដូចគ្នា ហើយក៏ជាមុខសញ្ញាប្រព្រឹត្តអំពើចោរកម្មយ៉ាងសកម្មបំផុតដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវីធី៕